​អភិបាល​ខេត្ត​កំពង់ធំ បាន​បំផុសស្មារតី​ដល់​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ស្រទាប់​យុវជន អោយ​ចេះ ស្រឡាញ់​ធនធានធម្មជាតិ ព្រៃឈើ និង​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ជួយ​លើកកម្ពស់ តម្លៃ​នៃ​បរិស្ថាន​ជាតិ !

ខេត្ត​កំពង់ធំ​៖ អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ បាន​ថ្លែង​បែបនេះ នៅក្នុង​ពេល​ដែល​លោក បាន​ដឹកនាំ​មន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំង​ទាំង​៣ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ នាំយក​កូន​ឈើប្រណិត និង​កូន​ចម្រុះ​ច្រើន​ប្រភេទ​ទៀត ជិត​៣​ម៉ឺន​ដើម ទៅ​ដាំ​នៅក្នុង​តំបន់​សហគមន៍​ព្រៃឈើ​មួយ ស្ថិតនៅក្នុង ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០២០​។​

​ការនាំ​កូនឈើ​ចម្រុះ​ទាំង​ជិត​៣​ម៉ឺន​ដើម ទៅ​ដាំ​នៅក្នុង​ពេល​នោះ គឺ​បាន​ធ្វើឡើង​ក្រោម​កិច្ចសហការ រវាង​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត និង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ក្រោម​ការណែនាំ​ពី​រដ្ឋបាល ខេត្ត​កំពង់ធំ​។ ហើយ​កូន​ឈើប្រណិត និង​កូនឈើ​ចម្រុះ​ដែល​ត្រូវ​ដាំ​នៅក្នុង «​តំបន់​សហគមន៍​ព្រៃឈើ ស្រែ​ក្រសាំង​» នៅក្នុង​ពេល​នោះ គឺ​មាន​ចំនួន ២​ម៉ឺន ៥​ពាន់ ៧០០​ដើម​។​

​អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ បាន​មានប្រសាសន៍ថា ប្រពៃណី​ដាំ​កូនឈើ គឺជា​ស្នា​ព្រះហស្ត​ដែល​បាន​បន្សល់​ទុក​ដោយ សម្តេចព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ដែល​ឲ្យឈ្មោះ​ថា «​រុក្ខ​ទិវា​» ហើយ​ពិធី​ដាំ​កូន​ឈើ​នេះ ត្រូវបាន​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ បាន​កំណត់​យ៉ាង​ជាក់លាក់ ដើម្បី​ប្រារព្ធ​ពិធី​ដាំ​កូនឈើ​នេះ ជា​រៀងរាល់ឆ្នាំ នៅ​ទូទាំង​ប្រទេស​។ លោក​អភិបាលខេត្ត បាន​បន្តទៀតថា គោលបំណង​សំខាន់ នៃ​ការដាំដុះ​ដើមឈើ​នេះ គឺ​ដើម្បី​ស្តារ​ព្រៃឈើ ដែល​បាន​បាត់បង់​ឡើងវិញ សម្រាប់ ជា​ប្រភព​ទឹកសាប​ប្រើប្រាស់ ព្រោះ​ព្រៃឈើ​មាន​សារៈសំខាន់ និង​ផលប្រយោជន៍​ខ្លាំងណាស់ ចំពោះ​មនុស្ស សត្វ និង​បរិស្ថាន ។ លោក​បាន​បន្តថា ព្រៃឈើ​មិន​ត្រឹមតែ​ជួយ​ដល់​មនុស្ស សត្វ និង​បរិស្ថាន ប៉ុណ្ណោះ​ទេ ប៉ុន្តែ ព្រៃឈើ​ជា​របាំង​ខ្យល់ ទប់ស្កាត់​ការ​សឹករេចរឹល ព្រៃឈើ​ការពារ​នូវ​ការហូរ​ច្រោះ ទប់ស្កាត់​ការបាក់ ស្រុត​ផ្សេងៗ ការពារ​គ្រោះធម្មជាតិ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និង​ព្រៃឈើ​បានផ្តល់ នូវ​សោភ័ណ្ឌភាព ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​កាន់តែច្រើន ហើយ​ព្រៃឈើ​ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់ ដល់​ប្រជា​សហគមន៍ និង​សង្គមជាតិ​ទាំងមូល​។​

