​ប្រតិភូ​គណៈ​កម្ម​ទី​១​នៃ​រដ្ឋសភា ​ចុះ​ជួបពិភាក្សា​ការងារ និង​ស្វែងយល់​អំពី​ការ​រី​ចំរើនរ​បស់​ខេត្ត​កែប​

រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ទទួល​ស្វាគមន៍​និង​ជួបពិភាក្សា​ការងារ​ជាមួយ ប្រតិភូ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា ដឹកនាំ​ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ដើម្បី​ស្វែងយល់​អំពី​ការរីកចម្រើន​របស់​ខេត្ត និង​យន្តការ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​។ កិច្ចប្រជុំ​នេះ​ក៍​មាន​ការអញ្ជើញ​ពី គណៈប្រតិភូ​អមដំណើរ អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង​-​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ ស្វាគមន៍​និង​រាយការណ៍​សង្ខេប​អំពី​ភាព​រីកចម្រើន​របស់​ខេត្ត​កែប​ជូន​គណៈប្រតិភូ ដោយ​បញ្ហា​ញ​ថា​៖ រដ្ឋបាល​ខេត្ត​កែប ក្រោម​ការចង្អុលបង្ហាញ ណែនាំ​តម្រង់​ទិស​ណែនាំ​ពី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ធ្វើអោយ​ខេត្ត​កែប បោះជំហាន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ក្នុង​ការអភិវឌ្ឍន៍​ខេត្ត ធានា​បាន​ភាពរឹងមាំ មាន​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ដែល​ជា​មូលដ្ឋានគ្រឹះ រួមចំណែក​ការអភិវឌ្ឍន៍ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​។

​ឯកឧត្តម អភិបាលខេត្ត​បញ្ជាក់ថា ចំពោះ​ការដោះស្រាយ​បណ្តឹង​ករណី​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ គណៈកម្មការ​សុរិយោដី​ខេត្ត ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់ និង​ទទួលបាន​ពាក្យបណ្តឹង ១៧៥ ករណី ដោះស្រាយ ៨៩ ករណី ច្រានចោល ៤៩ ដក​ពាក្យបណ្តឹង ២១ ករណី កំពុង​ដោះស្រាយ ១៦ ករណី ចំពោះ​គណៈកម្មការ​រដ្ឋបាល នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ថ្នាក់​ក្រុង មានទំនាស់ សរុប​ចំនួន ៥៤ ករណី ដោះស្រាយបាន ២ ករណី នៅសល់ ៥២ ករណី កំពុង​ដោះស្រាយ ។ ថ្នាក់ស្រុក មាន​ទំនាស់​ចំនួន ៦១ ករណី ដោះស្រាយបាន ១២ ករណី ច្រានចោល ១៨ ករណី ដក​ពាក្យ ២ ករណី កំពុង​ដោះស្រាយ ២៩ ករណី ។ ក្នុង​នោះ​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត ក្រុង ស្រុក បាន​អនុវត្ត តួនាទី ភារកិច្ច បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​គណៈ​កម្មាធិការជាតិ សម្រាប់​ការអភិវឌ្ឍន៍​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ជា​លទ្ធផល
-​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ទទួលបាន​ពាក្យបណ្តឹង ១៤ ករណី ដោះ​ស្រា​រួចរាល់
-​ការិយាល័យ​ប្រជាពលរដ្ឋ​ក្រុង ទទួលបាន​ពាក្យបណ្តឹង ៣០ ករណី ដោះស្រាយ​រួច​
-​ការិយាល័យ​ស្រុក ទទួលបាន​ពាក្យបណ្តឹង ៤០ ករណី ដោះស្រាយ​រួចរាល់ ២៥ ករណី និង​បញ្ជូន ១៥ ករណី​។​

​ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា បានន​លើកឡើងថា គណៈកម្មាធិការ ខេត្ត​ដែល​មាន​សមាសភាព​ជំនាញ ជាពិសេស​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ជា​សេធិកា​រ ត្រូវ​ចុះ​មូលដ្ឋាន​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ប្រមូល​យក​ព័ត៌មាន​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ ជូន​រាជរដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​តាមរយៈ​ប្រធានរដ្ឋសភា ត្រូវ​ពង្រឹង​យន្តការ​ដោះស្រាយ​សម្របសម្រួល និង​ការគ្រប់គ្រង​ទំនាស់​ដីធ្លី ពិនិត្យ​ស្ថានភាព​នៃ​ផែនការ និង​ការទប់ស្កាត់​បង្ក្រាប​បទ​ល្មើស​ដែល​បំផ្លាញ​ធនធានធម្មជាតិ ។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​កែប​នោះ ប្រតិភូ​គណៈកម្មការ សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង រដ្ឋសភា​-​ព្រឹទ្ធសភា នៃ​រដ្ឋសភា បាន​លើកឡើង​បន្ត​ទៀត​ថា វិវាទ​ដីធ្លី​ភាគច្រើន កើតឡើង​ដោយសារ​ការកាន់កាប់​ដីធ្លី​របស់​ពលរដ្ឋ មិនទាន់​មាន​ភាពស្រប​ច្បាស់ ដូច្នេះ​ការចុះបញ្ជី​ដីធ្លី​ជួប​ការ លំបាក ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ បាន​កំពុង​ជំរុញ​កំណែ​ទម្រង់ការ​គ្រប់គ្រង​ដីធ្លី ហើយ​ច្បាប់ និង​បទដ្ឋាន​ជាច្រើន​ត្រូវបាន​រដ្ឋសភា​អនុម័ត​ដើម្បី​អនុវត្ត​ការងារ​នេះដែរ​។
​នៅក្នុង​ពិភាក្សា​នេះ ឯ​ឧត្តម​ប្រធាន ក៏​បាន​សាកសួរ​សំនួរ​មួយចំនួន ពាក់ព័ន្ធ​នឹង​យន្តការ​នៃ​ការដោះស្រាយ​ទំនាស់​ដល់​រដ្ឋបាល​ខេត្ត​ផងដែរ​។ ជាមួយគ្នា​នេះ​ឯកឧត្តម បាន គាំទ្រ​ចំពោះ​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​កែប ដែល​បាន​ខិតខំ​ដោះស្រាយបាន នូវ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ និង​ស្មុគ្រស្មាញ​ដែល​លើកឡើង ព្រមទាំង​បាន​ជំរុញ​ទៅ​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្ត និង​បណ្តា​ស្ថាប័ន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ បន្ត​ដោះស្រាយ​បញ្ហា​ផ្សេង​ទៀត​ដែល​នៅ​សេសសល់ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ដែល​ភាគី​ទាំងសងខាង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​