​គ្រួសារ​ប្រជា​នេសាទ​ចំនួន​៣​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ស្នាក់​បណ្ដោះអាសន្ន​នៅ​លើ​ទូក​តាម​មាត់​ទន្លេ​រកត្រី​មិន​បាន​អត់បាយ​ហូប ត្រូវបាន​សប្បុរសជន​៤​ក្រុម នាំយក​ស្បៀង​ ​អាហារ​មក​ចែក​ជូន​ដល់​ពួកគាត់ នៅក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​

ខេត្ត​កំពង់ឆ្នាំង​៖ ប្រជា​នេសាទ​ចំនួន​៣​គ្រួសារ​រស់នៅ​បណ្ដោះ​ អាសន្ន​នៅលើ​ទូក​នេសាទ ស្នាក់​នៅ​តាម​មាត់​ទន្លេ​ក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​
​កក្កដា​ឆ្នាំ​២០២០ នេះ​ត្រូវបាន​សប្បុរសជន​នាំយក​ស្បៀង​ ​អាហារ​ទៅ​ចែកជូន​ដល់​ពួកគាត់​ដោយផ្ទាល់​បន្ទាប់ពី​ពួកគាត់​បាន​សំណូមពរ​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​យើង បង្ហោះ​រូបភាព​ស្នើសុំ​ស្បៀងអាហារ ព្រោះតែ​៤,៥​ថ្ងៃនេះ ពួកគាត់​ទៅ​នេសាទ​ត្រី​ពុំ​បាន​ឡើយ និង​ក៏​គ្មាន​ប្រាក់​ទិញ​អង្ករ​ហូប​ផងដែរ ។​

ប្រជា​នេសាទ​ទាំង​៣​គ្រួសារ ខាងលើ​នេះ​បាន​អោយ​ក្រុម​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា​៖ ពួកគាត់​១​ឈ្មោះ យ៉ាម៉ា វ​ន្នី អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឡេះ យ៉ា អាយុ​៣៣ ឆ្នាំ មាន​ ​កូន​៤​នាក់ គ្មាន​មាន​ដីធ្លី​និង​ផ្ទះសម្បែង​ទេ សព្វថ្ងៃ​ស្នាក់នៅ​ជាមួយ​ម្ដាយ ក្នុង​ភូមិ​ទី​៦ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ។ សព្វថ្ងៃ​គ​ពួកគាត់​ប្រកបមុខរបរ​នេសាទ​រស់នៅ​បណ្ដោះ​ ​អាសន្ន​នៅលើ​ទូក​នេសាទ , ២​ឈ្មោះ ម៉ើ សេន អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សេង ស្រី​ពៅ អាយុ​៣២​ឆ្នាំ មានកូន​៥​នាក់ រស់នៅ​ភូមិ​ទី​៦ សង្កាត់​ខ្សាម ។ ប្រកប​មុខ​នេសាទ​ពួកគាត់​ពុំ​បាន​រស់នៅ​ក្នុង​លំនៅឋាន​ទេ សព្វថ្ងៃ​ស្នាក់នៅ​តែ​លើ​ទូក​នេសាទ​ក្នុង​ភូមិ​ចុង​កោះ , ៣ ឈ្មោះ ម៉ើ សុះវី អាយុ​
២៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ សែម ស្រី​កា អាយុ​២៧​ឆ្នាំ មានកូន​ ១​នាក់ អត់​មាន​ដី​មាន​ផ្ទះ​ទេ ស្នាក់​នៅ​លើ​ទូក​នេសាទ​ក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

ពួកគាត់​ទាំង​៣​គ្រួសារ​ខាងលើ​បាន​អះអាង​ឲ្យដឹងថា​៖ កន្លងមក​ពួក​គាត់​រស់នៅ​បណ្ដោះអាសន្ន​លើ​ទូក​នេសាទ ដើម្បី​ប្រកប​មុខរបរ​នេសាទ ប៉ុន្តែ​រយៈពេល​បួន​ប្រាំ​ថ្ងៃ​កន្លង​​មកនេះ ពួកគាត់​ទៅ​នេសាទ​ត្រី​ពុំ​បាន​ឡើយ ដោយសារ​ទឹក​ទន្លេ​មិន​ឡើង ត្រី​ក៏​អត់​មាន​ដែរ ដូច្នេះហើយ​ទើប ពួក​គាត់​ស្នើ​សុំ ដល់​ក្រុម​អ្នកយក​ព័ត៌មាន​សុំ​អោយ​សប្បុរសជន​ជួយ ដល់​ពួកគាត់​ផង​។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ ក្រុម​សប្បុ​ររ​សជន​ជា​ម្ចាស់​អំណោយ រួមមាន​៖ ១​លោក​សួង ប៊ុន​សុង អាជីវករ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ឧបត្ថម្ភ​អង្ករ​៦០​គី​ឡូ ,២, លោក លី
​ប៊ុន​លៀង មន្ត្រី​អង្គការ​នៅ​សង្កាត់​ខ្សាម ឧបត្ថម្ភ​អង្ករ​៥០ គី​ឡូ , ៣.​លោកស្រី អុល បញ្ញា​ស័ក្តិ អាជីវករ​លក់​ម៉ូតូ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ឧបត្ថម្ភ​ថវិកា ១៥​ម៉ឺន​រៀល ។​ , ៤ លោក ស៊ិន សុ​ក្រី និង​ភរិយា​លោកស្រី សារី រ៉ាវី រស់នៅ​ឃុំ​ឈូក​ស ស្រុក​កំពង់ត្រឡាច ជួយ​ឧបត្ថម្ភ​អង្ករ​៣​កា​រ៉ុង​ស្មើនឹង​១៥០​គីឡូ​និង​ថវិកា​១៥​ម៉ឺន​រៀល​និង​គ្រឿងឧបភោគ​​បរិភោគ​មួយចំនួន​ទៀត​ផង​។

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា​នេះដែរ លោក អៀម សុ​វណ្ណា​រា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្សាម បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង តាម​បញ្ជារ​ថ្នាក់លើ​មក​មើល​ស្ថានភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ខាងលើ និង​បាន​អោយ​ក្រុម​អ្នកសារព័ត៌មាន​យើង​ដឹង​ថា​៖ ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​ខ្សាម​របស់លោក ពិតជា​ក្រីក្រ​ពិតមែន និង​គ្រួសារ​ឈ្មោះ យ៉ាម៉ា វ​ន្នី ពិតជា​អត់​ដី​អត់​ផ្ទះ​រស់នៅ​ពិតប្រាកដ​មែន ។​

​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៣​គ្រួសារ​ខា​លើ ក្រោយពេល​ទទួលបាន​អំណោយ​សប្បុរសធម៌ ពី​សប្បុរសជន ក៏ បាន​ថ្លែងថា​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សប្បុរសជន​ខាងលើ និង​សូម​ជូនពរ​ដល់​សប្បុរ​សជន​ទាំងអស់ សូ​មេ​ជួបប្រទះ​តែ​នឹង​សេចក្តិសុខ​គ្រប់ប្រការ និង​ទទូុលជោគជ័យ​គ្រប់​ការងារ​និង​ភារកិច្ច​៕