
តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ដែលមានចម្ងាយផ្លូវ 12គីឡូម៉ែត្ររងការខូចខាតក្នុងការពិបាកធ្វើដំណើរត្រូវបានអាជ្ញាធរខេត្តកសាងជាថ្មីវិញហើយ ធ្វើឲ្យប្រជាពលរដ្ឋសហគមន៍ និងអាជ្ញាធររីករាយយ៉ាងក្រៃលែង ដែលទទួលបានសមិទ្ធផលផ្លូវថ្មី
ខេត្តកំពង់ឆ្នាំង ៖ ផ្លូវមួយខ្សែមានប្រវែង ចំនួន12 គីឡូម៉ែត្រ ដែលជាផ្លូវដ៏លំបាកទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ត្រូវបានអាជ្ញាធរខេត្តរៀបចំកសាងផ្លូវថ្មីឡើងវិញហើយ ជាមួយគ្នានេះ ប្រជាពលរដ្ឋ សហគមន៍ និងអាជ្ញាធរមានសេចក្តីរីករាយត្រេកអរ និងសូមថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ដែលបានផ្ដល់ថវិកា និងគ្រឿងចក្រ ទៅជួសជុល កសាងផ្លូវទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលមួយនេះ ។
រមណីយដ្ឋានតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលមានទីតាំង ស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
លោក សុខ សុវណ្ណ ជំទប់ទី១ ឃុំក្តុលសែនជ័យ បានប្រាប់ភ្នាក់ងារយើងនៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា. ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ពិសេសឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានផ្ដល់នូវ ផ្លូវមួយខ្សែមានប្រវែង ចំនួន12គីឡូម៉ែត្រធ្វើអំពីផ្លូវក្រាលគ្រួសក្រហម មានទទឹង 5 ម៉ែត្រ ចេញពីចំណុចមណ្ឌលសុខភាពឃុំក្តុលសែនជ័យ រហូតដល់កន្លែងទឹកធ្លាក់ ដែល ពេលនេះ ក្រុមការងារ កំពុងតែកសាង ដោយចាប់ផ្ដើមធ្វើពីថ្ងៃទី 16 ខែវិច្ឆិកា មកដល់ពេលនេះ រយៈពេលបីថ្ងៃហើយ សង្ឃឹមថានឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
លោក ជំទប់ទីមួយឃុំក្តុលសែនជ័យ បាន បានបញ្ជាក់ ទៀតថា ដើម្បីឱ្យ ផ្លូវនេះមានភាពធំទូលាយបានល្អ ទាំងអាជ្ញាធរក៏ដូចជាពីប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវក៏បានចូលរួមបរិច្ចាគដី ជាប់ភូមិដ្ឋានរបស់គាត់ផងដែរ ព្រោះផ្លូវលំមួយខ្សែនេះនឹងធ្វើឲ្យ មានការអភិវឌ្ឍន៍ឃុំក្តុលលសែនជ័យ ឲ្យកាន់តែមានភាពប្រសើរឡើងថែម ដែលបានមកពី ចំណូលទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ដែលយើងបានរៀបចំក្នុងរយៈពេល 3 ឆ្នាំកន្លងទៅនេះ ។
គួររំលឹកដែរថា តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល គឺជារមណីយដ្ឋានធម្មជាតិមួយ ដែលទើបបង្កើត ឡើងកាលពី៣ឆ្នាំកន្លងទៅនេះក្រោមការផ្ដួចផ្ដើម របស់សហគមន៍ទឹកធ្លាក់ស្រែអំពិល ក៏ដូចជាអាជ្ញាធរឃុំក្តុលសែនជ័យ ដែលមានលោក ម៉ឹង វិសាលសុខ ជាមេឃុំ បានធ្វើឱ្យមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាយ៉ាងច្រើន ដោយសារតែ រមណីយដ្ឋានមួយនេះ ត្រូវបានកសាងនិងអភិវឌ្ឍ គួរឲ្យកត់សម្គាល់ ។ប៉ុន្តែ អ្វីដែលចាំបាច់នោះគឺខ្វះខាតផ្លូវមួយខ្សែ ហើយពេលនេះកំពុងតែសាងសង់ថ្មីសង្ឃឹមថាបន្ទាប់ពីផ្លូវមួយខ្សែនេះ កសាងរួចរាល់ហើយ នឹងមានភ្ញៀវទេសចរណ៍ជាតិអន្តរជាតិកាន់តែទៅលេងកំសាន្តច្រើនជាងនេះទៅទៀត៕