​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង

ដោយ​ស្ថានភាព​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​តំបន់​សម្ពាធ​ទាប ហើយ​ក៏​កំពុង​បន្ត​ទទួល​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ទន្ទឹមនឹងនោះ​សម្ពាធ​ទាប​សកម្ម​(Active Low) នៅ​ចុង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​វិវត្ត​ប្រែប្រួល​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​ស្ថានភា​ពធាតុ​អាកាសនៅ​ក្នុងប្រ​ទេស​កម្ពុជា​យើង​ទទួល​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជា​ច្រើន​ថ្ងៃ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​បណ្ដាល​ឲ្យ​ខេត្ត​ភាគ​ពាយ​ព្យ និង​ភាគ​ខាងជើង​ស្ថិតក្នុង​ភូមិសាស្ត្រ​ជាប់​ជួរ​ភ្នំ​ដងរែក ជួរ​ភ្នំក្រវាញ បន្ត​ទទួល​រង​នូវ​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​ជា​បន្តបន្ទាប់ ។ ក្នុងពេល​ជាមួយគ្នា​នោះ​នៅ​តំបន់​មាត់សមុទ្រ និង​លើ​ផ្ទៃសមុទ្រ​អាចមាន​ភ្លៀង ខ្យល់​បក់បោក លាយឡំ​នឹង​រលក​សមុទ្រ​ខ្ពស់​។​

​ដោយ​ចំនុច​មួយចំនួន​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ត្រូវបាន​លិច​ដោយ​ទឹកជំនន់ នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង បាន​ចេញ​សេចក្ដីជូនដំណឹង សូមឲ្យ​ធ្វើ​ការផ្អាក​បណ្ដោះអាសន្ន​នូវ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ដើម្បី​ធានា​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​ជូន​បងប្អូន​ប្រជាព​រដ្ឋ​និង​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើត​ជា​យថាហេតុ ។

​ដោយហេតុនេះ សូម​ប្រជាពលរដ្ឋ រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​តំបន់​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ត្រូវ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​។ ជាមួយគ្នា​នោះ សូម​អរគុណ​ដល់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​សូម​បន្ត​ចាត់វិធានការ​ចាំបាច់​នានា និង​ដឹកនាំ​កម្លាំង​ក្នុង​ការចេញ​ទៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ តាម​ភូមិសាស្ត្រ ដែល​ទទួលខុសត្រូវ ឱ្យបាន​ទាន់​ពេលវេលា ដើម្បី​ទប់ទល់​នឹង​គ្រោះ ទឹកជំនន់ ព្រមទាំង​កាត់​បន្ថយ ឱ្យបាន​ជា​អតិបរមា​នូវ​ការលំបាក​និង​ផលប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​នានា និង​សូម​អរគុណ​ដល់​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​៕