អភិបាលខេត្ត​កែប​បញ្ជា​ឲ្យ​អ្នកចាក់ដី​លុប​សមុទ្រ​កាយ​ចេញ​វិញ​ជាបន្ទាន់​

កែប ៖ សកម្មភាព​ចាក់​ដី​លុប​សមុទ្រ​នៅ​ចំណុច​ភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​អភិបាល​ខេត្ត​បញ្ជា​ឱ្យ​កាយ​ចេញ​វិញ​ជា​បន្ទាន់​ដែល​បុគ្គល​ឈ្មោះ​គង់​យន្ត​ដែលមាន​ងារ​ជា​ក្រុមប្រឹក្សា​ឃុំ​អង្កោល​បាន​ចាក់ដី​លុប​សមុទ្រ​ទាំង​បំពាន​ច្បាប់ ខណៈ​ដែល​ខ្លួន​ឯង​គឺជា​មន្ត្រី​អនុវត្ត​ច្បាប់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អំពែង​ឃុំ​អង្កោល​បាន​សម្ដែង​ការហួសចិត្ត​យ៉ាងខ្លាំង​ចំពោះ​លោក​គង់​យន្ត​មាន​តួនាទី​ជា​មន្ត្រី​ហេតុ​អ្វី​ធ្វើ​ជា​គំរូ​អាក្រក់​ដល់​ប្រជាជន​បែបនេះ​។​

​ពលរដ្ឋ​បាន​អ្នកសារព័ត៌មាន​ក្នុងស្រុក​ឲ្យដឹងថា បើ​ជា​ពួកគាត់​ជា​ប្រជាពលរដ្ឋ​សាងសង់​តូប​ឬ​ក៏​ធ្វើ​អ្វី​មួយ​នៅ​មាត់សមុទ្រ​ត្រូវតែ​សុំ​ច្បាប់​ឬ​សុំ​ច្បាប់​ហើយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មិន​អនុញ្ញាត​ឲ្យ​សាងសង់ផង​ចុះ​ហេតុអ្វី​បានជា​លោក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់នេះ​ហ៊ាន​ដល់​ចាក់ដី​លុប​សមុទ្រ​មិន​ខ្លាច​ញញើត​បន្តិច​សោះ​ឬមួយ​លោក​មាន​អ្នក​នៅ​ពី​ខាងក្រោយ​ខ្នង​បានជា​ហ៊ាន​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​។​

​លោក ម៉ី ជី មេឃុំ​អង្កោល​បានឲ្យដឹងថា មួយ​រយៈ​នេះ​គាត់​ឈឺ​គាត់​បាន​ប្រគល់​ការងារ​ឲ្យទៅ​ជុំ​ទុក​ទី​១​ឯ​រឿង​លោក​ក្រុមប្រឹក្សា​ឃុំ​ចាក់ដី​លុប​សមុទ្រ​នេះ​លោក​មិន​គាំទ្រ​នោះ​ទេ​ក្នុងនាម​ខ្លួន​គឺជា​មន្ត្រី​ធ្វើ​អ្វី​តាមតែ​ទំនើងចិត្ត​ធ្វើឲ្យប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​និង​ជា​គំរូ​អាក្រក់ ។​

​សូមបញ្ជាក់​ផងដែរ​ថា​សកម្មភាព​ចាក់​លុប​ដី​សមុទ្រ​នេះ​ត្រូវបាន​ឯកឧត្តម​សោម​ពិសិដ្ឋ​អភិបាលខេត្ត​កែប​បញ្ជា​ឲ្យ​កាយចេញ​វិញ​ជា​បន្ទាន់​ ​ឥឡូវនេះ លោកស្រី គឹម ចាន់នី អភិបាលស្រុក​ដំណាក់​ចង្អើរ​បាន​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​សកម្មភាព​កាយ​ដី​វិញ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់កា​រ​របស់​អភិបាលខេត្ត​ទៅលើ​ជនខិលខូច​រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​៕