ពលរដ្ឋ​នៅ​ខេត្តសៀមរាប អាច​រក​ប្រាក់​ចំណូល​ពី​ការលក់​មាន់​អាំង​ដ៏​ឆ្ងុយឆ្ងាញ់​បាន​ក្នុង​មួយថ្ងៃៗ ពួក​គាត់​អាច​ទទួល​កម្រៃ​យ៉ាងហោច​ចាប់ពី ២០​ម៉ឺន​រៀល រហូតដល់​ទៅ ១​លាន​រៀល​ក៏មាន អាច​ផ្គត់ផ្គង់​គ្រួសារ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បាន​យ៉ាង​ស្រួល​

សៀមរាប​៖ ពលរដ្ឋ​នៅ​ខេត្តសៀមរាប អាច​រក​ប្រាក់​ចំណូល​ពី​ការលក់​មាន់​អាំង​ដ៏​ឆ្ងុយឆ្ងាញ់​បាន​ក្នុង​មួយថ្ងៃៗ ពួក​គាត់​អាច​ទទួល​កម្រៃ​យ៉ាងហោច​ចាប់ពី ២០​ម៉ឺន​រៀល រហូតដល់​ទៅ ១​លាន​រៀល​ក៏មាន​ដែរ អាច​ផ្គត់ផ្គង់​គ្រួសារ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បាន​យ៉ាង​ស្រួល​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២២​នេះ ស្ថិតនៅ​ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​៦ ក្បែរ​គល់​ស្ពាន​ក្អែក ក្នុងភូមិ​លលៃ ឃុំ​ប្រាសាទបាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ជា​ពិត​ណាស់​សម្រាប់​ថ្ងៃ​ធម្មតា ពួក​គាត់​អាច​លក់​មាន់​អស់​ចាប់ពី ៣០​ក្បាល រហូត​ទៅ​ដល់ ៤០​ក្បាល ក្នុង​មួយ​ថ្ងៃៗ តែ​បើ​ថ្ងៃ​សៅរ៍​ថ្ងៃអាទិត្យ ឬក៏​ថ្ងៃ​បុណ្យ​ទាន​នានា ពួកគាត់​អាច​លក់​បាន​រហូត​ដល់​ទៅ​ចំនួន ១០០​ក្បាល​ជាង​ឯណោះ​។​

​ប្អូនស្រី ចាប ច្រៀ​ប ជា​អ្នក​ប្រកប​មុខរប​លក់​មាន់​អាំង បាន​លើកឡើង​ថា ការលក់​មាន់​អាំង និង​គ្រឿងឧបភោគ​បរិភោគ​កន្ល​ង​មក​ក្នុង​មួយថ្ងៃៗ យើង​លក់ដាច់​គួរសម​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ល្អប្រសើរ​ជាង​មុន ការលក់​មាន់​អាំង​នេះ គឺ​យើង​លក់​អស់​រយ​:​ពេល​ជាង​៣​ឆ្នាំ​មកហើយ កាលពីមុន​ធ្លាប់​ធ្វើការ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប ប៉ុន្តែ​ប្រាក់ខែ​តិចពេក​មិនអាច​ផ្គត់ផ្គង់​គ្រួសារ​បាន​នោះ ទើប​សម្រេចចិត្ត​ផ្លាសប្តូរ​ពី​ការងារ​ងាក​មក​រកស៊ី​លក់​មាន់​អាំង​វិញ​។

