ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត ដឹកនាំ ក្រុមការងារ​គណបក្ស អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​គ្រួសារ​ជួប​ការលំបាក និង​ជន​ចាស់ជរា ចំនួន​២៧​គ្រួសារ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​

ស្រុក​កំពង់ត្រាច ខេត្ត​កំពត ៖ នា​រសៀល​ថ្ងៃ​សៅរ៍ ៨​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត អមដំណើរ​ដោយ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រាច ក្រុម​យុវជន​ទាំង​បី​ប្រភេទ ក្រុម​ចលនា​ស្ត្រី អភិបាលស្រុក អភិបាលរង​ស្រុក ក្រុមប្រឹក្សា​ស្រុក និង​មន្ត្រី​រដ្ឋបាល​ស្រុក បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​គ្រួសារ​ជួប​ការលំបាក និង​ជន​ចាស់ជរា ចំនួន​២៧​គ្រួសារ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខ ទុក្ខ​និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។ ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​ប្រធាន​ក៍​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ទៅ​លើ​ដំណាំ​កសិកម្ម​រួមផ្សំ​ដូចជា​៖ ការ​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់ ព្រោះ​វា​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ប្រចាំថ្ងៃ ហើយ​ការដាំដុះ និង​ចិញ្ចឹម​មាន់​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​តម្រូវ​តាម​ទីផ្សារ នាំមក​នូវ​សន្តិសុខ​ស្បៀង និង​ហិរញ្ញវត្ថុ សម្រាប់​គ្រួសារ​នី​មួយៗ នៅតាម​មូលដ្ឋាន​។​

​អំណោយ​ដែល​បាន​ចែក​ជូន​គ្រួសារ​ជួប​ការលំបាក ចាស់ជរា ចំនួន​២៧​គ្រួសារ ទទួល​បាន​ក្នុង​មួយ​គ្រួសារៗ​នូវ​៖ អង្ករ ២០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹកបរិសុទ្ធ​១​កេស និង​ថវិកា​២០,០០០៛ ព្រមទាំង​បាន​ជូន​កូន​មាន់​ពូជ ចំនួន​១១​គ្រួសារ ១​គ្រួសារ​/១០​កូន​មាន់ ជូន​កងកំលាំង ប្រជា​ការពារ ១០​នាក់ ម្នាក់ៗ​ទទួលបាន ២០,០០០៛ និង​ផ្តល់​ជូន​ថវិកា​កសិក​គំរូ​ចំនួន​៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ២០,០០០៛​ផងដែរ​។​

​បន្ទាប់មកទៀត ឯកឧត្តម​ប្រធាន និង​ក្រុមការងារ បាន​បន្ត​ដំណើរ​ចុះ​ត្រួតពិនិត្យ​ដល់​សួន​បន្លែ​របស់​កសិករ​ដោយផ្ទាល់ ផងដែរ​៕