​ដើមឈើ​ធំៗ​ជា​ព្រៃ​លិច​ទឹក​ត្រូវបាន​ក្រុម​ល្មើស​កាប់​ដឹក​ជញ្ជូន​រាល់ថ្ងៃ​ដឹក​តាម​ទូក​យកមក​ធ្វើ​ជា​សម្រាស់​ដាក់​ដើម្បី​ចាប់​ត្រី​ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ជលផល​គ្មាន​ការបង្ក្រាប​នោះឡើយ​

ខេត្ត​កំពង់ឆ្នាំង ៖ ដើមឈើ​ធំៗ​ជា​ព្រៃ​លិច​ទឹក និង​ជា​ជម្រក​ត្រី​ពង​កូន​និង​ជម្រក​សត្វ​គ្រប់​ប្រភេទ​ត្រូវបាន​ក្រុម​ល្មើស​កាប់​ដឹក​ជញ្ជូន​រាល់ថ្ងៃ​ដឹក​តាម​ទូក​យកមក​ធ្វើ​ជា​សម្រាស់​ដាក់​ដើម្បី​ចាប់​ត្រី​ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ជលផល​និង​គ្មាន​ការបង្ក្រាប​នោះឡើយ ។ គ្រាន់តែ​រដូវ​ទឹក​ស្រក​ទៅវិញ​ភ្លាម បទល្មើស​នេសាទ​ដាក់​សម្រាស់​ក៍​ត្រូវបាន​ចាប់ផ្តើម​គួ​អោយ​កត់សំគាល់​និង​គួរឱ្យ​ព្រួយ​បារ​ម្មណ៍​ផងដែរ ។​

​បទល្មើស​ដែល​ក្រុម​ជនល្មើស​កាប់​ដើមឈើ​ធំៗ​ដែល​ជា​ដើមឈើ​ព្រៃ​លិច​ទឹក​និង​ជា​ជម្រើស​សម្រាប់​ត្រី​ពង​កូន​ផង​នោះ​ត្រូវ បាន​គេ​ប្រទះ​ឃើញ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ដែល​មាន​ដើម​រាំង​និង​ដើម​ទន្លា​ធំៗ​ជាច្រើន​ត្រូវបាន​ក្រុម​ជនល្មើស​អា​កាត់​និង​កាប់​មែក​ដឹក​តាម​ទូក​ឬ​សំប៉ាន​យក​មក​ទម្លាក់​នៅក្នុង​ទឹកទន្លេ ខ្លះ​នៅ​សល់​តែ​ដើម​ឈ​ជ​ង្រឹ​ង​គ្មាន​មែក និង​ខ្លះទៀត​សល់​តែ​គល់ ត្រឹម​ផ្ទៃ​ទឹក​រាប់​ដើម​មិន​អស់ ។​

​ដោយឡែក កន្លែង​ខ្លះ​ទៀត ត្រូវ​គេ​មើលឃើញ​ថា មែក​និង​ដើមឈើ​ដែល​គេ​អារ​ឬ​កាប់​យក​មក​ធ្វើ​ជា​សម្រាស់​ដាក់​នៅ​តាម​ទន្លេ​គេ​មើល​ឃើញ​ចេញ​តែ​ចុង​មែកឈើ ផុត​ពី​ក្នុង​ទឹក​នៅ​ស្រស់ៗ​នៅឡើយ ។​

​នៅ​ថ្ងៃ​ទី​១៧​ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម ដែល​ធ្វើដំណើរ តាម​កា​រណូត​២​គ្រឿង​ធ្វើដំណើរ​មក​ដល់​ចំណុច កា​ម៉ាល់ ក្នុង​ឃុំ​ប្រឡាយ​មាស បាន​ប្រទះឃើញ ទូក​ធំ​១​គ្រឿង​ដាក់​សម្រាស់​យ៉ាង​ពេញ​សំពោង​និង​មាន​កាណូត​១​គ្រឿង​អូស​ក្នុង​គោលដៅ​យកទៅ​ទំលាក់ ក្នុង​ទន្លេ និង​នៅ​កន្លែង​ផ្សេង​ដែល​គេ​បាន​កណត់​ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​ជលផល ។

​ដោយ​គ្រាន់តែ​គ្រាន់តែ​ឃើញ អ្នកសារព័ត៌មាន​លើក ថត​យក​រូបភាព ក្រុម​ជនល្មើស​បើក​កាណូត​អូសសម្រាស់​ទាំងនោះ​បាន​បើកកាណូត​ស្មាច់​គេ​ខ្លួន​បាត់​ផងដែរ ។

