
ប្រជាពលរដ្ឋច្រើនរយគ្រួសារ នៃស្រុកថាឡាបរិវ៉ាត់ដែលជាប់នឹងដងទន្លេមេគង្គ បានលើកឡើងនូវបញ្ហា ចំណោទជាច្រើនដើម្បីស្វែងរកការជួយដោះស្រាយពីមន្ត្រីអាជ្ញាធរខេត្ត
ខេត្តស្ទឺងត្រែង ៖ បញ្ហាដែលជាចំណោទនៅក្នុងខេត្ត ស្ទឹងត្រែង រួមមានផ្លូវខូចខាត ដែលពលរដ្ឋបានស្នើសុំឲ្យមានការជួសជុលធ្វើសាជាថ្មីឡើងវិញ, ការខ្វះប្រព័ន្ធ ទឹកស្អាតដែលប៉ះពាល់ដល់សុខភាពអនាម័យ, ការខ្វះអគ្គីសនីក្នុងខេត្តដែលមានវារីអគ្គីសនី, ភាពយឺតយ៉ាវនៃ ការបម្រើសេវាសាធារណៈ, ភាពវិវាទដីធ្លី និងបញ្ហាមួយចំនួនទៀត ដែលជាចំណោទនៃការស្វែងរកការជួយ ដោះស្រាយពីមន្ត្រីអាជ្ញាធរខេត្ត។
វេទិកានេះបានធ្វើឡើងក្រោមអធិបតីភាព ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់, អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន, ទីប្រឹក្សារាជរដ្ឋាភិបាល លោក ឈឹម រចនា ដែលមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុងបរិវេណវត្តសីហារាម ហៅវត្តកាំងចាម ស្ថិតនៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា រាល់បញ្ហាប្រឈម និងសំណូមពរ ដែល ប្រជាពលរដ្ឋបានលើកឡើងនៅក្នុងពេលនេះ អាជ្ញាធរខេត្តនឹងធ្វើការដំណោះស្រាយជូនឲ្យបានទាន់ពេលវេលា និងល្អប្រសើរ ។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្ត នៅបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ ចំនួន ២៥សំណូមពរ ក្នុងចំណោម ៣៦សំណូមពរ។ សំណូមពរចំនួន១១ទៀត នឹងត្រូវលើកយកមកពិភាក្សា និងធ្វើ ការដោះស្រាយជូនប្រជាពលរដ្ឋ បន្ទាប់គ្នានាពេលខាងមុខនេះ។
លោកអភិបាលខេត្តស្ទឹងត្រែងបានថ្លែងបន្តថា បញ្ហាដែលមិនទាន់បានដោះស្រាយជូននៅក្នុងពេលនេះ ថ្នាក់ដឹក នាំខេត្តនឹងយកទៅពិភាក្សា ហើយជំរុញឲ្យមានការដំណោះស្រាយជាបន្តបន្ទាប់ នៅពេលខាងមុខនេះ។ លោក អភិបាលខេត្ត ម៉ុម សារឿន បានបញ្ជាក់ថា ក្រុមប្រឹក្សាខេត្ត រួមនឹងរដ្ឋបាលខេត្ត នឹងខិតខំឲ្យអស់លទ្ធភាព តាម អ្វីដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបនឹងសំណូមពរ និងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការពង្រឹង ក្នុងការផ្តល់សេវាសាធារណៈ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងកសាងបានជីវភាពគ្រួសារ កាន់តែប្រ សើរឡើងថែមទៀត។
ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានចាត់ទុកវេទិកាពិគ្រោះពិភាក្សានេះ គឺជា វេទិកា ដែលមានសារៈសំខាន់បំផុត សម្រាប់ការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ការកសាងបានសមិទ្ធផលថ្មីៗ របស់រដ្ឋ បាលខេត្តក្នុងពេលកន្លងមក និងក៏ជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញមតិយោបល់ លើកពីកង្វល់ និងបញ្ហាប្រឈមនានា ឲ្យថ្នាក់ដឹកនាំខេត្តបានដឹង និងដោះស្រាយជូនប្រកបដោយសិទ្ធភាព ៕