អ្នកញៀន​អាប៉ោង​ម្នាក់​បាន​គាំងបេះដូង​ស្លាប់ ខណៈ​សមត្ថកិច្ច ដេញចាប់​

បន្ទាយមានជ័យ ៖ អ្នកញៀន​អាប៉ោង​ម្នាក់​ក្នុងចំណោម​អ្នកញៀន​ជាច្រើន​នាក់​ផ្សេង​ទៀត បាន​ស្លាប់​ដោយ​គាំងបេះដូង​ខណៈ​ប្រឹង​រត់​គេចចេញ​ពី​ការដេញ​ចាប់​របស់​សមត្ថកិច្ច​នគរបាល កាលពី​រសៀល ថ្ងៃ ទី ៥ ខែតុលា ឆ្នាំ ២០២០ នៅ ចំណុច វាល ត្រពាំង ច្រាំង ខាងលិច​ភូមិ ផ្គាំ ចម្ងាយ ប្រហែល ៥០០ ម៉ែត្រ ឃុំ សិ​ង្ហ ស្រុក អូរ ជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

​តាម​សម្តី​របស់​នគរបាល​ស្រុក​អូរជ្រៅ​តាម​ទូរ​សព្ទ័​នា​រសៀល​ថ្ងៃ​ទី​០៦​ខែតុលា​បានអោយដឹងថា ដើម្បី​គ្រប់គ្រង​ការពារ​ភូមិ​ឃុំ​សុវត្ថិភាព​កម្លាំង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​សឹង្ហ​បាន​ប្រតិបត្តិការ​បង្ក្រាប​វង់ល្បែង​មួយ​កន្លែង​ដែល​ក្រុម​អ្នក​ញៀន​បាន​ជួបជុំគ្នា​លេង ។​

​ក្នុង​ប្រតិបត្តិការ​នោះ អ្នកលេង​បានដឹងខ្លួន​មុន ហើយ​បាន​បែក​ហ្វូង​រត់​យករួចខ្លួន ខណៈ​ក្រុម​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​។​សមត្ថកិច្ច​បាន​ធ្វើការ​ដេញ​បំបែកហ្វូង តែ​អកុសល​បុរស​ម្នាក់​បាន​ដួល​ដេក​លើ​ភ្លឺស្រែ​ព្រោះតែ​ជម្ងឺ​គាំងបេះដូង ហើយក៏​បាន​ស្លាប់​គ្រា​ដែល​សមត្ថកិច្ច​ព្យាយាម​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​។​

​សព​អ្នក​ញៀន​និង​ល្បែង​ត្រូវបាន​គេ​បង្ហើប​អោយដឹងថា​ឈ្មោះ នៅ ដា រ៉ា អាយុ ៥៨ ឆ្នាំ មាន ទីលំនៅ ភូមិ យាង ថ្មី ឃុំ កូប ស្រុក អូរ ជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

​អ្នក​ដែល​ឃើញ​ហេតុការណ៍​និយាយថា​ករណី នេះ ជន រង គ្រោះ ទំនង ជា​ភ័យ ខ្លាច ខ្លាំងពេក និង​ប្រឹង​រត់ រហូត គាំងបេះដូង ដួល សន្លប់ ទើប​បណ្តាល ឲ្យ បាត់បង់ ជីវិត បែបនេះ​។​ហើយ​អ្វី​ដែល​គួរអោយ​កត់សម្គាល់​ទៀត​នោះ​គឺ​ដួល​សន្លប់​ទាំង​ដៃ​ក្តាប់ជាប់​មេអាប៉ោង​ខ្លាច​ជ្រុះ​។​

​សមត្ថកិច្ច អះអាង ថា អ្នកលេង ល្បែងស៊ីសង ( អាប៉ោង ) សមត្ថកិច្ច​គ្រាន់តែ ព្យាយាម​ឃាត់ខ្លួន ពួកគាត់​ដើម្បី ធ្វើការ អប់រំ តែ ប៉ុណ្ណោះ មិន មាន គោលការណ៍ ចាប់ ដាក់គុក​នោះទេ ប៉ុន្តែ​ដោយ​អ្នកលេង​ល្បែង​នោះ គាត់​ភ័យ​ពេក​រត់ រហូត​គាំងបេះដូង ដួល​ស្លាប់ ។ បន្ទាប់មក សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ តាម ប្រពៃណី ៕