​ជំនន់​ទឹកភ្លៀង​ធ្វើឲ្យ​លិចលង់​នៅ​ស្រុក​គាស់ក្រឡ ដែល​ជា​ស្រុក​មួយ​តែង​ជួប​បញ្ហា​គ្រោះរាំងស្ងួត​

​បញ្ហា​ជំនន់​ទឹកភ្លៀង​នា​ចុង​រដូវវស្សា ក្នុង​ឆ្នាំ​២០២០​នេះ មិន​ត្រឹមតែ​បង្ក​ឲ្យមាន​ការជន់​លិច​នៅ​តាម​បណ្ដា​ស្រុក​ជាប់​នឹង​ស្ទឹងធំៗ​ក្នុង​ខេត្ត ឬ​ស្រុក​ជាប់​ព្រំដែន​ថៃ​នោះទេ វា​ក៏​បាន​បង្ក​ឲ្យមាន​ការលិចលង់ និង​ប៉ះពាល់​ដល់​ស្រុក​គាស់ក្រឡ ដែល​ជា​ស្រុក​មួយ​តែង​ជួប​បញ្ហា​គ្រោះរាំងស្ងួត​សឹង​រាល់​ឆ្នាំ និង​មាន​ស្ថាន​ដី​ខ្ពស់​មិន​ងាយ​មាន​ទឹកជំនន់​ហូរ​ដល់ ស្ទើរតែ​គ្រប់​ឃុំ ។​

​ដោយ​ទឹកជំនន់​ហូរ​ដល់​ស្រុក​គាស់ក្រឡ​នេះ គឺ​ហូរ​ចេញពី​ស្រុក​សង្កែ និង​ស្រុក​បាណន់ ព្រោះថា ស្រុក​ទាំង​ពីរ​នេះ កំពុង​ជួប​បញ្ហា​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​ផងដែរ ក្នុង​ចំណោម​បណ្ដា​ក្រុង និង​ស្រុក​មួយចំនួន​ទៀត ។​
​លោក ញឹក សា​រ៉ែ​ន អភិបាល​ស្តីទី​ស្រុក​គាស់ក្រឡ បាន​លើកឡើង​ថា ទឹកជំនន់​នាពេលនេះ បាន​ប៉ះពាល់​ខ្លាំង​នៅក្នុង​ឃុំ​ហប់ រហូតដល់​មាន​ការលិចលង់​ផ្ទះ​ពលរដ្ឋ​ចំនួន​៧៩​គ្រួសារ និង​ត្រូវបាន​អាជ្ញាធរ និង​កងកម្លាំង​ទាំង​៣ បាន​ជួយ​អន្តរាគមន៍​យក​មក​កាន់​ទី​ទួល​សុវត្ថិភាព ដោយ​មិន​មានអ្នគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។​

​លោក​អភិបាលស្រុក​ស្តីទី បានបញ្ជាក់​ថា ចំពោះ​ទឹកជំនន់​នេះ ក៏​បាន​ហូរ​ចូល​ក្នុង​ស្រះ​ទឹក​ធំៗ​ក្នុងស្រុក​ទាំងមូល ដើម្បី​ទុក​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នាពេលខាងមុខ ហើយ​កម្រិត​ទឹក​ដែល​ចូល​ក្នុង​ស្រះ​ទឹក​ទាំងអស់នោះ នឹង​ធ្វើឲ្យ​ស្រុក​គាស់ក្រឡ ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​បាន​មួយផ្នែកធំ​ផងដែរ ។​

​ពលរដ្ឋ​ជួប​គ្រោះទឹកជំនន់ រស់​នៅក្នុង​ឃុំ​ហ​ប់ បាន​លើកឡើង​ថា ក្នុង​តំបន់​ពួក​គាត់​រស់​នៅ​មិន​ដែល​ជួប​បញ្ហា​គ្រោះ​ទឹកជំនន់​ដូច​ឆ្នាំ​នេះ​ទេ ដោយ​វា​បាន​ឡើង​ខ្លាំង​ជាង ឆ្នាំ​២០១៣​ទៅទៀត និង​បណ្ដាលឲ្យ​មាន​ការលិចលង់​ផ្ទះសម្បែង ស្រែចម្ការ រួម​ទាំង​ផ្លូវ​មួយចំនួន ធ្វើឲ្យ​ពួកគាត់​ពិបាក​ក្នុង​ការធ្វើដំណើ​រ ប៉ុន្តែ​យ៉ាងណា​ក៏​អរគុណ​ដល់​អាជ្ញាធរ​ស្រុក និង​កងកម្លាំង​នានា ដែល​បាន​ជួយ​អន្តរាគមន៍​នាំ​ពួកគាត់​មក​កាន់​ទី​ទួល​សុវត្ថិភាព ។​

​ក្នុង​ពេល​ចុះ​ចែក​ស្បៀង​សង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​ស្រុក​គាស់ក្រឡ និង​ស្រុក​សង្កែ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង អំពា​នវ​នាវ​ពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កូនចៅ​ដោយ​ត្រូវ​ហាម​មិន​ឲ្យ​លេងទឹក​ផ្ដេសផ្ដាស់ ខាង​មាន​គ្រោះថ្នាក់​ជា​យថាហេតុ និង​ត្រូវ​នាំ​គ្នា​ថែរក្សា​សុខភាព ។​

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា ចំពោះ​ទឹកជំនន់​នៅ​ខេត្ត​បាត់ដំបង គិត​ត្រឹម​ថ្ងៃទី​១២​តុលា មាន​ស្រុក​មួយចំនួន​បាន​ធូរស្បើយ ខណៈ​មួយចំនួនទៀត​នៅ​ធ្ងន់ធ្ងរ​នៅឡើយ ពិសេស​ស្រុក​នៅ​ខាងក្រោមៗ​ស្ទឹង​ធំៗ ដោយ​អាជ្ញាធរ​ខេត្ត កំពុង​ជួយ​សង្គ្រោះ​ពលរដ្ឋ នាំ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព រួម​ទាំង​ផ្ដល់​នូវ​ស្បៀងអាហារ និង​ថ្នាំសង្កូវ​ជូន​ដល់​ពលរដ្ឋ ហើយ​ចំពោះ​ស្ថានភាព​ទឹកជំនន់​នៅ​ស្ទឹង​សង្កែ ក៏​បាន​ស្រក​បន្តិច​ដែរ ៕