​ពលរដ្ឋ​៧០​គ្រួសារ​កំពុង​អត់​ផ្លូវ​ប្រើប្រាស់​ដោយសារ​បុគ្គល​ម្នាក់​រំលោភ​យក​ដី​ប្រឡាយ​របស់​រដ្ឋ​

កំពត ៖ ប្រជាពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ​នៅ​ក្នុង​ខេត្ត​កំពត​កំពុង​អត់​ផ្លូវ​ប្រើប្រាស់​ដោយសារ​តែ​បុគ្គល​ម្នាក់​បាន​រំលោភ​យក​ដី​ប្រឡាយ​ឬ​ផ្លូវភ្លោះ​ដែល​ពួកគេ​ធ្លាប់​ធ្វើដំណើរ​ចេញ​ចូល​ពី​ថ្នល់ជាតិ​ទៅ​ស្រែ​និង​ទៅ​ផ្ទះ​។​

​ពលរដ្ឋ​បានឱ្យដឹងថា​អាជ្ញាធរ​ភូមិ​ឃុំ​បាន​ចុះ​ទៅ​ហាមឃាត់​បុគ្គល​នោះដែរ​ប៉ុន្តែ​គេ​មិន​ស្តាប់​ខណៈ​ដែល​អាជ្ញាធរ​ស្រុក​វិញ​បាន​ត្រឹម​តែ​មក​សន្យា​ហើយ​សន្យា​ទៀត​អូសបន្លាយ​រាប់​ខែ​គ្មាន​ដំណោះស្រាយ​។​

​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រែ​ជាប់​មាត់​ប្រឡាយ​ដែល​គេ​រំលោភ​យក​នៅក្នុង​ឃុំ​សម្រោងក្រោម​ស្រុក​បន្ទាយមាស​បាន​លើកឡើង​ថា​នៅ​ឃុំ​នេះ​មាន​ប្រឡាយទឹក​បន្សល់ទុក​ពី​សម័យ​ប៉ុលពត​ជាច្រើន​ខ្សែ​ដែល​បច្ចុប្បន្ន​ប្រឡាយ​ទឹក​នេះ​បាន​ក្លាយ​ជា​ផ្លូវ​សម្រាប់​ចេញ​ចូល​ផ្ទះ​របស់​អ្នកភូមិ​។​

​កន្លងមក​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​ហ៊ាន​ចាក់ដី​លុប​ឬ​ធ្វើ​របង​បិទផ្លូវ​ប្រឡាយ​នោះ​ទេ​តែ​ម្ចាស់​ទីតាំង​ដី​ជាប់​ផ្លូវជាតិ​ម្នាក់​ពិត​ជាំ​មាន​ឥទ្ធិពល​ខ្លាំងណាស់​ព្រោះ​អាជ្ញាធរ​ភូមិ​ឃុំ​បាន​ចុះ​ហាមឃាត់​ច្រើនដង​ប៉ុន្តែ​គេ​នៅតែ​មិន​ស្តាប់​រហូត​ដល់​ពលរដ្ឋ​បាន​ដាក់​ពាក្យ​ស្នើសុំ​បើកផ្លូវ​ដល់​រដ្ឋបាល​ខេត្ត​ហើយ​រដ្ឋបាល​ខេត្ត​បាន​ចុះ​មក​ពិនិត្យ​និង​ឱ្យ​រក្សា​ប្រឡាយ​ទុក​ដូចដើម​។​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ឆ្ងល់​នោះ​គឺ​អាជ្ញាធរ​ស្រុក​បន្ទាយមាស​ដែល​បាន​សន្យាថា​ជួយ​ដោះស្រាយ​ម្តង​ហើយ​ម្តងទៀត​រាប់​ខែ​ទៅ​ហើយ​នៅតែ​គ្មាន​លទ្ធផល​បន្តិច​សោះ​។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​ការបិទផ្លូវ​ប្រឡាយ​នេះ​គឺជា​បិទ​ផ្លូវ​ធ្វើ​ដំណើរ​របស់​ពួកគេ​ពី​ផ្ទះ​ទៅ​ផ្លូវជាតិ​។​

​ប្រជា​ពលរដ្ឋ​នឹង​វាយ​ជញ្ជាំង​របង​បិទផ្លូវ​ប្រឡាយ​នេះ​ចេញ​ក្នុង​ពេល​ឆាប់ៗ​ប្រសិនបើ​អាជ្ញាធរ​ស្រុក​គ្មាន​ដំណោះ​ឱ្យ​ពួកគេ​។​ប្រជាពលរដ្ឋ​ទាំង​៧០​គ្រួសារ​ស្នើឱ្យ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ជាពិសេស​ឯកឧត្តម​អភិបាលខេត្ត​ជួយ​ពន្លឿន​ដោះស្រាយ​បើកផ្លូវ​ជូន​ពួ​កគេប្រើប្រាស់​ដូចដើម​វិញ​ឱ្យបាន​ឆាប់រហ័ស​៕​អួ​ង​វ៉ឹ​ង​