​ក្រោយ​ពី​ឃើញ​ស្ថានភាព​បែប​នេះ ក្រុម​អ្នកសារព័ត៌មាន បាន​រាយ​ការ​ទៅ​មន្ត្រី ជំនាញ ដើម្បី​ចុះ​មក​ចាត់ការ​អូស​នាំយក​មក​រក្សារ​ទុក​នៅ​សង្កាត់​កំពង់លែង​ដើម្បី​តាម​ស្រាវជ្រាវ​រក​ម្ចាស់​ផងដែរ ។

​ប្រធាន​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​បានអោយ​ដឹង​តាមរយៈ​ទូរ​សព្ទ​នៅវេលា​ម៉ោង​១០​និង​៥៩​នាទី​ថ្ងៃ​ទី 18 វិច្ឆិកា 2020​ថា​: ពាក់​ពន្ធ័​និង​ករណី​ខាងលើ​នេះ​សមត្ថ​កិច្ច​បាន​នាំយក​ការ​ទូក​ធំ​ផ្ទុក​សម្រាស់​ខាងលើ​មក​មក​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ជលផល​កំពង់លែង​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​និង​បក្សពួក ។​

​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ករណី​បទល្មើស​បែប​ខាងលើ​នេះ​មិន​អាច​អត់ឱន​ឱ្យ​បាន​នោះឡើយ​ត្រូវតែ​អនុវត្ត​តាម​ផ្លូវច្បាប់​ហើយ​មិន​មាន​ការសម្របសម្រួល​ណាមួយ ដោះលែង​វត្ថុតាង​ទៅ​វិញ​នោះ​ទេ ។

​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​នេសាទ​ដាក់មង​ចាប់​ត្រី​ជា​លក្ខណៈ​គ្រួសារ​បាន​និយាយ​អោយដឹងថា​៖ ពួកគាត់​តែងតែ​បាន​ឃើញ​ក្រុម​ជនល្មើស​មាន​គ្នស​ច្រើន​ដើរ​អារ​ឬ​កាប់​ដើមឈើ​ដឹក​តាម​ទូក​យក​ទៅ​ធ្វើ​ជា​សម្រាស់​ដាក់​តា​ម​ទន្លេ​រាល់ៗ​ថ្ងៃ​។​

​ប្រជា​នេសាទ​អោយដឹង​ទៀត​ថា​ពេល​ថ្ងៃ​ពួកគេ​ធ្វើ​សកម្មភាព​អារ​កាប់​ដើមឈើ​មាន ដើម​រាំង ដើម​សង្កែ​ង និង​ដើម​ទន្លា​និង​ដើមឈើ​ព្រៃ​លិច​ទឹក​ផ្សេងៗ​ទៀត លុះដល់​ពេល​ព្រលប់ៗ ទើប​ពួកគេ​យក ទូក​កាណូត​មក​ដឹក​ហើយ​អូស​ចេញទៅ​ទំលាក់​ក្នុង​ទឹកទន្លេ​។​

​គាត់​ថា​សកម្មភាព​ខាងលើនេះ ក្រុម​ជនល្មើស​បាន​ធ្វើ​ជា​រៀងរាល់ថ្ងៃ ហាក់​គ្មាន​ខ្លាចញញើត​និង​មន្ត្រី​ជំនាញ​ណា​ឡើយ ពួកគាត់​ជា​ប្រជាពលរដ្ឋ មិន​ហ៊ាន ធ្វើ​អ្វី​និង​គេ​ទេ ដោយ​ពួកគេ​ទាំងនោះ បាន​ប្រាប់ថា​៖ គេ​បាន​បង់លុយ​ឱ្យ​សមត្ថកិច្ច​អស់ហើយ បើ​មិន​អញ្ចឹង​ស្មានថា​ធ្វើបាន ។​
​ប្រភព​ដោយឡែក​មួយទៀត​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី 18 វិច្ឆិកា 2020​នេះ​ថា​ករណី​បង្ក្រាប​បទល្មើស​នេសាទ​វា​ជា​ភារកិច្ច​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​ដែល​ជា​អ្នកអនុវត្ត​ផ្ទាល់​មិនមែន​ខាង​ណា​នោះឡើយ ។​

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ត្រូវ​គេ​មើលឃើញ​ថា​ការនេសាទ​ដាក់​សម្រាស់​ដើម្បី​ចាប់​យក​ត្រី​ត្រូវគេ​មើលឃើញ​ថា​កើត​មាន​ពាស់ពេញ​នៅតាម​បណ្ដា​ស្រុក​ដែល​ជាប់​មាត់​ទន្លេ​មាន​នៅ ស្រុក​បរិបូណ៍ ស្រុក​កំពង់លែង ស្រុក​ជល​គី​រី​និង​ស្រុក​កំពង់ត្រឡាច​ផងដែរ​៕