​មន្ត្រីនគរបាល ៣​នាក់ បាន​បាត់បង់​ជីវិត ក្រោយ​ការផ្ទុះអាវុធ​នៅក្នុង​អង្គភាព វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៩០៥ ក្នុង​ខេត្ត​ឧត្តរមានជ័យ !

ខេត្ត​ឧត្តរមានជ័យ ៖ ស្នូរ​ផ្ទុះអាវុធ​បានលឺ​កងរំពង ចេញពី​អង្គភាព​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៩០៥ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​បណ្តាល​ឲ្យ​មន្ត្រីនគរបា​ល ៣​នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដែល​ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​វេលា​ល្ងាច ថ្ងៃទី​៦​វិច្ឆិកា​ឆ្នាំ​២០២០​។​

​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ពិតជា​មាន​ករណី​ផ្ទុះអាវុធ​នោះ​កើតឡើង​មែន និង​នៅ​ក្រោយ​ការផ្ទុះអាវុធ មាន​មន្ត្រី​នគរបាល ៣​នាក់ បាន​រង​ការបាត់បង់​ជីវិត ក្នុងនោះ ១.​ឈ្មោះ អ៊ុ ឈ​យ មាន​ឋានៈ​អនុសេនីយ៍ឯក មាន​តួនាទី​ជា​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចុង​ព្រិច ,២.​ឈ្មោះ ហ៊ុន ប៊ី មាន​ឋានៈ​អនុសេនីយ៍ឯក មាន​តួនាទី​ជា​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចុង​ព្រិច និង ៣.​ឈ្មោះ ស្រេង រាសី មាន​ឋានៈ​អនុសេនីយ៍ឯក មាន​តួនាទី​ជា​នាយ​ផ្នែក​ស៊ើប​ការ​។ លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា បាន​បង្កឡើង​ដោយ នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចុង​ព្រិច អនុសេនីយ៍ឯក អ៊ុ ឈ​យ បាន​យក​អាវុធ​ប្រភេទ Ak 47 មក​បាញ់​ទៅលើ ជនរងគ្រោះ ឈ្មោះ ហ៊ុន ប៊ី និង ឈ្មោះ ស្រេង រាសី បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅលើ​ផ្លូវ​យុទ្ធសាស្ត្រ ស្ថិតនៅក្នុង​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំងប្រិយ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​ជនរងគ្រោះ ដែល​ជា​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ទាំងពីរ​បាន​ស្លាប់​ហើយ ជនបង្ក អ៊ុ ឈ​យ បាន​បាញ់​សម្លាប់​ខ្លួនឯង​ជា​ក្រោយ បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង​។ ហើយ​ចំពោះ​ករណីនេះ មិនមែន​កើតចេញពី​រឿង​គំនុំ​នោះទេ ព្រោះ​ត្បិត​នៅ​រយះ​កាល​កន្លង​មក ជនដៃដល់​ធ្លាប់បាន​សុំ​ទៅ​មើលជំងឺ​សសៃប្រសាទ ក្រោម​មក​ក៏​សុំ​ចូល​បម្រើ​ការងារ​វិញ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​ចុះ មន្ត្រីនគរបាល ៣​នាក់ បាន​បាត់បង់​ជីវិត​ទៅ​ហើយ នៅក្រោយ​ការផ្ទុះអាវុធ​ដ៏​កក្រើក នៅក្នុង​អង្គភាព​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៩០៥ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ប៉ុន្តែ សាធារណៈជន​នៅ​តែ​ដាក់​មន្ទិលសង្ស័យ​ថា មុន​ឈានដល់​ការបាញ់​សម្លាប់​គ្នា​យ៉ាង​សាហាវ​នេះ មិនមែន​មាន​តែ​រឿង​ប៉ុណ្ណោះ​នោះ​ទេ ទំនង​អាច​នឹង​មាន​បញ្ហា​អ្វី​ធំ​ជាង​នេះ ដែល​ស្ថិតនៅ​ជា​អាថ៌កំបាំង​ពីក្រោយ​រឿងនេះ​៕