មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​ចែក​ថ្នាំ​ការពារ ថ្នាំ​សម្លាប់​មេរោគ និង​ថ្នាំ​សម្រាប់​ព្យាបាល​សត្វ​ដល់​មន្ត្រី​ផលិតកម្ម​បសុព្យាបាល​ទាំង ៨ ស្រុក​ក្រុង នៅក្នុង​ខេត្ត​កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ លោក​ ងិន ហ៊ុន ​ប្រធាន​​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ផលិតកម្ម​និង​បសុព្យាបាល​ទាំង​៨​ស្រុក​ក្រុង សូម​យកចិត្តទុកដាក់​ចុះ​ព្យាបាល​ជំងឺ សត្វ​របស់​ប្រជាពលរដ្ឋ​ឲ្យដល់​មូលដ្ឋាន​និង​ទាន់​ពេល​វេលា ។​ មានប្រសាសន៍​បែប​នេះ នៅក្នុង​ឱកាស​ពិធី​ចែក​វ៉ាក់សាំង ថ្នាំ​ព្យាបាល ថ្នាំ​សំលាប់​មេរោគ និង​សំភារៈ​បរិក្ខារ បសុពេទ្យ​ដល់​មន្ត្រី​ផលិតកម្ម​បសុព្យាបាល ទាំង​៨ ស្រុក​ក្រុង ដើម្បី​យក​ទៅ​ព្យាបាល​ការពារ​ដល់​សត្វ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន នា​ព្រឹក​ថ្ងៃទី 28 ខែកក្កដា​ឆ្នាំ 2020 នៅ​ការិយាល័យ ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ។

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ខេត្ត​បាន​បន្តថា ជា​ការពិត​ណាស់ សត្វពាហនៈ ដែល​ជា​កម្លាំង​អូសទាញ ដ៍​ចាំបាច់​របស់​ប្រជាពលរដ្ឋ ក្នុង​ការបង្កបង្កើន​ផល​ក្នុង​រដូវវស្សា​នេះ​។​ហេតុនេះ​ហើយ​សូម​មន្ត្រី​ផលិតកម្ម​បសុព្យាបាល​ទាំង អស់​ពេល​ទទួលបាន​ថ្នាំ និង​សំភារៈ​បរិក្ខា នេះ​ទៅ​សូម​យក​ទៅ​ចាក់​ថ្នាំ​ការពារ​និង​ព្យាបាល​ដល់​សត្វ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ឱ្យបាន​ទាន់ពេលវេលា មិន​ត្រូវ​យក​ទៅ​ទុក​ចោល​នោះឡើយ ។​

ម្យ៉ាងវិញទៀត​ប្រភេទ​ថ្នាំ​ខ្លះ​ត្រូវការ​កន្លែង​សុវត្ថិភាព​ដូចជា​កម្រិត​អង្សា ត្រជាក់​ជា​
​ដើម​ ។ ​មន្ត្រី​ផលិតកម្ម​តាម​មូលដ្ឋាន​ត្រូវ​ផ្ដល់​ដំណឹង​ជាបន្ទាន់​បើសិន​មាន​បញ្ហា​ផ្ទុះ​ជំងឺ លើ​សត្វពាហនៈ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ដឹងដល់ ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ដើម្បី​ចេញ​អន្តរាគមន៍​ឲ្យទាន់ពេ​ល​វេលា​ផងដែរ ។​

ដោយឡែក ​លោក គ្រឹង សំអាត ប្រធានការិយាល័យ​បសុព្យាបាល ក៏​បាន​រាយ​
​ការណ៍​ផងដែរ​ថា ពេលនេះ​ជា​រដូវ​ធ្លាក់ភ្លៀង សត្វពាហនៈ​របស់​ប្រជាពលរដ្ឋ​ច្រើន​កើត​មាន​ជំងឺ​បូស​ខ្យល់ .​សារ​ទឹក .​និង​អុតក្តាម ជាដើម ។​

កន្លងមក មន្ត្រី​ការិយាល័យ របស់​លោក​ក៏​បាន​ចុះ​អន្តរាគមន៍​ជួយ​ចាក់​ថ្នាំ​ការពារ​និង​ព្យាបាល​ដល់​សត្វពាហនៈ​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​ទាំង 8 ស្រុក​ក្រុង​ជា​បន្តបន្ទាប់ ។ ចំពោះ​ថ្នាំ​ដែល​បាន​យក​ចែកជូន​នៅពេលនេះ​គឺ​ថ្នាំ​ការពារ​ជំងឺសារ​ទឹក ជំងឺ​បុស​ខ្យល់ និង​អុតក្តាម​ព្រម​ជា​
​មួយ​នេះ​ក៏​មាន​ថ្នាំ​សម្រាប់​បាញ់សម្លាប់​មេរោគ​នៅ​តាម​ទ្រុង ក្រាល​នៅ​តាម​កសិដ្ឋាន​និង​នៅតាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕​