ផែនការ​ទីផ្សារ​ទេសចរណ៍​នឹង​រួមចំណែក​ប្រែក្លាយ​ខេត្ត​កែប​ឱ្យទៅជា​គោលដៅ​ទេសចរណ៍​លម្ហែ​កម្រិត​ខ្ពស់​ដ៏​ទាក់ទាញ​មួយ​នៅ​កម្ពុជា​

កែប​៖ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប​រៀបចំ​សិក្ខាសាលា​ពិភាក្សា​ស្ដីពី “​ការពិនិត្យ​លើ​ពង្រាង​ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប លើក​ទី​៣“​ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​តំណាង​ក្រសួង​ទេសចរណ៍ ព្រមទាំង​មាន​ការចូលរួម​ដោយ លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ លោក លោកស្រី​ប្រធាន​សមាគម អង្គការ វិស័យ​ឯកជន លោក​តំណាង​សមាគម​សណ្ឋាគារ ផ្ទះសំណាក់ លោក​ប្រធាន​សមាគម​អ្នក​មគ្គុទេសក៍​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ សរុប​ប្រមាណ ៧០​នាក់ ។​

​លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត និង​ជា​អនុប្រធាន​ក្រុម​ការងារ​បច្ចេកទេស​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត បាន​លើកឡើង​ថា ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប​នេះ​ទទួលបាន​ជោគជ័យ លុះត្រាតែ​មាន​ការចូលរួម​ទាំងអស់គ្នា ដើម្បី​ផ្តល់​ជា​ធាតុ​ចូល​ដើម្បី​អោយ​ផែនការ​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។

​លោក​បាន​បញ្ជាក់ទៀតថា ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប​នេះ នឹង​ដើរតួ​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការធ្វើ​ទីផ្សារ​ទេសចរណ៍ ក្នុង​រយៈ ពេល​៥ ឆ្នាំ​ខាង​មុខ ប្រកប​ដោយ​ទស្សនៈ​វែងឆ្ងាយ ដើម្បី​ចង្អុលបង្ហាញ និង​រួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ទាក់ទាញ “​ទីផ្សារ​ទេសចរណ៍​មាន​គុណភាព​” តាមរយៈ​ការទាក់ទាញ​ចំណែក​ទីផ្សារ​សក្តានុពល ដូចជា “​ទេសចរ​លំដាប់​ខ្ពស់​” “​ទេសចរ​វ័យ​ចំណាស់ ចូលនិវត្តន៍​” និង “ ទេសចរ​ធ្វើដំណើរ​ជាមួយ​គ្រួសារ​”​។​

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត បានបង្ហាញ​ថា ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប ២០២០-២០២៤​នេះ នឹង​រួមចំណែក​ប្រែក្លាយ​ខេត្ត​កែប​ឱ្យ​ទៅជា “​គោលដៅ​ទេសចរណ៍​លម្ហែ​កម្រិត​ខ្ពស់​” ដ៏​ទាក់ទាញ​មួយ​នៅ​កម្ពុជា​។​

​ឯកឧត្តម​អភិបាលខេត្ត មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប (២០២០-២០២៤) នឹង​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការលើកស្ទួយ​វិស័យ​ទេសចរណ៍ តាមរយៈ​ការបង្កើត​យុទ្ធនាការ និង​កម្មវិធី​ផ្សព្វផ្សាយ​ធនធាន សក្តានុពល ផលិតផល​ទេសចរណ៍ និង​សេវាកម្ម​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្ត ឱ្យបាន​ទៅដល់​ទីផ្សារ​គោលដៅ ដោយ​ប្រើប្រាស់​នូវ “​ប្រព័ន្ធ​ទីផ្សារ​ឌីជីថល​” ប្រកបដោយ​ផែនការ​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​។​

​ជា​ចុងបញ្ចប់ ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​សហការ​អនុវត្ត​ផែនការ​ទីផ្សារ​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ ឱ្យបាន​ខ្ជាប់​ខ្លួន​តាម​តួនាទី និង​ភារកិច្ច​ទទួលខុសត្រូវ និង​សូម​ឱ្យ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ផ្នែក​ឯកជន ដើម្បី​រួមគ្នា​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ គោលបំណង គោលដៅ និង​ទិសដៅ​ទីផ្សារ​ទេសចរណ៍ ដែល​បាន​កំណត់​ក្នុង​ផែនការ​ទីផ្សារ​នេះ សម្រាប់​ខេត្ត​កែប​របស់​យើងទាំងអស់គ្នា​៕