ជនសង្ស័យ​ដែល​គំរាម​សម្លាប់​ម្តាយមីង​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​

សៀមរាប ៖ កម្លាំង​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​នគរបាល​ស្រុក​ត្បែងមានជ័យ បាន​សហការ​គ្នា​តាម​ចាប់​ជនសង្ស័យ​ដែល​បាន​ផ្ជុង​គំរាម​សម្លាប់​ម្តាយមីង​និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​នោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​នៅ​លើ​ខ្នងភ្នំ​ត្បែង​។​

​ហេតុការណ៍​ចាប់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​២៤​ខែកក្កដា​ឆ្នាំ​២០២០ ស្ថិត​នៅលើ​កំពូលភ្នំ​ត្បែងមានជ័យ ក្នុង​ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១៨​ខែកក្កដា​ឆ្នាំ​២០២០ ស្ថិតនៅ​ជិត​សាលា​បៀ​ល​ប្រាយ ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​មាន​ករណី​មនុស្ស​សតិ​មិន​គ្រប់ និង​មាន​សំបុត្រ​ពេទ្យ​ឆ្កួត ទើប​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះ និង​បាន​លី​កាំបិត​ខ្វែវ​ដើរ​កាប់​គេឯង​តាមផ្លូវ​ក្នុង​ភូមិ​ខាងលើ អស់​មូតូ​ចំនួន​៣​គ្រឿង​និង​ឡាន​២​គ្រឿង ក្នុងនោះ​បាន​កាប់​ឡាន​ម៉ាសា​ដា​បើក​គេចខ្លួន​ទៅ​បាត់​ដោយ​ភ្ជាប់​កាំបិត​ទៅតាម​ឡាន​ផងដែរ​។​ជនសង្ស័យ​នោះ​មានឈ្មោះ ហែម បញ្ញា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​ដើរ​ចោលផ្ទះ​ជាច្រើន​ថ្ងៃ ទើបតែ​ថ្ងៃនេះ​ត្រលប់​មក​ផ្ទះ​វិញ​ស្រាប់តែ​ដេញ​កាប់​គេ​ឯង​ផ្អើល​ភូមិ​តែ​ម្តង​។​នគរបាល​បានឲ្យដឹងថា ជនសង្ស័យ​ខាងលើ​បាន​ទៅសម្ងំ​នៅលើ​កំពូលភ្នំ​ត្បែងមានជ័យ ដើម្បី​ឲ្យ​លោក​ស្រោច​ទឹក​លើករាសី​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយដង្គំ និង​កម្លាំង​អធិការ​ក្រុង​សៀមរាប កំពុង​នាំ​យក​ជនសង្ស័យ​ខាងលើ មក​កាន់​ខេត្ត​សៀមរាប ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