លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កម្លាំង​កំពុង​ឡោមព័ទ្ធ​និង​ឃាត់ខ្លួន​ជនសង្ស័យ ជា​មេខ្លោង​គ្រឿងញៀន នៅ​ចំណុច ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​

ខេត្ត​កណ្តាល ៖ ចាប់តាំងពី​រសៀល រហូត​ដល់​ល្ងាច​ថ្ងៃទី​១០​វិច្ឆិកា​នេះ កម្លាំង​សមត្ថកិច្ច​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​កំពុង​ឡោម​ព័ទ្ធ​ជនសង្ស័យ ជា​មេខ្លោង​គ្រឿងញៀន នៅ​ចំណុច ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​បើ​តាម​សេចក្តីរាយការណ៍​ថា ក្រោយ​ការឡោមព័ទ្ធ​នោះ ជនសង្ស័យ​បាន​ផ្ទុះ​អាវុធ​ចំនួន ៣ គ្រាប់​ហើយ ដោយ​ដំបូង​ជនសង្ស័យ​បាន​បាញ់​សំដៅ​មួយ​គ្រាប់ មក​លើ​សមត្ថកិច្ច បន្ទាប់​មក​រយៈពេល​ប្រមាណ​ជាង ១ ម៉ោង ក្រោយមក ជនសង្ស័យ​បន្ត​បាញ់​សំដៅ​មក​លើ​សមត្ថកិច្ច​ចំនួន ២ គ្រាប់​ទៀត ដើម្បី​គំរាម​សមត្ថកិច្ច​នឹង​ព្យាយាម​គេចខ្លួន ចាក​ចេញពី​កន្លែង​ដែល​គេ​កំពុង​លាក់ខ្លួន​។​

​យ៉ាងណាក៏ដោយ ពេលនេះ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​បញ្ជា​ឲ្យកម្លាំង មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ទៅតាម​វិធានការ​បច្ចេកទេស​ជំនាញ ដើម្បី​ឃាត់​ខ្លួន​សង្ស័យ យក​មក​ផ្ដន្ទាទោស និង​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ បាន​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ពី​ការបាញ់ប្រហារ​ដោយ​ជនសង្ស័យ ៕