លោកជំទាវ លាង ហៃ ជាវ តា​យ សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥៥​គ្រួសារ​

នា​ព្រឹក​ថ្ងៃ​ពុធ ៥​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ តុលា ឆ្នាំ​២០២០ នេះ​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត មាន​រៀបចំ​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥៥​គ្រួសារ ក្នុងនោះ​មក​ពី​ក្រុង​កំពត​ចំនួន​៤០​គ្រួសារ និង​ស្រុក​ទឹកឈូ​ចំនួន​១៥​គ្រួសារ ។ ក្រោម​អធិបតីភាព​លោកជំទាវ លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា ដោយ​មាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា មន្ត្រី​អនុសាខា អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម ។

​នា​ឱកាស​នោះ លោកជំទាវ​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ចាស់ជរា​គ្មាន​ទីពឹង ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកាន់យក​នូវ អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ។

​លោកជំទាវ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​អនុវត្ត​វិធី កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវី​ដ​១៩ (Covid-19) ដូចខាងក្រោម​៖

១. លាងដៃ​ឲ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់កុល​លាងដៃ ឬ​អាល់កុល​ហ្សែ​ល ។
២. ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ ។​
៣.​ជៀសវាង​ប៉ះពាល់​ជិតស្និត​ជាមួយ​អ្នក​ដែល​មាន​គ្រុ​នក្តៅ ក្អក ឬ​ផ្តាសាយ ។​
៤.​ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ។​
៥.​បរិភោគ​អាហារ​ចម្អិន​ឆ្អិន​បានល្អ ។​
៦.​ស្វាគមន៍​ដោយ​សំពះ ជំនួស​ការ​ចាប់ដៃ​។​
​ករណី​សង្ស័យ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ១១៥ ដោយ​ឥតគិតថ្លៃ ។​

​អំណោយ​ផ្តល់ជូន​រួមមាន​៖ អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ស្កសរ​១​គីឡូក្រាម ក្រមា​១ អាវយឺត​១​កញ្ចប់ និង​ថវិកា​ចំនួន​៤​ម៉ឺន​រៀល​ក្នុង​ម្នាក់ ព្រមទាំង​មាន​រៀបចំ​កម្មវិធី​ពិសារ​អាហារ​សមគ្គី​ជូន​ដល់​លាកយាយ លោកតា ផងដែរ​៕