​គំរោង​សាកល្បង​ចំនួន ២ ដើម្បី​ជួយ​ប្រជាជន ក្រ ១ និង​ក្រ​២ នៅ​ឃុំ​តា​អាន និង​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប បានចាប់ផ្តើម​ដំណើរការ​ហើយ ដែល​គំរោង​នោះ​រួមមាន​៖ ១-​គំរោងការ​ចិញ្ចឹម​កង្កែប​ចំនួន ៥០០ ក្បាល ២-​គំរោង​ដាំ​ឬ​ស្សីផ្អែម

កម្មវិធី​ឧបត្ថម្ភ​ធន​ក្នុង​គំរោង​សាកល្បង​ចំនួន ២ ដើម្បី​ជួយ​ប្រជាជន ក្រ ១ និង​ក្រ​២ នៅ​ឃុំ​តា​អាន និង​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប បានចាប់ផ្តើម​ដំណើរការ​ហើយ ដែល​គំរោង​នោះ​រួមមាន​៖ ១-​គំរោងការ​ចិញ្ចឹម​កង្កែប​ចំនួន ៥០០ ក្បាល ២-​គំរោង​ដាំ​ឬ​ស្សីផ្អែម ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម ជា ច័ន្ទ​បរិបូណ៌ រដ្ឋលេខាធិកា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រុម​ការងារ​រដ្ឋបាល​ស្រុក​ក្រឡាញ់​ដឹកនាំ​ដោយ​ឯកឧត្តម សំ ផូត ទីប្រឹក្សា​ក្រសួង​ព័ត៍មាន លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ និង​មន្ត្រីរាជការ​ក្រោម​ឪ​វាទបាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មើល​ការចាប់ផ្តើម​ដាក់​ចិញ្ចឹម​កូន​កង្កែប​ជាច្រើន​រយ​ក្បាល​ដែល​បាន​ផ្តល់ឲ្យ​ដល់​បងប្អូន​ប្រជាជន ក្រ ១ និង​ក្រ​២ នៅក្នុង​ឃុំ​ខាងលើ​។

​ក្នុងឱកាស​នោះ លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ មាន​ប្រសា​ស​ន៏​ថា ចំពោះ​គ្រួសារ​ក្រ​១ និង​ក្រ​២ ចំនួន ១០​គ្រួសារ​ដើម្បី​ធ្វើជា​គំរូ​សាកល្បង តាមរយៈ​ការផ្តល់​ទុន​ចំណាយ​ដំបូង​សម្រាប់​ឱ្យ​ពួកគាត់ សាកល្បង នៃ​គំរោង​ចំនួន​២ គឺ ចិញ្ចឹម​កង្កែប និង​ដាំ​ឬ​ស្សីផ្អែម ដើម្បី​ជួយ​ប្រជាជន ក្រ ១ និង​ក្រ​២ នៅក្នុង​ឃុំ​តា​អាន និង​ឃុំ​ក្រឡាញ់​ជា​លក្ខណៈ​គ្រួសារ ដោយ​ជ្រើសរើស​យក​គ្រួសារ​ក្រីក្រ ចំនួន ១០​គ្រួសារ​ជា​គ្រួសារ​សាកល្បង​។ ក្នុង​១​គ្រួសារ​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ធន​ចំនួន ៣៥៣.