ថៃ​រឹបអូស​អាវុធ និង​គ្រាប់រំសេវ ជាច្រើន​ប្រភេទ ក្បែ​ព្រំដែន ប្រទេស ភូមា​

​ប្រទេស​ថៃ ៖ អាវុធ​សម្រាប់​ធ្វើ​សឹក​សង្គ្រាម​និង​គ្រាប់រំសេវ​ជាច្រើន​ត្រូវបាន​កម្លាំង​យោធា​និង​តម្រួត​ថៃ​ប្រចាំ​ស្រុក​ម៉ែ​សត​ធ្វើការ​រឹបអូស បន្ទាប់​ពី​បាន​ធ្វើ​ការតាមដាន និង​ស្រាវជ្រាវ​អស់​រយៈពេល​យ៉ាង​យូរ​រួច​មក​ដែល​អាវុធ​ទាំង​នេះ ត្រូវបាន​គេ​លាក់​នៅក្នុង​ផ្ទះ​មួយ​កន្លែង​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​ក្បែ​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ​&​ភូមា​។​

​យោង​តាម​ការផ្សាយ​របស់​គេហទំព័រ របស់​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ​៧​បាន​បញ្ឫក់​ថា​កាលពី​ល្ងាច​ថ្ងៃ​ទី ២៣​ខែ​មិថុនា​ឆ្នាំ ២០២០​បន្ទាប់​ពី​ទទួលបាន​ការស្រាវជ្រាវ​ច្បាស់​ការ​រួច​មក​កម្លាំង​យោធា​ព្រំដែន​លេខ ៤ បាន​សហការ​ជាមួយ​កម្លាំង​តម្រួតការពារ​ព្រំដែន​លេខ ៣៤៦​បាន​ចុះ​ឆែកឆេរ​លំនៅឋាន​មួយកន្លែង ស្ថិតក្នុង​ភូមិ ២​ឃុំ​ម៉ែ​ដាវ​ស្រុក​ម៉ែ​សត​ខេត្ត​តាក​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​ជាប់​នឹង​ខ្សែ​បន្ទាត់​ព្រំដែន​ភូមា​។​ក្នុង​យុទ្ធនាការ​ឆែកឆេរ​នេះ សមត្ថកិច្ច​ថៃ​បាន​រកឃើញ​មាន​អាវុធ​និង​គ្រាប់រំសេវ​ជា​ច្រើន ដែល​ជន​ទុច្ចរិត​លាក់ទុក​ក្នុង​គោលបំណង​ធ្វើ​អ្វីមួយ ។

​នៅក្នុង​កិច្ចប្រតិបត្តិការ​នោះ​គឺ​ថៃ​បាន​បញ្ជាក់​អំពី​ប្រភេទ​អាវុធ​ដូចជា​កាំភ្លើងយន្ត​ខ្នាត​៦២​ចំនួន​២​ដើម​កាំភ្លើង​M១៦​ចំនួន ៤ ដើម​កាំភ្លើង​M ៧៩​ចំនួន​៣​ដើម​កាំភ្លើង AK៤៧ ចំនួន ១៣ ដើម​កាំភ្លើង​ខ្នាត​វែង​ចំនួន​១០​ដើម​គ្រាប់បែក​២​គ្រាប់ និង​កាំភ្លើង​ប្រភេទ​ផ្សេងៗ​ទៀត​សរុប​ចំនួន​៣៣​ដើម ព្រមទាំង​គ្រាប់រំសេវ​និង​សម្ភារៈ​សម្រាប់​ធ្វើ​សឹក សង្គ្រាម​ជាច្រើន​ថែម​ទៀត ។ នៅក្នុង​ពេល​នោះ​ដែរ​សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​២ នាក់​ដែល​ជា​ជនជាតិ​ថៃ​ស្នាក់នៅ​ក្នុង​ផ្ទះ​នេះ​។​

​ជាមួយគនា​នោះ​ដែរ​បន្ទាប់​ពី​បានដឹង​ថា​ភាគី​ថៃ​បាន​រកឃើញ​មានការ​លាក់​អាវុធ​ជាច្រើន​ក្បែ​ខ្សែបន្ទាត់ ព្រំដែន​បែបនេះ​ខាង​យោធា​ភូមា​ដែល​ឈរជើង​នៅក្នុង​ខេត្ត មៀវ​ឌី​ជា​ប់​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ​បាន​ចាប់ផ្តើម​ប្រុងប្រយ័ត្ន​និង​ចាប់ផ្តើម​រឹតបន្តឹង​ក្នុង​ការឆែកឆេរ​និង​ត្រួត​ពិនិត្ត​យ៉ាង​យកចិត្តទុកដាក់ ៕