
ដឹងការពិតហើយ ជុំវិញព័ត៌មានដែលថា មានគេដាក់ថ្នាំសណ្តំដោះយកទ្រព្យសម្បត្តិអស់ពីខ្លួន នៅ ផ្សារដើមអំពិល
ខេត្តបាត់ដំបង-ស្រុកសំពៅលូន ៖ នៅព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះមាន ការភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់ឈ្មោះ (ស. ន) អាយុ ៣០ ឆ្នាំ រស់នៅស្រុកសំពៅលូនបានទៅដាក់ពាក្យបណ្តឹងពីករណីដែលមានក្រុមជន សង្ស័ យនាំទៅចែកមាសចែកប្រាក់ ដែលគេរើសបានហើយនៅទីបំផុត ខ្លួនគាត់ទទួល បាន(សំណសុទ្ធ) មួយកូនថង់នៅចំណុចផ្សារដើមអំពិល ក្នុងមូលដ្ឋាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
បន្ទាប់ពីបញ្ហានេះកើតឡើងភ្លាមៗ អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការផ្ស្វព្វផ្សាយចែករំលែកយ៉ាងសកម្មអំពីរឿងនេះ ដោយថា ជាករណីជនសង្ស័យដាក់ថ្នាំសណ្តំដោះយកទ្រព្យសម្បត្តិពីជនរងគ្រោះទៅវិញ ។ ការផ្សព្វផ្សាយព័ត៌មានដែលខ្វះហេតុផលគ្រប់គ្រាន់ ជា ហេតុនាំបង្កទៅ ជា បាតុភាព(បង្កការភ័យខ្លាច និងបង្កេីតឱ្យមាន ភាពអាប់ អួរ)នៅក្នុងបរិយាកាសសង្គមទីវិញ។
ដោយពិនិត្យឃើញស្ថានភាពបែបនេះ អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនបានដឹកនាំធ្វើការស្រាវជ្រាវលើករណីនេះជាបន្ទាន់ ហើយ ទីបំផុតទៅទើបដឹងច្បាស់ថា ការពិតជារឿងក្រុមជនសង្ស័យដើរតួជាអ្នករើសបានកាបូបមាសប្រាក់ ហើយបានឱ្យជនរងគ្រោះឃើញ រួចឈានទៅដល់ការកំណត់បែងចែកគ្នានៅទីកំបាំងពីបក្សពួកគេ ដែលដើរតួជាម្ចាស់កាបូបប្រាក់នោះ ។
\អ្វីដែលត្រូវបានមកជាចំណែករបស់ជនរងគ្រោះគឺជា គ្រាប់(សំណសុទ្ធ) ដែលគេច្រកក្នុងថង់ក្រណាត់ពណ៌ក្រហម បន្លំថាជាគ្រឿងខ្សែក រីឯចំណែកដែលក្រុមជនសង្ស័យទទួលបានពីជនរងគ្រោះគឺ មានខ្សែក ខ្សែដៃ ចិញ្ចៀន កងដៃ ប្រាក់បាត ប្រាក់រៀល និងទួរស័ព្ទដៃផង សរុបប្រមាណ ៨, ១ ០ ០,០០០រៀល(ប្រាំបីលាននិងមួយសែនរៀល) រួច គេចខ្លួនបាត់ ។
លោកអធិការស្រុកសំពៅលូន បានបញ្ជាក់ថា ករណីនេះមិនមែនជាកណី(ដាក់ថ្នាំសណ្តំអ្វីនោះទេ) ហើយករណីនេះក៏មិនមែនជាករណីថ្មីអ្វីដែរ តែ ជាករណីចាស់ធ្លាប់កើតមានយូរហើយ តែយូរៗ មានម្តង នៅពេលណាមួយដែលជនរងគ្រោះមានចេត នាចង់បានចំណែកពីល្បិចកលរបស់ក្រុមជន សង្ស័ យទាំងនេះ។ លោកអធិការសូមធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋទូទៅនៅមូលដ្ឋានសូមកុំឱ្យចាញ់បោកល្បិចកលបែបនេះទៀត ។
ទោះជាយ៉ាងនេះក្តីមុខសញ្ញាក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពខាងលើ មានភិនភាគអាចកត់សម្គាល់បានខ្លះហើយ ដែលបញ្ហានេះសមត្ថកិច្ចលោកនឹងចាត់វិធានការស្រាវជ្រាវបន្តតាម នីតិ វិធីបន្ត៕