​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​អញ្ជើញ​ចែក​ប័ណ្ណ​សមធម៌ ជូន​គ្រួសារ​ក្រីក្រ​នៅក្នុង​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច​

ព្រឹក​ថ្ងៃ​សុក្រ ៤ កើត​ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អមដំណើរ​ដោយ ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​គណៈ​អភិបាលស្រុក​មន្ត្រី​រាជកា​រ សាលា​ស្រុក​កំពង់ត្រាច​បាន​អញ្ជើញ​ចូលរួម​ចែក​ប័ណ្ណ​សមធម៌​ជូន​គ្រួសារ​ក្រី​ចំនួន ៦២ គ្រួសារ ស្ថិតនៅក្នុង​ភូមិ​ទាំង​៥ នៃ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ។​

​ក្រោយពី​ស្តាប់​សេចក្តីរាយការណ៍​សង្ខេប​របស់ ឯកឧត្តម មឿង គង្គា ប្រធាន​មន្ទីរ​ផែនការ​ខេត្ត ពី​ដំណើរការ​នៃ​ការកំណត់​អត្ត​សញ្ញា​កម្ម​គ្រួសារ​ក្រីក្រ​ឃុំ​ស្វាយ​ទង​ខាងត្បូង រួចមក ឯកឧត្តម ជាវ តា​យ បាន​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​បងប្អូន​គ្រួសារ​ក្រីក្រ ដែល​មក​ទទួល​ប័ណ្ណ​សមធម៌​នាពេល​នេះ​ថា​៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់ និង​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​លើ​វិស័យ​សង្គមកិច្ច និង​សេវា​គាំពារ​សង្គម ជាពិសេស​ដំណាក់កាល​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ កូវី​ដ​-១៩ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​វិស័យ​ជាច្រើន ជាពិសេស​វិស័យ​សេវាកម្ម នាំឲ្យ​បាត់បង់​ការងារ​ខ្លះ​របស់​ប្រជាពលរដ្ឋ ដើម្បី​ជួយ​ស្រោចស្រង់​វិស័យនេះ សម្តេច​បាន​បញ្ចេញ​នូវ​សាច់ប្រាក់​ផ្តល់ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ការកំណត់​អត្ត​សញ្ញា​កម្ម​គ្រួសារ​ក្រីក្រ​។

​ដោយឡែក នៅ​ឃុំ​ស្វាយ​ទង​ខាងត្បូង ការកំណត់​នូវ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​បាន​ធ្វើឡើង​ត្រឹមត្រូវ មាន​តម្លាភាព និង​មាន​សមធម៌ នៅក្នុង​ដំណាក់កាល​កូវី​ដ​-១៩ នេះ ជា​លទ្ធផល​ក្រុមការងារ​កំណត់​បាន​នូវ​គ្រួសារ​ដែល​ក្រីក្រ​ពិតប្រាកដ​ចំនួន ១១០​គ្រួសារ ក្រ​ប្រភេទ​មួយ ចំនួន ២៨​គ្រួសារ ក្រ​ប្រភេទ​ពីរ ចំនួន​៨២​គ្រួសារ អាជ្ញាធរ​ឃុំ បាន​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​កន្លងមក​បាន​ចំនួន ៤៨​គ្រួសារ​រួច​មក​ហើយ និង​នៅ​ពេល​នេះ ចែកជូន ចំនួន ៦២​គ្រួសារ​បន្ថែមទៀត​ដោយ​ក្នុងនោះ​មាន ក្រ​ប្រភេទ​១​ចំនួន ៧​គ្រួសារ និង​ក្រ​ប្រភេទ​២​ចំនួន ៥៥​គ្រួសារ ។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​បងប្អូន​គ្រួសារ​ទាំងអស់​ដែល​មក​ទទួលយក​ប័ណ្ណ​សមធម៌​នាពេលនេះ​ថា​៖
​សូម​រក្សាទុក​ប័ណ្ណ​សមធម៌​នេះ​ឲ្យបាន​ល្អ ព្រោះថា​ប័ណ្ណ​នេះ​មិន​ត្រឹមតែ​អាច​យកមក​ប្រើប្រាស់​សម្រាប់​បើកប្រាក់​ប្រចាំខែ​នោះទេ ប័ណ្ណ​នេះ​អាច​យក​ទៅ​ប្រើប្រាស់​តាម​ការ​ចាំបាច់​ដូច​ជា ការពិនិត្យ និង​ព្យាបាល​សុខភាព នៅតាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដោយ​មិន​គិតថ្លៃ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​មូលដ្ឋាន​ឃុំ​ស្វាយ​ទង​ខាងត្បូង​នេះ ជំរុញ​ការ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ ពិសេស​វារីវប្បកម្ម​ឲ្យបាន​ច្រើនឡើង​ទ្វេរ​ដង ដើម្បី​លើកស្ទួយ​ជីវភាព​របស់​បងប្អូន តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