​មន្ទីរ​សាធារណការ ៖ ខេត្ត​បាត់ដំបង ផ្អាក​បណ្តោះអាសន្ន រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ខេត្ត ផ្លូវជាតិ ទូទាំង​ខេត្ត​

​ខេត្ត​បាត់ដំបង ៖ នៅ​មុន​នេះ​បន្តិច មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី ៖ ផ្អាក​បណ្តោះអាសន្ន​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ខេត្ត ផ្លូវជាតិ ទូទាំង​ខេត្ត​បាត់ដំបង​។

​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់ សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បាត់ដំបង មេត្តា​ជ្រាប​ថា ៖ ក្រោយ​ទទួលរង ឥទ្ធិពល​ព្យុះ​ជា​បន្តបន្ទាប់ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​យ៉ាង​ដំណំ បាន​បណ្តាល​ឲ្យ​ផ្លូវ​ទូទាំង​ខេត្ត រង​នូវ​ការខូចខាត​យ៉ាង​ខ្លាំង ។​

​ដើម្បី​ការពារ​សុវត្ថិភាព​ធ្វើដំណើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច កើតមានឡើង​ជា​យថាហេតុ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង សូម​ធ្វើ​ការផ្អាក បណ្តោះអាសន្ន​នូវ រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទូទាំង​ខេត្ត​បាត់ដំបង ចាប់ពីេ​ពល​ជូនដំណឹង​នេះ​តទៅ ហើយ​នឹង​ធ្វើ​ការបើកឲ្យ​ចរាចរណ៍​ឡើងវិញ​នូវ​រថយន្ត​ធុន​ធំ គ្រប់​ប្រភេទ បន្ទាប់​ពី​ស្ថានភាព​ទឹកជំនន់​ថយចុះ និង​ក្រោយ​ការជួសជុល​រួចរាល់ ។​

​ក្រោយពី​ទទួលបាន​សេចក្តីជូនដំណឹង​នេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ នឹង​អនុវត្ត​បាន​ល្អ​នូវ​សេចក្តីជូនដំណឹង​នេះ ដោយ​ស្មារតី​យោគយល់ និង​សូម​ធ្វើដំណើរ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់​៕