​លោក សុខ លូ បាន​ថ្លែង​បំផុស​ស្មារតី ដល់​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន និង​សិស្សានុសិស្ស ត្រូវ​ចេះ​ស្រឡាញ់​ធនធានធម្មជាតិ ជីវៈចម្រុះ ជួយ​ថែរក្សា និង ការពារ​ព្រៃឈើ ត្រូវ​ឈប់​កាប់​ដើមឈើ ហើយ​ត្រូវ​ងាក​មក​សហការ​រួមគ្នា ដាំ​កូន​ឈើ​ឡើងវិញ ដើម្បី​លើក ស្ទួយ​តម្លៃ​បរិស្ថាន​ជាតិ អោយ​ល្អ​ផូរផង់​។ ម្យ៉ាង​ព្រៃឈើ បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ដល់​ប្រជាពលរដ្ឋ ក្នុង​ការរស់នៅ​ប្រចាំ ថែម​ផង​ទៀត​។​

​លោក​អភិបាលខេត្ត បានចាត់ទុក​ការដាំ​ដើមឈើ​ឡើងវិញ​នេះ គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​ការខិត ខំ​ប្រឹងប្រែង​យ៉ាង​សកម្ម របស់​យើងទាំងអស់គ្នា នៅ​ក្នុង​ការស្តារ​គម្រប​ព្រៃឈើ​ឡើងវិញ ធ្វើឲ្យ​មាន​ពណ៌ បៃតង និង​ដើម្បី​រក្សាបាន នូវ​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​បញ្ហា​ប្រឈម និង​ជា​កង្វល់​រួម​ដ៏​ធំ​មួយ​របស់ ពិភពលោក ដោយសារ​តែ​បណ្ដា​ប្រទេស​ជឿនលឿន​ជាច្រើន បាន​បញ្ចេញ​ឧស្ម័ន​ពុល ឧស្ម័ន​ផ្ទះ​កញ្ចក់​យ៉ាង ច្រើន​សន្ធឹកសន្ធាប់ ក្នុង​នោះ​កម្ពុជា និង​បណ្ដា​ប្រទេស កំពុងអភិវឌ្ឍន៍​ដទៃទៀត បាន និង​កំពុង​រងគ្រោះ​យ៉ាង ខ្លាំង និង​បាន​ធ្វើឲ្យ​កំដៅ​នៅ​លើ​ផែនដី​មាន​ការកើនឡើង​ជា​លំដាប់​។ លោក​បាន​បញ្ជាក់ថា ការដាំ​ដើមឈើ គឺ​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការជួយ​ថែរក្សា ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី តាមរយៈ​ការជួយ​ធ្វើ​និយ័តកម្ម អាកាសធាតុ ជួយ​កាត់​បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ ការ​ស្រូបយក​ឧស្ម័ន​កាបូនិច​ពី​បរិយាកាស និង​ការពារ​បាន នូវ​គ្រោះ​រាំងស្ងួត ផង​ទៀត​។​

​អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា ការពារ​ព្រៃឈើ ធនធានធម្មជាតិ និង​បរិស្ថាន ដែល​នៅ​សេសសល់​ចុងក្រោយ​នេះ ដើម្បី​ជា​ប្រយោជន៍ ដល់​ការរស់នៅ​របស់​ខ្លួនឯង សហគមន៍ ជីវិត​សត្វព្រៃ និង​ប្រព័ន្ធ​ជីវៈចម្រុះ​គ្រប់​ប្រភេទ ជាដើម​។​ល​។​

​គួរបញ្ជាក់​ថា សហគមន៍​ព្រៃឈើ ដែល​ស្ថិត​នៅក្នុង​ខេត្ត​កំពង់ធំ មាន​ចំនួន ៨៣​សគម​ន៍ ហើយ​កូន ឈើ​ទាំង​២​ម៉ឺន ៥​ពាន់ ៧០០​ដើម​នេះ ត្រូវ​នាំយក​ទៅ​ដាំ​លើ​ផ្ទៃដី ១​ពាន់ ២៦១​ហិច​តា និង​៥​អារ នៃ​ទំហំ​ផ្ទៃ​ដី​សហគមន៍​ព្រៃឈើ សរុប ៤០​ហិច​តា ៕