​ខេត្ត​កំពត​មាន​ករណី​វិជ្ជ​មានកូ​វីដ​១៩​ប្រភេទ​អូ​មី​ក្រុង​៥​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ​

​បើ​តាម​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត​បាន​ប្រាប់ឲ្យដឹង​ថា ស្ថានភាព​កូវី​ដ​១៩​មាន​សភាព​ល្អប្រសើរ​ស្ទើរ​គ្មាន​អ្នក​ឆ្លង​ថ្មី​ទេ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ក្រុម​គ្រូពេទ្យ​បាន​រកឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​ចំនួន​ប្រាំ​ករណី និង​បាន​យក​អ្នកពាក់ព័ន្ធ​ទៅពិនិត្យ​ប៉ុន្តែ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។ បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​៥​នាក់​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ​។

​ប្រធាន​ការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​ក្រុមការងារ​ឆ្លើយតប​បន្ទាន់កូ​វីដ​១៩​ខេត្ត​កំពត លោក ហេង ចាន់ថា បាន​ប្រាប់ឲ្យដឹង​ថា រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២២​នេះ ខេត្ត​កំពត​បាន​រកឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​ចំនួន​៥​នាក់​។ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ដាក់​គាត់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ ហើយ​ស្ថានភាព​សុខភាព​ពួកគាត់​ទាំង​៥​នាក់​ល្អ​ជា​ធម្មតា​។

​លោក​បាន​បញ្ជាក់ថា​ចំពោះ​អ្នកពាក់ព័ន្ធ មកដល់​ថ្ងៃនេះ មន្ត្រី​ជំនាញ​បាន​យក​សំណាក់​មួយចំនួនធំ ហើយ​មិន​មាន​អ្នក​ម្នាក់​វិជ្ជមាន ឬ​ឆ្លង​នោះទេ ។​
​ដោយឡែក​ចំពោះ​ការត្រៀម​រៀបចំ​កន្លែង​ព្យាបាល ខេត្ត​បាន​យក​មន្ទីរពេទ្យបង្អែក​ទាំ​ង​អស់​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ធ្វើជា​មណ្ឌល​សម្រាប់​ព្យាបាល ប្រសិនបើ​មាន​ករណី​ឆ្លង​ច្រើន ចំណែក​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​មួយចំនួន ត្រូវ​បាន​បិទ​ដោយសារ​អត់​មាន​អ្នកជំងឺ​។ លោក​មាន​សុទ្ធិដ្ឋិនិយម​ថា ខេត្ត​កំពត​នឹង​មិន​មាន​ករណី​ឆ្លង​ថ្មី​បន្ថែម​ទៀត​នោះទេ ដោយសារ​ពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន​២​ដង ឬ​៣​ដង​រួម​អស់ហើយ ម្យ៉ាង​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន ពិសេស​នៅ​ទីប្រជុំជន និង​នៅតាម​ផ្សារ ប្រពល​រដ្ឋ និង​អាជីវករ​រក្សា​វិធាន​បី​ការ​ពរ និង​បី​កុំ​បានល្អ​។ យ៉ាងណាក៏ដោយ លោក​នៅតែ​បន្ត​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​បន្ត​ចូលរួម​បង្កើន​ការប្រុងប្រយ័ត្ន​ថែម​ទៀត ពិសេស​ត្រូវ​ចេះ​រស់នៅ​ឲ្យមាន​អនាម័យ រស់នៅ​ធម្មតា​ក្នុង​បែប​គន្លង​ថ្មី រក្សា​ឲ្យបាន​នូវ​វិធាន​៣​កុំ និង​៣​ការពារ​។

​ប្រធាន​ការិយាល័យ​បច្ចេកទេស និង​ជា​ប្រធាន​ក្រុមការងារ​ឆ្លើយតប​បន្ទាន់កូ​វីដ​១៩​ខេត្ត​រូបនេះ បាន​ប្រាប់​ឲ្យដឹង​ផងដែរ​ថា ខេត្ត​កំពត​មាន​អ្នកជំងឺ​កូវី​ដ​១៩​សរុប​ចំនួន ៥៥៩០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៣១២៧​នាក់​៕