​ជាមួយគ្នា​នោះ លោក ហេង សុខលី បានបង្ហាញ​ស្រដៀងៗ​គ្នា​ថា យើង​បាន​រកស៊ី​លក់​មាន់​អាំង​នេះ ជាច្រើន​ឆ្នាំ​មកហើយ យើង​ឃើញថា​មុខរប​មួយ​នេះ វា​មិន​ស្រួល​ហើយក៏​មិន​ពិបាក​ណាស់​ណា​ដែរ តែ​យើង​ទទួល​បាន​កម្រៃ​ទៅតាម​ភ្ញៀវ​ដែល​មក​ហូប​នៅ​ទីនេះ​ផ្ទាល់​តែម្តង បើ​មាន​ភ្ញៀវ​ច្រើន​យើង​លក់ដាច់​បាន​ច្រើន បើ​តិច​លក់​បាន​តិច​ប៉ុណ្ណោះឯង ប្រាក់​ចំណូល​ដែល​បានមក​ពី​ការលក់​មាន់​អាំង គឺ​យើង​បាន​បែងចែក​សម្រាប់​ប្រាក់ខែ​បុគ្គលិក សម្រាប់​ឲ្យ​កូនរៀនសូត្រ នឹង​ទូទាត់​ប្រាក់​ដើម​ដែល​យើង​បាន​ចំណាយ​ទៅលើ​គ្រៀង​ឧបភោគ​បរិភោគ ក្រៅពីនោះ នៅសល់​ប៉ុន្មាន គឺ​ទុក​ធ្វើ​ដើមទុន​បន្ត​មុខរប​នេះ​ទៀត ពាក់ព័ន្ធ​នឹង​សេវាកម្ម​មិនមាន​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ កន្លែង​យើង​រុះ​រាយ​រាក់ទាក់​ភ្ញៀវ ជាពិសេស តម្លៃ​សមរម្យ មាន​អនាម័យ​ល្អ បរិស្ថាន​ល្អ របស់រប​វិច​ខ្ចប់​ដោយ​ស្លឹក​ឈូក​ដ៏​ប្រណិត​គួរឲ្យ​ទាក់ទាញ​។

​ទន្ទឹមនឹងនោះ ភ្ញៀវ​ជាច្រើន​ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​តាម​ស្រុក​ប្រាសាទបាគង​តាម​ផ្លូវជាតិ​លេខ​៦ ជាប់​កន្លែង​លក់​មាន់​អាំង​នៃ​ខេត្តសៀមរាប តែងតែ​លើកឡើង​ថា មាន់​អាំង​នៅ​ទីនោះ ឆ្ងុយឆ្ងាញ់ៗ មិន​ដាច់​ពី​មាត់​ឡើយ រស់ជាតិ​អាច​ទទួលយកបាន ហើយ​ការរៀបចំ​តុបតែង​ដាក់​ម្ហូប​ដាក់​បាយ​ដោយ​កន្ត្រក​ទ្រាប់​ស្លឹក​ឈូក​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​។ គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២០​កន្លងមក​នោះ ដែល​អាជ្ញាធរ​ខេត្ត បានរៀបចំ​ជា​ព្រឹត្តិការណ៍​សំរាក​សៀមរាប គឺ​មាន​កម្មវិធី​ប្រកួត​មាន​អាំង​ដ៏​ឆ្ងុយឆ្ងាញ់​នៃ​ខេត្ត​សៀមរាប ក្នុង​ពិធី​នោះ ក៏​មាន​ចុងភៅ​មកពី​តំណាង​១២​ក្រុង ស្រុក បាន​ចូលរួម​ជា​គណៈកម្មការ​ដាក់ពិន្ទុ ជា​លទ្ធផល​ក្រុម​ចុងភៅ​តំណាង​មកពី​ស្រុក​បន្ទាយស្រី​ជាប់​ចំណាត់ថ្នាក់​លេខ​១ , ខណ​:​លេខ​២ បាន​ទៅ​ស្រុក​សូទ្រនិគម និង​ក្រុង​សៀមរាប​ចំណាត់ថ្នាក់​លេខ​៣​។

​សម្រាប់​ពានរង្វាន់​ក្នុង​ការប្រកួត​នោះ​៖ ក្រុម​លេខ​១ ទទួលបាន​ពាន ១, ប័ណ្ណសរសើរ ១ និង​ទឹកប្រាក់ ២​លាន​រៀល ,​ក្រុម​លេខ​២ ទទួលបាន​ពាន​១ ,​ប័ណ្ណសរសើរ ១ និង​ទឹកប្រាក់ ១.៥​លាន​រៀល និង​ក្រុម​លេខ​៣ ទទួលបាន​ពាន ១, ប័ណ្ណសរសើរ ១ និង​ទឹកប្រាក់ ១​លាន​ផង​ដែរ​។ ព្រឹត្តិការណ៏​នេះ វា​បាន​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ការដើរ​កំសាន្ត​ក្នុង​ថ្ងៃ​ឈប់សំរាក​សង​ជំនួស​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ដែល​ត្រូវបាន​អនុញ្ញាតិ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​៕