អង្គការ​លើកស្ទួយ​សុខភាព​ប្រជាពលរដ្ឋ ចែក​ស្បៀង​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន​២០០​គ្រួសារ​ទូទាំង​ខេត្ត​បៃលិន​

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ មាន​ជីវភាព​ខ្វះខាត​ចំនួន​២០០​គ្រួសារ មក​ពី​ទូទាំង​ខេត្ត​ប៉ៃលិន មានចិត្ត​សប្បាយ​រីករាយ​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​ស្បៀងអាហារ​ពី​អង្គការ​លើកស្ទួយ​សុខភាព​ប្រជាពលរដ្ឋ​ដែល ជួប​ការ​វិបត្តិកូ​វីដ​-១៩ ។

​ហេតុការណ៍​ចែក​ស្បៀង​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២ និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅក្នុង​បរិវេណ​ព្រះវិហារ ប៊ី​.​ភី ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

សូមបញ្ជាក់​ថា ៖ ស្បៀង​ដែល​ពលរដ្ឋ​ទទួលបាន ពី​អង្គការ​លើកស្ទួយ​សុខភាព​ប្រជាពលរដ្ឋ រួមមាន ៖ អង្ករ​១០​គីឡូក្រាម ត្រីខ​៥​កំប៉ុង ទឹកស៊ីអ៊ីវ​១​ដប ទឹកត្រី​១​ដប ស្ករស​១​គីឡូក្រាម ប្រេង​ឆា​២​ដប ទឹកដោះគោ​ខាប់​២​កំប៉ុង មី ម៉ា​ម៉ា​៥​កញ្ចប់ និង អំបិល​១​កញ្ចប់ ។ ហើយ​ក៍មាន​ការឧបត្ថម្ភ​ម​ជេ​លលាង​សម្អា​តដៃ ចំនួន​២០០​ដប​តូច ក្នុង​ម្នាក់ ពី​ម្ចាស់​ហាង​លក់​នំ​យីហោ “​ប៉ា​ស្រី​ណុ​ច​” និង​ចំនួន​២០០​ដប​តូច​ទៀត​ពី​ម្ចាស់​ក្រុម​ហ៊ុន រតនៈ​មរកត ( អ​អិម ) ឯ​.​ក​ផងដែរ ។​

​លោក ហេង ស៊ី​ង អនុប្រធាន​អង្គការ​ លើកស្ទួយ​សុខភាព​ប្រជាពលរដ្ឋ បាន​រៀបរាប់​ឱ្យដឹងថា​÷ បន្ទាប់​ពី​សង្កេតឃើញ​សេចក្តី​តម្រូវការ​ស្បៀង​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ប៉ៃលិន នា​ពេល​ជួប​វិបត្តិកូ​វីដ​១៩ ដោយសារតែ​មនុស្ស​ភាគ​ច្រើន អត់​មាន​ការងារ​និង​មិន​អាច​ចេញ​ទៅ​ធ្វើការ​នៅ​ខាងក្រៅ បាន ទើប​ខាង​លោក ក៏​បាន​រៀបចំ​ទិញ​ស្បៀងអាហារ យកមក​ធ្វើ​ការរៀបចំ​ចែក​ជូន​តែ​ម្តង ។ លោក​បន្ត​ទៀត​ថា ស្បៀងអាហារ ដែល​បាន​ទិញ​ចែកជូន​ប្រជាពលរដ្ឋ​ទាំងអស់​ខាងលើ គឺ​បានមកពី​ប្រាក់​ដង្វាយ (​ថវិកា​)​ប្រមូល​ពី​សមាជិក​សមាជិកា​នៅ​ក្រៅប្រទេស​ដើម្បី​ចូលរួមចំណែក​ក្នុង​គ្រា​លំបាក ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​ខេត្ត​ប៉ៃលិន ហើយ​ស្បៀង​ទាំងនេះ គ្រាន់តែ​ជួយ​ដោះស្រាយ​បាន​រយ​:​ពេល​ខ្លី​ប៉ុណ្ណោះ ។

​ដូច្នេះ​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រួច​ហើយ​នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ប្រចាំថ្ងៃ​បន្ថែមទៀត ដើម្បី​បង្កើន​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

​ចំណែក លោក សួស សុខា ចៅ​សង្កា​ត់ប៉ៃលិន ស្តីទី បាន​មានប្រសាសន៍ថា លោក​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទូទាំង​ខេត្ត​ប៉ៃលិន ត្រូវតែ​បន្ត​ថែរក្សា​អនាម័យ​ជាប្រចាំ កុំ​ភ្លេចខ្លួន​ឱ្យសោះ ខណ​:​ជម្ងឺ​កូវី​ដ​១៩ នៅតែ​បន្ត​រីក​រាលដាល​នៅ​ទូ​ទាំង​សកលលោក​នៅឡើយ​ជា​ពិសេស​ត្រូវ​លាងដៃ​នឹង​សាប៊ូ​ជា​ប្រច​បើ​អាច​សូម​នាំគ្នា​លាងដៃ​នឹង​ទឹក​អាល់កុល​ឬ​ជែល​ដើម្បី​កំចាត់​មេរោគ​បាក់តេរី​ហើយ​ត្រូវ​បន្ត​ពាក់​ម៉ាស​ការពារ​ការឆ្លង​តាម​ផ្លូវដង្ហើម​ជាដើម ។​

បើសិនជា​មាន​បងប្អូន​ទៅ​ធ្វើការ​នៅ​ប្រទេសក្រៅ ចូល​មក​លេង​ស្រុកកំណើត ត្រូវ​ឱ្យ​គាត់​ពិនិត្យ​កំដៅ​ឱ្យបាន​ត្រឹមត្រូវ ឬ​ត្រូវ​ដាក់​នៅ​ឱ្យ​ដាច់​ដោយឡែក​រយ​:​ពេល​១៤​ថ្ងៃ​សិន​សិម​ចូល​ទៅ​គៀ​កជិត​បងប្អូន​សាច់ញាតិ​ដើម្បី​ការពារ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ព្រោះ​យើង​មិន​អាច​មើល​ដឹងថា​÷ នរណាម្នាក់​ផ្ទុកមេរោគ​ជម្ងឺ​នេះ​ទេ ហើយ​បើ​មាន​ការសង្ស័យ​ត្រូវ​ទៅរក​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​បំផុត ។

​លោក​ចៅសង្កាត់​ស្តីទី​ក៏​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​អង្គការ​លើកស្ទួយ​សុខភាព​ប្រជាពលរដ្ឋ​ដែល​បាន​ពាំនាំ​យក​មក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ក្នុងនាម​លោក​តំណាង​ឱ្យ​ថ្នា​ខេត្ត​ក៏សូមថ្លែងអំណរគុណ​ដល់​ក្រុមការងារ​អង្គការ ដែល​បាន​ចំណាយ ពេលវេលា ថវិកា​និង​កម្លាំងកាយ​ចិត្ត​ចុះមក​ជួយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ។ លោ​ក៏​ជូនពរ​ឱ្យ​ក្រុមការងារ​ទទួលបាន​នូវ​សុភាព​ល្អ​ប្រាជ្ញា​ឈ្លា​វៃ​និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ផងដែរ ៕