អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្ស ធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ចំនួន​១៣​គ្រួសារ មកពី​ឃុំ​ភ្នំ​ប្រាសាទ​

ខេត្ត​កំពត ៖ នៅ​រសៀល​ថ្ងៃ​សុក្រ​៧​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​កំពង់ត្រាច មាន​រៀបចំ​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្ស ធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ចំនួន​១៣​គ្រួសារ មកពី​ឃុំ​ភ្នំ​ប្រាសាទ ក្រោម​អធិបតីភាព​លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រហម​ស្រុក ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិកា​រ​អនុសាខា និង​អាជ្ញាធរ​ឃុំ​ភ្នំ​ប្រាសាទ​។​

​នា​ឱកាស​នោះ លោក​ប្រធានកិត្តិយស​អនុសាខា បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ចាស់ជរា​គ្មាន​ទីពឹង ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកាន់យក​នូវ អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ។

​លោក​ប្រធាន​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​អនុវត្ត​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវី​ដ​១៩ (Covid-19) រួមមាន​៖

១. លាងដៃ​ឲ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់កុល​លាងដៃ ឬ​អាល់កុល​ហ្សែ​ល ។
២. ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ ។​
៣.​ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុ​នក្តៅ ក្អក ឬ​ផ្តាសាយ ។​
៤.​ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ។​
៥.​បរិភោគ​អាហារ​ចម្អិន​ឆ្អិន​បានល្អ ។​
៦.​ស្វាគមន៍​ដោយ​សំពះ ជំនួស​ការ​ចាប់ដៃ​។​
​ករណី​សង្ស័យ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ១១៥ ដោយ​ឥតគិតថ្លៃ ។​

​អំណោយ​ផ្តល់ជូន​រួមមាន​៖ អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ សម្ភារៈ​ផ្ទះបាយ​១​ឈុត និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល ។​