ទីបំផុត នគរបាល​ស្រុក​ឱ​រ៉ាល់​បំបែក​ករណី​ឃាតកម្ម​បាន​ហើយ ជនដៃដល់​ជា​កូនចុង​

កំពង់ស្ពឺ​៖ ទីបំផុត​កម្លាំង​នគរបាល​ជំនាញ​បាន​បំបែកសំណុំរឿង​ឃាតកម្ម​កាប់​បុរស​ម្នាក់​ដែល​កំពុង​លើ​ម៉ូតូ​មើល​គេ​រាំ​ក្នុង​ពិធីបុណ្យ​ភូមិ​(​ដា​លាន​)​បាន​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២២ នៅក្នុង​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ឱ​រ៉ាល់​បានឱ្យដឹងថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ផ្លេ​ង កំសត់ ហៅ​អា​ឈ្លូស ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជា​កូនចុង​របស់​ជនរងគ្រោះ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​កាប់​ឪពុកចុង​ឱ្យស្លាប់​នេះ​គឺ​ដោយសារ​តែ​ឪពុកចុង​រូប​នេះ​តែងតែ​វាយ​ធ្វើបាប​ម្តាយ​របស់​ខ្លួន​ញឹក​ញ៉ាប់​ពេក មិនតែប៉ុណ្ណោះ​ឪពុកចុង​រូបនោះ ក៏​ធ្លាប់​គំរាមកំហែង​រក​កាប់​សម្លាប់​ទៅលើ​ជីតា​ឈ្មោះ ផ្លេ​ង និង ឪពុកមា របស់​ខ្លួន​ឈ្មោះ ផ្លេ​ង តៅ ថែមទៀត​ផង​។​ក្នុងនាម​ខ្លួន​ជា​កូនប្តី​ដើម​ឃើញ​ឪពុកចុង​ធ្វើបាប​ម្តាយ​ខ្លួន រូបគេ​មាន​ការឈឺចាប់​ខ្លាំង​ទើប​សម្រេចចិត្ត​រក​ឱកាសល្អ​សម្លាប់ចោល​តែម្តង​។​

​ជនសង្ស័យ​ឈ្មោះ ផ្លេ​ង កំសត់ ហៅ​អា​ឈ្លូស បាន​សារភាព​ទៀតថា ដោយ​ឃើញ​ឱកាសល្អ ក្នុង​ភូមិ​មាន​រៀបចំ​បុណ្យ​ភូមិ​(​ដា​លាន​)​គេ​មាន​រៀបចំ​ពិធី​រាំរែក​និង​មាន​មនុស្សម្នា​ច្រើន​ដើរលេង ហើយ​ស្របពេល​ដែល​ឪពុកចុង​ចេញទៅ​ដើរ​លេង​ដែរ​និង​ខ្វះ​ការ​ប្រុងប្រយត្ន័ ។​ជា​ឱកាស​ឃើញ​ឪពុកចុង​អង្គុយ​លើ​ម៉ូតូ​ម្នាក់​ឯង​នៅ​ដាច់​ពី​គេ ខ្លួន​ក៏​រត់​ទៅ​យក​កាំបិតផ្គាក់​មក​កាប់​ពីក្រោយ​ចំ​កញ្ចឹងក​តែម្តង ក្រោយ​ធ្វើ​សកម្មភាព​រួច​ក៏​គេចខ្លួន​តែ​ម្តង​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២២​កន្លងទៅ ត្រង់​ចំណុច​រោង​ប្រជុំ​ភូមិ​ស្រែ​កិន​ស្ថិតនៅ​ភូមិ​ស្រែ​កិន ឃំ​ុ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ស្រី វ៉ាត​ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​កិន ឃំ​ុ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ាល់​ខេត្តកំពង់ស្ពឺ ចំ​កញ្ចឹង ក​ពីក្រោយ​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ខណៈ​ដែល​ជនរងគ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​មើល​គេ​រាំវង់​កម្មវិធី​បុណ្យ​ដា​លាន​ភូមិ​។ ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ការិយាល័យ​កម្រិតធ្ងន់​ខេត្ត​កំពង់ស្ពឺ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ជោ និង​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ការពារ​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​និង​កំណត់​មុខសញ្ញា​ដើម្បី​ស្វែងរក​ចាប់ខ្លួន​៕