​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​បញ្ជូន​គ្រឿងចក្រ ចុះ​ជួសជុល​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ក្រវ៉ា​ត​ព្រំដែន​ជា​ច្រើន​ខ្សែ ដែល​រង​ការ​កាត់ផ្តាច់​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងពេល​កន្លងមកនេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ !

ខេត្ត​ព្រះវិហារ ៖ ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ខ្សែក្រវ៉ាត់​ព្រំដែន ដែល​ស្ថិត​នៅក្នុង​រង្វង់​ដែនដី​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ ពិសេស ផ្លូវ​ក្រាល​គ្រួស​ក្រហម ដែល​ត​ភ្ជាប់​ទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ និង​ឡាវ បាន​រង​ការខូចខាត​ជា​អន្លើរៗ ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ស្រោចស្រព​ពី​គ្រប់ទិសទី នៃ​តំបន់​ខ្ពង់រាប​ក្នុង​ខេត្ត នា​ពេល​កន្លងមក​នោះ ខណៈ​នេះ​ត្រូវបាន​ជួសជុល និង​កែលំអរ​ឡើងវិញ​ហើយ សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ធ្វើដំណើរ​បាន​រហ័ស និង​ប្រកបដោយ​សុវត្ថិភាព​។​

​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ លោក​សំ លាង​ទ្រី បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា នៅ​ច្រើន​ថ្ងៃ​មក​នេះ លោក​បាន​បញ្ជូន​មន្ត្រី​ជំនាញ នាំ​យក​គ្រឿងចក្រ​គ្រប់​ប្រភេទ ចុះ​ទៅកាន់​ទីតាំង​ចំនួន ៤ ដើម្បី​ជួសជុល និង​សម្អាត​រុក្ខជាតិ នៅតាម​ដងផ្លូវ​ឲ្យមាន​ភាពល្អប្រសើរ​ឡើង​វិញ ក្រោយ​ជំនន់​ទឹកភ្លៀង ដែល​បាន​ហូរ​ច្រោះ និង​កាត់ផ្តាច់​ជា​អន្លើរៗ នា​ពេល​កន្លងមក​នោះ​។​

​លោក សំ លាង​ទ្រី បានឲ្យដឹង​ទៀតថា ផ្លូវ​ដែល​ត្រូវ​ជួសជុល​ឡើងវិញ​នេះ គឺ​មាន​ចំនួន ៤​ខ្សែ ដែល​រង​ការខូចខាត​ខ្លាំង ក្នុងនោះ ផ្លូវជាតិ​លេខ​៩៤ មាន​ប្រវែង ៦៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ឆែ​ប ឆ្ពោះទៅ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ,​ផ្លូវជាតិ​លេខ​៩៥ ជា​ផ្លូវ​ក្រាល​គ្រួសា​ក្រហម មាន​ប្រវែង ១៣​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ឆែ​ប ឆ្ពោះទៅ​កាន់​ស្រុក​ជ័យ​សែន ,​ផ្លូវជាតិ​លេខ​៦២ ត​ភ្ជាប់​ពី​ភូមិ​ភ្នំ​ដែក ឆ្ពោះ​ទៅកាន់​ភូមិ​ស្វាយ​ដំណាក់ ស្ថិតក្នុង​ឃុំ​រមណីយ ស្រុក​រវៀង និង​ផ្លូវជាតិ​លេខ​៩២ ជា​ប្រភេទ​ផ្លូវ​ក្រាល​គ្រួស​ក្រហម មាន​ប្រវែង​ជាង ៨០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង និង​ព្រះវិហារ ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា​-​ឡាវ និង​បន្ត​ត​ភ្ជាប់​ទៅ​កាន់​តំបន់​បន្ទាយ​ស្រមោច ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត នៃ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ធ្វើ​ការជួសជុល​ឆ្លងកាត់ ឃុំ​កំពង់​ស្រឡៅ​១ និង​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។​

​លោក សំ លាង​ទ្រី បានបញ្ជាក់​ថា ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ទាំង ៤​ខ្សែ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ជា​អន្លើៗ កន្លងមកនេះ ខណៈ​នេះ​ត្រូវបាន​បញ្ចប់​ការកែសម្រួល ជួសជុល លុប​គ្រលុក លុប​ផ្លូវ​សំបុកមាន់ និង​ការ​កាត់​សម្អាត​រុក្ខជាតិ ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ បាន​រួចរាល់​ស្ទើរ​ទាំងស្រុង​ហើយ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ការដឹកជញ្ជូន​កសិផល​កសិកម្ម ពី​ទីជនបទ​ទៅកាន់​ទីប្រជុំជន និង​ដើម្បី​ធានា​សុខ សុវត្ថិភាព ធ្វើដំណើរ​បាន​រហ័ស ចំណាយ​ពេលវេលា​តិច ជូន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នីមួយៗ ពិសេស កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ខ្សែ​បន្ទាត់ ព្រំដែន​កម្ពុជា​-​ថៃ និង​កម្ពុជា​-​ឡាវ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ យើង​នេះ ៕