​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ត្រូវ​គោរព​តាម​គោលការណ៍​និង​ការកំណត់​របស់​សេវា​និមួយៗ​

អភិបាល​ខេត្ត​កំពត​បា​ន​ជំរុញ​ឲ្យ​មន្ត្រី​បម្រើ​ការងារ​នៅក្នុង​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ដោយ​គោរព​តាម​គោលការណ៍ និង​ការកំណត់​របស់​សេវា​និមួយៗ ស្របតាម​ច្បាប់​កំណត់​។ ក្នុងករណី​មាន​ភាពមិនប្រក្រតី​កើតឡើង​ក្នុង​ការផ្តល់​សេវា ឯកឧត្តម​ក៏​បាន​ស្នើ​ដល់​ពលរដ្ឋ​គ្រប់រូប​ត្រូវ​ហ៊ាន​រាយការណ៍​ទៅ​រដ្ឋបាល​ខេត្ត ឬ​រូបលោក​ផ្ទាល់​តាមរយៈ​លេខ​ទូរស័ព្ទដៃ ដើម្បី​មាន​ចំណាត់ការ​។

​ការ​ថ្លែង​បញ្ជាក់ នៅក្នុង​ឱកាស នៃ​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​កំពង់ត្រាច​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ខែកក្កដា​ឆ្នាំ ២០២០ ឯកឧត្តម​ជាវ តា​យ អភិបាល​ខេត្ត​កំពត​មានប្រសាសន៍ថា ការធ្វើកំណែទម្រង់​អភិបាលកិច្ច​ល្អ គឺជា​កិច្ចកា​រងារ​ចម្បង​មួយ ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​។ ក្នុងនោះ ការបង្កើត​ឲ្យមាន​ការិ​យាល័យ​ច្រក​ចេញចូល​តែមួយ ក៏​ជា​ចក្ខុវិស័យ​នៃ​គោលនយោបាយ​សេវាសាធារណៈ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យភាព​នៃ​ការផ្ដល់សេវា ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជូន​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តទៀតថា ក្រោយពេល​ធ្វើ​ការពិសោធ​ន៍​នា​រយៈពេល​កន្លងមក ឃើញថា​ការងារ​ផ្តល់​សេវា​តាមរយៈ​ច្រកចេញចូល​តែ​មួយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ទើប​រាជរដ្ឋាភិបាល​បាន​បង្កើត​ច្រក​ចេញចូល​តែមួយ ឲ្យបាន​គ្រប់​បណ្តា​ស្រុក​ទាំងអស់​នៅ​ទូទាំង​ប្រទេស ជា​ជំ​ហ៊ានៗ​។

​ឯកឧត្តម​បាន​បញ្ជាក់ថា ដើម្បីឲ្យ​ការងារ​បម្រើសេវា​ទទួលបានល​ទ្ធ​ផល​ល្អ​ប្រសើរ ឆ្លើយ​តាម​ការចង់បាន​របស់​ពលរដ្ឋ និង​ប្រមុខ​រាជរដ្ឋាភិបាល មន្ត្រី​បម្រើ​ការងារ​ក្នុង​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ តាម​គោលការណ៍​ណែនាំ និង​ការកំណត់​របស់​សេវា​និមួយៗ​ឲ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់កំណ​ត់​។

​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ជា​បណ្តំ​នៃ​ការផ្ដល់​សេវា​លើ​វិស័យ​ជាច្រើន​នៅ​កន្លែង​តែ​មួយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ឆ្លើយតប​ទៅ​និង​តំរូវការ​របស់​ប្រជាពលរដ្ឋ​ទាន់ពេលវេលា ហើយ​បច្ចុប្បយន្ត​ការ​នេះ​បាន​ដាក់ឲ្យ​ដំណើរការ និង​ផ្ដល់​សិទ្ធិ​សម្រេច និង​ការទទួលខុសត្រូវ​កាន់​តែ​ច្បាស់លាស់ ដល់​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។
​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​ផ្តល់​សេវា​រដ្ឋបាល​ចាំបាច់​ចំនួន​១៤​វិស័យ ក្នុងនោះ​មាន​វិស័យ​ជំនាញ ១០​ត្រូវបាន​ប្រតិភូកម្ម ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង វិស័យ​៤​ទៀត​ផ្តល់ជូន​ដោយផ្ទាល់ មាន​ការងារ​នីត្យានុកូល​កម្ម ការងាររដ្ឋបាល ការងារ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​ពុំ​ទាន់​ចុះបញ្ជី និង​ការងារ​អត្រានុកូលដ្ឋាន​៕