​អាជ្ញាធរ​ខេត្ត​កំពង់ធំ សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តល់​ថវិកា​៥​ម៉ឺន​ដុល្លារ សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដោយសារ​ទឹកជំនន់​

កំពង់ធំ​៖ លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តល់​ថវិកា​៥​ម៉ឺន​ដុល្លារ អាមេរិក សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដោយសារ​ទឹកជំនន់​នៅក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ចំនួន​៣​ទៀត​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងថា «​ខ្ញុំបាទ សុខ លូ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ តំណាងឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ព្រមទាំង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ផ្ដល់​ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​»​។​

​ទន្ទឹមនឹងនេះ​ដែរ លោក​ក៏​បាន​គោរព​ដឹងគុណ​ជានិច្ច​ចំពោះ​ទឹក​ចិត្តសប្បុរស​របស់​ស​ម្តេច ដែល​តែងតែ​យកចិត្តទុកដាក់​សន្តោស​ប្រណី​អាណិត​ស្រឡាញ់​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​។ សូម​គោរព​ជូនពរ សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​ឡាយ​បួន​ប្រការ​គឺៈ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ចេញ​ថវិកា​សប្បុរសធម៌ ដោយ​ផ្តល់​ជូន​ដល់​រាជធានី​-​ខេត្ត ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ចំនួន​៦ ក្នុង​មួយ​រាជធានី​-​ខេត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម​, រាជធានី​-​ខេត្ត​ចំនួន​៦ ដែល​នឹង​ត្រូវ​ទទួលបាន​ថវិកា​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​នាពេលនេះ មាន​ខេត្ត​បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​ជា​ដើម​។​

​សូមបញ្ជាក់​ថា ជំនន់​ទឹកភ្លៀង ដែល​បង្កឡើង​ដោយ​ព្យុះ​បន្តបន្ទាប់​កន្លង​មកនេះ បាននិងកំពុង​វាយលុក នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ក្នុងប្រទេស​កម្ពុជា បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​រដ្ឋ​-​ឯកជន​មួយ​ចំនួន​ផងដែរ​។​

​ឆ្លើយតប​នឹង​ស្ថានភាព​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ យកចិត្តទុកដាក់​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា និង​ជំរុញ​ចាត់វិធានការ​ចាំបាច់​នានា និង​ដឹកនាំ​កម្លាំង​ក្នុង​ការចេញ​ទៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ តាម​ភូមិសាស្ត្រ ដែល​ទទួលខុសត្រូវ ដើម្បី​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ព្រមទាំង​កាត់​បន្ថយ​ឱ្យបាន​ជា​អតិបរមា​នូវ​ការលំបាក និង​ផលប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​នានា​។​

​ជាមួយ​នឹង​ការអំពាវនាវ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួល​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា​៕