រដ្ឋបាល​ស្រុក​ព្រៃនប់​បាន​រៀប​ពិធី​ផ្លាស់ប្តូរ​មេឃុំ ព្រៃនប់ ក្រោម​វត្តមាន ឯកឧត្តម គួច ចំរើន​

​ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៩​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ លោក សរ កក្កដា អភិបាល នៃ​គណ​:​អភិបាល​ស្រុក​ព្រៃនប់ បាន​អមដំណើរ ឯកឧត្ដម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ទទួល ស្គាល់​ប្រធាន​ក្រុម ប្រឹក្សា​ឃុំ មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សាឃុំ នៃ​ឃុំ​ព្រៃនប់ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាល​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត អភិបាលស្រុក ប្រធាន​មន្ទីរ​-​អង្គភាព សមាជិក​ក្រុមប្រឹក្សា​ឃុំ ស្មៀនឃុំ បុគ្គលិក​រដ្ឋបាល​ឃុំ មេភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ តំណាង​អង្គការ​សង្គម​ស៊ីវិល ដៃគូរ​អភិវឌ្ឍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាច្រើន​រូប​ផង​ដែរ ។​

​ក្នុង​ពិធី​នោះ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ប្រធាន​ក្រុមប្រឹក្សា​ឃុំ សមាជិក​ក្រុម ប្រឹក្សា​ឃុំ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ហើយ​សមិទ្ធផល​ទាំង​នោះ គឺជា​មូលដ្ឋាន សម្រាប់​ក្រុមប្រឹក្សា​ឃុំ បន្ត​ពង្រីក ពង្រឹង​ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​ឃុំ ភូមិ​របស់​ខ្លួន​។​

​ជាមួយគ្នានេះ ឯកឧត្ដម បាន​អបអរសាទរ​ចំពោះ​លោក តេង រីតា ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​ព្រៃ​នប់ លោកស្រី ទួន សុខុន ជំទប់​ទី​១ លោក ពេត បូ ជំទប់​ទី​២ លោក តៀ​ង តូ​នី ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ និង​លោក​ញ៉ែម​ជឿន ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ ដែល​ត្រូវ​ទទួលស្គាល់​ស្រប​តាម​ប្រកាស​លេខ ២៨៨៣ ប្រក​.​ចុះ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ ២០២០ របស់ ក្រសួង​មហាផ្ទៃ​ត្រូវ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​គោលនយោបាយ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​មាន​ចែក​ជា​ធរមាន និង​សូម​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ” ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ ” និង​បាវចនា​ពីរ​គឺ ” កែទម្រង់​ខាងក្នុង ” និង ” បង្កើត​មិត្ត​ខាងក្រៅ ” ដោយ​សា្មរ​តីឯក​រាជ្យ​។​

​ជាមួយគ្នា​នេះ​ឯកឧត្ដម​អភិបាលខេត្ត បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​ប្រធាន​ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុម ប្រឹក្សា​ឃុំ​ដែល​ទើប​ទទួល​ការងារ​ថ្មី​ដើម្បី​ជា​មូល ដ្ឋា​ន​ក្នុង​ការចាប់ផ្តើម​អនុវត្ត​ការងារ​បំរើ​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ ហើយ​ឯកឧត្តម​ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​ការអនុវត្ត កម្មវិធី «​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ កូវី​ដ​-១៩» របស់ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ៕