ឯកឧត្តម​អភិបាល​ខេត្ត​កំពត អញ្ជើញ​ពិនិត្យ​ស្ថានភាព​ស្ពាន​ដំរី​ផុង និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ​

នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត អមដំណើរ​ដោយ​ឯកឧត្តម​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​ស្ថានភាព​ស្ពាន​ដំរី​ផុង ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ។​

ឯកឧត្តម ជាវ តា​យ បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​នា​ឱកាស​នេះ ។

​ក្រោយពី​បាន​អញ្ជើញ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ស្ពាន​ដំរី​ផុង ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ពិបាក​ក្នុងការ​ធ្វើ​ដំណើរ នឹង​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ស្ពាន​នេះ ។ ដើម្បី​ឆ្លើយតប​និង​ដោះស្រាយ​បញ្ហាលំបាក​នេះ ឯកឧត្តម ជាវ តា​យ ផ្ដល់​ស្ពានឈើ​ថ្មី ប្រវែង ៤១​ម៉ែត្រ ទទឹង ៣,៥​ម៉ែត្រ ជា​អំណោយ​របស់​សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ជូន​បងប្អូន​ប្រជាពលរដ្ឋ នឹង​ត្រូវ​ចាប់ផ្ដើម​សាងសង់​នាពេល​ឆាប់ៗ​ក្នុង​ឆ្នាំ ២០២០ នេះ ។ ទន្ទឹមនឹងនេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត នឹង​ស្នើ​សុំ​ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​សាងសង់​ស្ពាន​ដំរី​ផុង​នេះ​ទៅ​ជា​ស្ពានបេតុង ជំនួស​ស្ពានឈើ ។​

​សូមបញ្ជាក់​ថា ស្ពាន​ដំរី​ផុង​បាន​សាងសង់​តាំងពី​សម័យ​សង្គមរាស្ត្រនិយម និង​បាន​ជួសជុល​ប្រើប្រាស់​ជា​បន្តបន្ទាប់ រហូតដល់​ឆ្នាំ ២០២០ ស្ពាន​នេះ​ចាស់​ទ្រុឌទ្រោម​ខ្លាំង ស្ទើរតែ​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​បាន ។

​ក្នុងឱកាស​នោះ​ដែរ តំណាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​សំដែង​ការ​អរគុណ​ដឹងគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ​ហ៊ុន​សែន​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​តែងតែ​យកចិត្តទុកដាក់​ពី​ទុក្ខលំបាក ខ្វះខាត​របស់​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក ទូទាំង​ប្រទេស ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​នឹង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​នៅ​ចុងបញ្ចប់ ឯកឧត្តម​អភិបាលខេត្ត បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន ៣​អង្គ ក្នុង​១​អង្គ​ថវិកា ៥​ម៉ឺន​រៀល និង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មួយ​នាក់​១​នាក់ ១​ម៉ឺន​រៀល សរុប​ចំនួន ២.៣៧០.០០០​រៀល ។​