០០០​រៀល ដើម្បី​ចិញ្ចឹម​កង្កែប ដែល​មាន​ចំនួន ៥០០​ក្បាល ក្នុងនោះ សម្រាប់​ចំណាយ​ទៅលើ​ការធ្វើ​ទ្រុង​ចំនួន ៤៣,០០០៛ ចំណាយ​ថ្លៃ​កូន​កង្កែប​ចំនួន​១៥0,000៛ កូន​មួយ​តម្លៃ​៣០០៛ និង​ថ្លៃ​ចំណី​រយៈពេល​៥០​ថ្ងៃ ២​កា​រ៉ុង ក្នុង​មួយ​កា​រ៉ុង​តម្លៃ​ចំនួន ៨0,000៛×២=១៦0,000៛ និង​ផ្តល់​គ្រូ​បង្គោល​ផងដែរ​។ លោកស្រី បន្តថា ចំពោះ​ការចិញ្ចឹម​នេះ នៅពេល​យើង​បាន​ប្រមូល​ផល​កង្កែប​យើង​នឹង​រក​ទីផ្សារ​ឲ្យ​ពួកគាត់ មិនចាំបាច់​ភ័យខ្លាច​អត់​ទីផ្សារ​ឡើយ សំខាន់​គឺ​ប្រជាពលរដ្ឋ​ពួកគាត់​អាចធ្វើ​បាន ការចិញ្ចឹម​កង្កែប​ប្រជាពលរដ្ឋ (​ក្រ​១ ក្រ​២) ដែល​ឯកឧត្តម បាន​ឧបត្ថម្ភ​ជួយ​ចេញ​ដើមទុន​សម្រាប់​ចិញ្ចឹម​កង្កែប និង​ឬ​ស្សីផ្អែម ហើយ​បងប្អូន​យើង​គ្រាន់តែ​ចេញ​កម្លាំង និង​ការ​មើលថែ​នៅពេល​ប្រមូល​ផល​ប្រាក់ចំណេញ​ប្រមូល​យក​ខ្លួន​ឯង​ប៉ុណ្ណោះ រីឯ​ដើមទុន​ត្រូវ​ទុក​ចិញ្ចឹម​បន្តទៀត​។ ចំណែកឯ​គ្រូ​បង្គោល​ចំនួន​២​រូប គឺ​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៌ បាន​ជ្រើស​ចេញ​អំពី​ចលនា​ប្រឡងប្រណាំង​ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​កំដរ​ឆ្នាំង ដែល​ឯកឧត្តម​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ​នៅ​ស្រុក​ក្រឡាញ់​នោះ​។ ដោយឡែក គំរោង​ដាំ​ឬ​ស្សី ទំពាំង​ផ្អែម ដែល​សាកល្បង​នៅ ឃុំ​ក្រឡាញ់​ស្រុក្រ​ឡាញ់​ខេត្តសៀមរាប ក៏​ប្រហាក់ប្រហែល​និង​គម្រោង​កង្កែប ៥០០ ក្បាល​ដែរ ដែល​ធ្វើ​ឡើង​លើ​ក្រុម​គោលដៅ ក្រ​១ ក្រ​២ ដើម្បី​អោយ​គាត់​យក​ពូជ​ឬ​ស្សីផ្អែម​ដែល​គ្រូ​បង្គោលបាន​ផ្សាំ ហើយ​យក​ទៅ​ដាំ​តាម​ភូមិ​របស់​ខ្លួន​ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន លុះ​ក្រោយ​ពី​បាន​ផល មេក្រុម​ដើរកាត់​ហើយ​ផ្តល់​តម្លៃ​ទីផ្សារ​ជាក់ស្តែង ទៅតាម​ចំនួន​គី​ឡូ ដែល​ពួក​ពួក​ម្នាក់ៗ​មាន ហើយ​គ្រូ​បង្គោល​យក​ទៅ​បោះ​ដុំ​អោយ ម៉ូយ​បន្តទៀត​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ នៅក្នុង​ស្រុក​ក្រឡាញ់​មាន​ប្រជាពលរដ្ឋ​ចិញ្ចឹម​កង្កែប ជា​លក្ខណៈ​គ្រួសារ ចំនួន​ពីរ​ឃុំ ស្នើ​នឹង ០៥ ភូមិ សរុប ៣១​នាក់ ស្រី ១១​នាក់ ក្នុងនោះ​ជារួម​មាន​៖ ១-​ឃុំ​ស្រ​ណា​ល មាន​ចំនួន ០៣ ភូមិ គឺ​ភូមិ​គោ​កចាស់ សរុប ១៨ នាក់ ស្រី ០៧ នាក់ ភូមិ​ស្លែង សរុប ០៩ នាក់ ស្រី ០៤ នាក់ ភូមិស្រ​ណា​ល សរុប ០២ នាក់ ស្រី ០០ នាក់​។ ២- ឃុំ​តា​អាន មាន​ចំនួន ០២ ភូមិ គឺ​ភូមិ​តា​អាន ចំនួន ០១ នាក់ ស្រី ០១ នាក់ ភូមិ​ក្ដុល ចំនួន ០១ នាក់ ស្រី ០០ នាក់​៕