​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លើ​ខ្នង​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត ដែល​កំពុង​យាយី​ដោយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​

នៅវេលា​ម៉ោង ២០:០០​នាទី​យប់​ថ្ងៃអាទិត្យ ៩​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បន្ត​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លើ​ខ្នង​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត នៅ​ទីតាំង​វត្ត​ចំការ​ខ្សាច់ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​កំពុង​យាយី​ដោយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ។

​ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជាក់ស្តែង​ទាំង​យប់​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ណែនាំ​បន្ថែម​ដល់​ក្រុម​ការងារ​បច្ចេកទេស​ឲ្យ​យកបាវ​ខ្សាច់ម​ករៀប​លើ​ខ្នង​ទំនប់​កម្ពស់ ០,៥០ ម៉ែត្រ ដើម្បី​លើកកម្ពស់​ខ្នង​ទំនប់​បន្ថែម​បង្ការ​លំហូរ​ទឹក​ពី​លើ​ខ្នង​ទំនប់​ដែល​អាច​បង្ក​ឲ្យមាន​លិច​លង់ដល់​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាងក្រោម ។​

​សូមបញ្ជាក់​ថា ស្ថានភាព​ទឹក​នៅ​បន្ត​ឡើង​បន្ថែមទៀត តែ​មិន​ទាន់​មាន​អ្វី​ដែល​ជា​ការ​យាយី​ដល់​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដោយ​ក្រុម​ការងារ​បច្ចេកទេសរ​បស់​ក្រសួង​បាន​ធ្វើ​ការបិទ​រូង​នាគ​ជាច្រើន​កន្លែង​នៅ តាម​តួ​ទំនប់​និង​យាម​ប្រចាំការ ២៤ ម៉ោង​លើ ២៤ ម៉ោង អស់ រយៈពេល​ជាង​១​សប្តាហ៍​មក​ហើយ ។

​ជា​សំណូមពរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដល់​ស្ថាប័ន​ដែល​កំពុង​ធ្វើ​ការដ្ឋាន ក៏​ដូចជា​បណ្តា​ក្រុមហ៊ុន​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​យើង មេត្តា​រក្សា​នូវ​ទំហំ ឬ ច្រក​មុខទឹក​ចាស់ ដើម្បី​ធានា​ដល់​ការ​ដោះ​ទឹក​ឲ្យមាន​ប្រសិទ្ធភាព​ទាន់ពេលវេលា បើ​ពុំនោះ​ទេ​រាជធានី​ភ្នំពេញ​នឹង​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ៕