សត្វ​ដំរីព្រៃ​វាយប្រហារ​កម្មករ​ចំការកៅស៊ូ​ក្នុង​ខេត្ត រៈយ៉ង​ស្លាប់​ជា​បន្តបន្ទាប់​

ប្រទស​ថៃ​,​ខេត្ត​រៈយ៉ង​៖ ពលរដ្ឋ​ថៃ​ចំនួន ៣ នាក់​ហើយ ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​តំបន់​ចំការកៅស៊ូ​ជិត​ព្រៃភ្នំ​មួយកន្លែង ដែល​សភាព​សព គឺ​មើល​សឹង​មិន​យល់ និង​ក្លាយជា​បំណែក​ពាសពេញ​ព្រៃ ដោយ​នៅ​ទីនោះ​មាន​ដានជើង​សត្វ​ដំរី​ដ៏​ធំ​ផងដែរ ទើប​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា អាច​ជា​ការបង្ក​ពី​សំណាក់​សត្វ​ដំរីព្រៃ​តែម្តង ។​

​យោង​តាម​ការផ្សាយ​របស់​គេហទំព័រ ថៃ​រ៉ាត់ បានសរសេរថា មាន​ករណី​សត្វ​ដំរីព្រៃ​ចូលលុកលុយ​និង​សម្លាប់​មនុស្ស​នៅក្នុង​ចំការកៅស៊ូ​សរុប​មាន​ចំនួន​៣​នាក់​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១​ខែតុលា​ឆ្នាំ ២០២០ ដែល​បច្ចុប្បន្ន អាជ្ញាធរ​បាន​ប្រកាស​អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ។​

​កញ្ញា​កាន​រ៉ាត់ អ៊ាត​ថង​សៃ ចៅហ្វាយស្រុក​ខៅ​ចៈ​ម៉ៅ បាន​លើកឡើង​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះទេ ដែល​មាន​ប្រជាពលរដ្ឋ​បាន​ស្លាប់​ដោយសារ​សត្វ​ដំរីព្រៃ​វាយប្រហារ ដោយ​សរុប​មាន​ចំនួន ៣ នាក់​មក​ហើយ រីឯ​ទីតាំង​ដែល​តែងតែ​មាន​ករណី​នេះ​កើតឡើង គឺជា​កន្លែង​ដដែលៗ ដែល​ស្ថិត​ក្នុង​ភូមិ ៣​ឃុំ​ខៅ​ណយ​ស្រុកខៅ​ចៈ​ម៉ៅ​ខេត្តរៈ​យ៉ងប្រទេស​ថៃ ។​

​កញ្ញា​បាន​បន្តថា ថ្មីៗ​នេះ ក៏​មាន​ការណី​នេះ​កើតឡើង​ដែរ ដោយ​សត្វ​ដំរីព្រៃ​បានសម្លាប់​កម្មករ​ចំការកៅស៊ូ​ដោយ​សព​ទើប​នឹង​បូជា​ហើយ​ថ្មីៗ​ក៏​ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ទី​១​ខែតុលា​ឆ្នាំ​២០២០ នេះ​ក៏​មាន​សត្វ​ដំរី​ចូល​មក​វាយ​សម្លាប់​ពល​រដ្ឋ​បន្ថែមទៀត ឯ​ការសម្លាប់​គឺ​មាន​ភាពកាចសាហាវ​ជាង​ពេល​មុនៗ​ទៅ​ទៀត​ព្រោះ​វា​បាន​វាយ​បំបែក​សព​ជា​បំណែកៗ​និង​ខ្ទាត​រប៉ាត់រប៉ាយ​ពេញ​ព្រៃ ។

​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២ នេះ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​រិះរក​វិធានការ​ការពារ​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ដែល​ចាំបាច់​ត្រូវ​ចាត់​អោយ​ក្រុម​ជំនាញ​ប្រើប្រាស់​អាវុធ​ដើម្បី​បាញ់​ថ្នាំ​សន្លប់​ក្នុងការ​ចាប់​សត្វ​នេះ​អោយបាន ៕