​ក្រសួង​ព័ត៌មាន​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី​សមិទ្ធផល​និង​ផែនការ​នៃ​ការ​នៃ​ការអនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ​របស់​រាជរដ្ឋាភិបាល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្នាក់ក្រោម​ជាតិ​

កំពង់ឆ្នាំង ៖ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​សមិទ្ធិផល និង​ផែនការ​នៃ​ការ​អនុ​វត​គោលនយោបាយ សម​ភាពយែន​ឌ័​ររបស់​រាជរដ្ឋាភិបាលលើប្រព័​ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​រៀបចំ​ធ្វើឡើង​ដោយ​ក្រសួង​ព័ត៌មាន មាន​រយៈពេល​៥​ថ្ងៃ ត្រូវបាន​រៀបចំ​ពិធី​បើក​សិក្ខាសាលា នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ ។​

​ពិធី​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​លោក អម សុភា អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ទីប្រឹក្សា​ក្រសួង និង​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង សិក្ខាកាម​មកពី​បណ្តាល​រាជធានី​ខេត្ត​ចំនួន​៥​ខេត្ត បាន​ចូលរួម​ផងដែរ ។​

ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង លោក​ម៉ម​ឈឿម បាន​បញ្ជាក់​ផង​ដែរថាៈ ខេត្ត​កំពង់ឆ្នាំង បាន​និង​កំពុង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​៤ នីតិកាល​ទី​៦​នៃ​រដ្ឋសភា​។​

ក្នុង​នោះ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ បាន​រួមចំណែក​យ៉ាង​សំខាន់ ដែល​ការរីកចម្រើន​ទាំងអស់នេះ មួយចំណែក​ធំ បានមក​ពី​ការចូលរួម​យ៉ាង​សកម្ម របស់​បងប្អូន​ជា​នារី​ពី​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន ព្រមទាំង​បងប្អូន​ជា​នារី​នៅតាម​សហគមន៍​ផង​ផ្សេងៗ​ក្នុង​ខេត្ត​ផងដែរ ។​

​ក្នុង​នោះ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ក៍​បាន​យកចិត្តទុកដាក់​គិតគូរ​យ៉ាងខ្លាំង​ដល់​សកម្មភាព និង​ផលប្រយោជន៍​របស់​បង​ប្អូន​ដែល​ជា​ស្ត្រី​នៅក្នុង​អង្គភាព និង​បាន​ផ្តល់​តួនាទី​ភារកិច្ច​សំខាន់ៗ ជូន​ដល់​បងប្អូន​ដែល​ជា​ស្ត្រី​ឱ្យ​ចូលរួម​បំពេញ​ការងា​រលើ​គ្រប់​មុខ​ជំនាញ និង​បាន​ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ ដាក់បញ្ចូល​កម្មវិធី​ផ្សព្វផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​នៅក្នុង​ខេត្ត​អំពី​តម្លៃ​របស់​ស្ត្រី និង​គ្រួសារ​ខ្មែរ សេចក្តីថ្លៃថ្នូរ និង​ប្រពៃណី​វប្បធម៌ ទំនៀម​ទំលាប់​ល្អ​របស់​ជាតិ ការលុបបំបាត់​អំពើហឹង្សា ការជួញដូរ​មនុស្ស និង​ការទប់ស្កាត់​ការរំលោភបំពាន​ផ្លូវភេទ​មក​លើ​ស្ត្រី​ផងដែរ​។​

អភិបាលរង​ខេត្ត​កំពង់ឆ្នាំង លោក អម​សុភា បានលើកឡើង​បញ្ចាក់​ថា ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ រាជរដ្ឋាភិបាល​កម្ពុជា ខេត្ត​បាន​ដាក់ចេញ​នូវ​វិធានការ​ជាក់លាក់​ជាច្រើន​ក្នុង ការបញ្ជ្រាប​យេនឌ័រ និង​បង្កើត​នូវ​តួនាទី​របស់​ស្ត្រី ក្នុងការ​ធ្វើ​សេចក្តីសម្រេច រួម​ទាំង​ការបញ្ចូល​ទៅ​ក្នុង​ផ្នែក​ច្បាប់ យុទ្ធសាស្ត្រ​និង​កម្មវិធី​នយោបាយ ដែល​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាន​នាំមក​នូវ​ការកើនឡើង​ជា​បណ្តើរៗ​នូវ​សមាស​មាត្រ​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ទាំង​នូវ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។

​ក្នុងនោះ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ស្ត្រី​ជា​ថ្នាក់ដឹកនាំ ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត ដែល​បាន​បម្រើ​ការងារ​ជា ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង វិស័យ​ឯកជន មាន​ប្រមាណ​ជាង​៤២​ភាគរយ​ផង​ដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ឯកឧុត្ត​ម​ខៀវ​កញ្ញារិទ្ធិ បាន​គូសបញ្ជាក់ថា គោលបំណង​នៃ​សិក្ខាសាលា​ដែល​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃនេះ​គឺ​ពិតជា​មាន​សារៈសំខាន់ ក្នុង​ការបណ្តុះ​គំនិត​ស្មារតី និង​លើកកម្ពស់​សិទ្ធិ​សិរី​ភាព​របស់​នារី នៅក្នុង​ដំណាក់កាល​នៃ​ការ​វិវឌ្ឍន៍​របស់​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន​។​

​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់បន្ថែម​ទៀតថា​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​គ្រប់​អាណត្តិ​តែងតែ​បាន​លើកឡើង​អំពី​គោលការណ៍​សិទ្ធ​ស្មើភាព​គ្នា រវាង​បុរស​និង​ស្ត្រី ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​ទៀត ធ្វើយ៉ាងណា​ឲ្យ​តួនាទី​របស់​ស្ត្រី​កាន់តែ​សំខាន់​ឡើងៗ ហើយ​នៅក្នុង​អាណត្តិ​ទី​៥​នេះ រាជរដ្ឋាភិបាល​បាន​បញ្ជ្រាប​ស្ត្រី​ជា​ថ្នាក់ដឹកនាំ ឱ្យបាន​យ៉ាងតិច​៣០​ភាគរយ ទៅ​៥០​ភាគរយ​។​

​ឯកឧត្តម រដ្ឋមន្ត្រី​បាន​បញ្ជាក់ទៀតថា ទន្ទឹម​និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​គ្រប់​មជ្ឈដ្ឋាន​នានា​ដល់​ស្ត្រី​នោះ ស្ត្រី​ខ្លួនឯង​ក៏​ត្រូវ​ពង្រឹង​នូវ​សមត្ថភាព និង​លើកកម្ពស់​សមត្ថភាព​ខ្លួនឯង ប្រកប​ដោយ​ភាព​ជឿជាក់​លើ​ខ្លួនឯង និង​កិច្ចសហការ​សាមគ្គី​ក្នុង​ការដឹកនាំ​និង​ការទទួលខុសត្រូវ​លើ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​។​

​នៅក្នុង​សិក្ខាសាលា​ថ្ងៃ​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​សិក្សារ​រៀនសូត្រ ដកស្រង់​បទពិសោធន៍​គ្នា​ទៅវិញទៅមក ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ដល់​ស្ត្រី​លើ​វិស័យ​ព័ត៌មាន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ៕​