អភិបាល​ខេត្ត​ព្រះវិហារ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត គ្រា​ដែល​ទឹក​ស្ទឹងសែន បាន​បន្ត​ហក់​ឡើង​លើស​កម្ពស់ គួរ​អោយ​ប្រុងប្រយ័ត្ន ហើយ​នៅ​ថ្ងៃនេះ !

​ខេត្ត​ព្រះវិហារ​៖ អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ឡុង សុវណ្ណ បាន​ដឹកនាំ​មន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ ចុះ​តាមដាន និង​ពិនិត្យ​ស្ថានភាព​ជំនន់ ទឹកភ្លៀង​ជាច្រើន​កន្លែង នៅក្នុង​ភូមិសាស្ត្រ​ខេត្ត ស្របពេល​ដែល​ដំណក់ទឹកភ្លៀង នៅតែ​បន្ត​ធ្លាក់​ជាប់ៗ​គ្នា នា​ច្រើន​ថ្ងៃនេះ រីឯ​ទឹក​ស្ទឹងសែន បាន​បន្ត​ហក់​ឡើង​លើស​កម្ពស់​កម្រិត​ប្រកាសអាសន្ន នា​ព្រឹក​ថ្ងៃទី​១៦​តុលា ឆ្នាំ​២០២០​នេះ​។​

​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នា​ថ្ងៃនេះ អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន​ខេត្ត រួម​នឹង​មន្ត្រី​សំខាន់ៗ​ជាច្រើនរូប​ទៀត បាន​ចុះទៅពិនិត្យ​ទឹក​ស្ទឹងសែន ,​ទំនប់​បង្ហៀរទឹក នៃ​តំបន់ ទេសចរណ៍​ទំនប់​៩៥ ស្ថិត​ក្នុង​ក្រុង​ព្រះវិហារ និង​បាន​បន្តដំណើរ​ឆ្ពោះទៅ​កាន់​ឃុំ​ពុទ្ធ្រា ស្រុក​ជ័យ​សែន ថែមទៀត​ផង​។​

​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ព្រះវិហារ លោក ចាប កុយ បាន​ថ្លែង​ប្រាប់ឲ្យដឹង​ថា បន្ទាប់​ពី​ពិនិត្យឃើញថា ភ្លៀង​បាន​បន្ត​ធ្លាក់​ជាប់ៗ​គ្នា​នា​ច្រើន​ថ្ងៃ​នេះ និង​ទឹក​ស្ទឹងសែន ក៏​ដូចជា​ទំនប់​បង្ហៀរ ទឹក​នានា​ទៀត បាន​បន្ត​ហក់​ឡើង​ខ្ពស់​នោះ រដ្ឋបាលខេត្ត និង​មន្ទីរ​ធនធានទឹក បាន​ចេញ​សេចក្តីជូនដំណឹង ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សែន ត្រូវមាន​ការប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណៈ​បង្ការ​ទុក​មុន ព្រោះ​កម្ពស់​ទឹក​ស្ទឹងសែន អាច​ហក់​ឡើង​លើស​នេះ​បន្ត​ទៀត​។ លោក ចាប កុយ បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត មេត្តា​ផ្តល់​ព័ត៌មាន​នេះ ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ដឹង​ជា​មុន​ផង គ្រា​ដែល​ទឹក​ស្ទឹងសែន នៅ​ថ្ងៃ​ទី​១៦​តុលា នេះ បាន​បន្ត​ហក់​ឡើង​ដល់​កម្ពស់ ១១.៥៨​ម៉ែត្រ ខុស​ពី​ថ្ងៃ​ម្សិលមិញ ទឹក​មាន​កម្ពស់ ១១.៥០​ម៉ែត្រ និង​នៅ​ថ្ងៃ នេះ​ទឹក​ឡើង​លើស​កម្រិត ដែល​ត្រូវ​ប្រុងប្រយ័ត្ន ០.០៨​ម៉ែត្រ​។​

​អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បាន​មានប្រសាសន៍ថា នៅ​ពេល​ថ្មីៗ​កន្លងមកនេះ រដ្ឋបាលខេត្ត បាន​ចេញ​សេចក្តីជូនដំណឹង ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ស្ទឹងសែន ដង​ទន្លេ មេគង្គ និង​តំបន់​ទំនាប​នានា​ទៀត ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​គ្រោះទឹកជំនន់​នេះ រួចមកហើយ​។ លោក​បាន​បន្តថា នៅ​ថ្ងៃ​នេះ​បន្ទាប់ពី​ទឹក​ស្ទឹងសែន បាន​បន្ត​ហក់​ឡើង​លើស​កម្ពស់​ប្រកាសអាសន្ន លោក អភិបាលខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ និង​បាន ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​គ្រប់​ប្រភេទ ត្រូវ​ត្រៀម​មធ្យោបាយ សម្ភារៈ និង​កម្លាំង​សរុប ដើម្បី​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា​។ លោក​អភិ បាល​ខេត្ត បាន​ក្រើនរំលឹក​ដល់​មន្ត្រី​មូលដ្ឋាន ត្រូវ​បន្ត​តាមដាន​ពី​ស្ថានភាព​ទឹកភ្លៀង នៅតាម​មូលដ្ឋាន​រៀងៗ ខ្លួន ឲ្យបាន​ជាប្រចាំ និង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងស្ទឹង​សែន ត្រូវ​មានការ ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ហើយ​ក៏​ត្រូវ​ត្រៀម​លក្ខណៈ​គ្រប់បែបយ៉ាង ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី ទួល​មាន​សុវត្ថិភាព គ្រា​ទឹកជំនន់​បន្ត​ហក់​ឡើង បង្ក​ជា​គ្រោះមហន្តរាយ បំផ្លិចបំផ្លាញ​លំនៅដ្ឋាន ភូមិ​ករ និង​ទ្រព្យសម្បត្តិ​របស់​ពួកគាត់ ។​

​អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ឡុង សុវណ្ណ បាន​ដាក់បទបញ្ជា​ដល់​មន្ត្រី​ខេត្ត ក្រុង ស្រុក និង​កងកម្លាំង​ទាំង​៣ ត្រូវ​ត្រៀម​មធ្យោបាយ​សរុប និង​កម្លាំង សរុប ដើម្បី​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នៅក្នុង​រដូវ​ភ្លៀង​ធ្លាក់ និង​គ្រោះ​ទឹកជំនន់​នេះ ឲ្យបាន ទាន់ពេលវេលា ដោយ​មិន​ត្រូវ​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់ ឲ្យ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ជាដាច់ខាត​៕