ក្រសួង​កសិកម្ម បាន​ផ្តល់​ពូជ​ត្រី​អណ្តែង ជូន​ប្រជាពលរដ្ឋ ៦០​គ្រួសារ នៅក្នុង​ខេត្ត​ឧត្តរមានជ័យ !

​ខេត្ត​ឧត្តរមានជ័យ​៖ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ លោក ហាស់ សារ៉េត បាន​ដឹកនាំ​ក្រុមការងារ ដែល​មាន​ការចូលរួម​ពី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ បាន​នាំ​យក​ពូជ​ត្រី អណ្តែង ចំណី​ត្រី វីតាមីន រួម​នឹង​តង់​ប្លា​ស្ទិក​ដាក់​ត្រី ទៅ​ចែកជូន​ប្រជាពលរដ្ឋ ៦០​គ្រួសារ នៅក្នុង​ដំណាក់ កាល នៃ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ដ៏​គួរឲ្យ​ព្រួយបារម្ភ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន និង​ក្នុង​សហគមន៍ ឲ្យមាន​ភាព​ប្រសើរ​ឡើង​។ ពិធី​ចែក​ពូជ​ត្រី​នេះ បាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១១​តុលា ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ខេត្ត​ឧត្តរមានជ័យ លោក សូត្រ ស៊ី​សុខ​ឃាង បានឲ្យដឹងថា ពូជ​ត្រី​ដែល​ត្រូវ​ចែក​ជូន​បងប្អូន​ពលរដ្ឋ​នៅ​ពេល​នេះ គឺធ្វើឡើង​ក្នុង​ជំហាន​ទី​១ មាន​៦០​គ្រួសារ ក្នុងនោះ មាន​ពូជ​ត្រី​អណ្តែង ចំណី​ត្រី វីតាមីន និង​តង់​ប្លា​ស្ទិក ដោយ​ក្នុង​១​ក្រួសារៗ ទទួលបាន​ពូជ​ត្រី អណ្តែង ៧០០​កូន​ត្រី ចំណី​ត្រី ៤​កា​រ៉ុង​ធំ តង់​ប្លា​ស្ទិក​ទំហំ​៤×៦​សំរាប់​ចិញ្ចឹម​ត្រី ចំនួន​១ វី​តា​មី ៣​កញ្ចប់ និង​ផ្តល់​ការជួយ​ផ្តល់​បច្ចេកទេស ពី​ពិធី​សាស្ត្រ​ផ្សេងៗ សម្រាប់​ការតាមដាន​ក្នុង​ការចិញ្ចឹម​ត្រី ជូន​ពួកគាត់ មាន​រយះពេល ២​ខែ ពី​មន្ត្រី​ជំនាញ​កសិកម្ម ផងដែរ​។​

​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ លោក ហាស់ សារ៉េត មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​ភ្លាមៗ និង​ដោយ​មើលឃើញ​ជីវភាព​ខ្វះខាត​របស់​បង​ប្អូន​ប្រជាពលរដ្ឋ រស់នៅ​តាម​មូលដ្ឋាន ក្នុង​អំឡុង​ពេល​ជួប​វិបត្តិកូ​វីដ​-19 នេះ រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់ ពី​បញ្ហា ប្រឈម​នានា របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​កសិករ​ចិញ្ចឹម​ត្រី​ជា​លក្ខណះ​គ្រួសារ ដើម្បី​បង្កើន និង​លើក កម្ពស់​ជីវភាព​រស់នៅ​របស់​បងប្អូន ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នោះ រដ្ឋាភិបាល បាន​ចំណាយ​ថវិកា​ជាច្រើន សំរាប់​ជួយ​លើ​វិស័យ​កសិកម្ម ដើម្បី​ធានា​សន្តិសុខ​ស្បៀង ជួយ​ដល់​ប្រជាពលរដ្ឋ តាមរយះ​ក្រសួង​កសិកម្ម​។​

​លោក​រដ្ឋលេខាធិការ​ក្រសួង បាន​បន្តថា បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ ក៏​ទទួលបាន​ការផ្តល់ ជូន​ពូជ​ត្រី ចំណី​ត្រី តង់​ប្លា​ស្ទិក វីតាមីន និង​សម្ភារៈ​នានា​ជាច្រើន​ទៀត ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេ សាទ សម្រាប់​ជា​ទុក​ក្នុង​ការប្រកប​របរ​ចិញ្ចឹម​ជីវភាព នៅក្នុង​ដំណាក់កាល នៃ​វិបត្តិ​ជំងឺ​កូវី​ដ​១៩​នេះ​។ លោក​បាន​បញ្ជាក់ថា កក្តា​ទាំងអស់នេះ​ហើយ អាច​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​មូលដ្ឋាន និង​សហគមន៍ ក្នុង​ការបង្កើត​មុខរបរ​លើ​ការចិញ្ចឹម​ត្រី ហើយ​បងប្អូន​ក៏​ត្រូវ​ខិតខំ​ដាំ​ដំណាំ​រួមផ្សំ​នានា ដើម្បី ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​ថែម​ទៀត​៕