
សេចក្តីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តកែប
ខេត្តកែប ៖ ស្នងការដ្ឋាននគរបាលខេត្តកែបពិនិត្យឃើញថា ថ្មីៗនេះមានគណនីហ្វេសប៊ុកក្លែងក្លាយបានសរសេរខ្លឹមសារ និងភ្ជាប់ជាមួយរូបភាពកាត់ត ផ្សព្វផ្សាយបរិហារបង្ខូចកេរ្តិ៍អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកែប។
អំឡុងពេលដែលនាយកដ្ឋានជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវស្វែងរកជនបង្ក គណនីក្លែងក្លាយទាំងនោះត្រូវបានបញ្ឈប់ការប្រើប្រាស់ និងបានបន្តបង្កើតគណនីហ្វេសប៊ុកថ្មី ព្រមទាំងបន្តធ្វើសកម្មភាពដដែលៗ បង្កឲ្យមហាជនខ្លះមានការយល់ច្រឡំ។ ជាក់ស្តែងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជនអនាមិកបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Tiger Valentinë បានសរសេរខ្លឹមសារ និងភ្ជាប់ជាមួយរូបភាព ផ្សព្វផ្សាយបរិហារបង្ខូចកេរ្តិ៍ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកែប ដែលខ្លឹមសារផ្ទុយពីការពិតទាំងស្រុង។
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវបន្ទាន់ និងឈានដល់ការកោះអញ្ជើញម្ចាស់រូបថតពិតមានឈ្មោះ លី រតនា ភេទប្រុស អាយុ ៣០ឆ្នាំ ជាមន្ត្រីបម្រើការងារនៅវរសេនាតូច៤៣០ នគរបាលព្រំដែនទឹកប្រចាំខេត្តកែប មកធ្វើការសាកសួរបំភ្លឺ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ លី រតនា បញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ Tiger Valentinë មិនមែនជាកម្មសិទ្ធិរបស់លោកទេ រីឯរូបថតនោះជារូបពិតរបស់លោកដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណទាញយករូបថតនោះពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ យកទៅបង្កើតគណនីក្លែងក្លាយធ្វើសកម្មភាពទុច្ចរិតបង្កឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកែប។ ឈ្មោះ លី រតនា បានសំណូមពរ សូមឱ្យសមត្ថកិច្ចជំនាញមេត្តាជួយស្រាវជ្រាវស្វែងរកជនអនាមិកដែលបន្លំលួចបង្កើតគណនីហ្វេសប៊ុករបស់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
ស្នងការដ្ឋាននគរបាលខេត្តកែប សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារព័ត៌មានទាំងឡាយដែលបានផ្សព្វផ្សាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមតាមរយៈគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។ បច្ចុប្បន្ន ចរន្តការងារនៅក្នុងអង្គភាពគោរពតាមឋានានុក្រមត្រឹមត្រូវ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។
ចំពោះករណីជនបង្កើតគណនីក្លែងក្លាយនេះ ស្នងការដ្ឋាននគរបាលខេត្តកែប កំពុងសហការជាមួយនាយកដ្ឋានជំនាញធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឈានដល់ការនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ស្នងការដ្ឋាននគរបាលខេត្តកែប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណៈជនដែលតែងតែចូលរួមចំណែកក្នុងការសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏សូមអំពាវនាវដល់សាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងផលិតខ្លឹមសារព័ត៌មាន និងចែករំលែកព័ត៌មានបន្តដែលខ្វះការពិចារណា និងពុំមានមូលដ្ឋានស៊ើបបញ្ជាក់ច្បាស់លាស់ ដែលអាចបង្កឱ្យមហាជនមានការយល់ច្រឡំមកលើថ្នាក់ដឹកនាំ មន្ត្រី និងស្ថាប័នអនុវត្តច្បាប់៕