​ឯកឧត្តម ជាវ តា​យ បានអនុញាត​ឲ្យ​គណៈប្រតិភូ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ចូលជួប​សម្តែង​ការគួរសម​

ខេត្ត​កំពត ៖ ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត អនុញាត​ឲ្យ​គណៈប្រតិភូ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ដែល​ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ ចូលជួប​សម្តែង​ការគួរសម ផ្តោត​លើ​បេសកកម្ម ត្រួតពិនិត្យ និង​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​សមុទ្រ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បាន​ជម្រាប​អំពី​គោលបំណង​បេសកកម្ម និង​បទពិសោធន៍ ដែល​បាន​អនុវត្តន៍​កន្លងមក​ក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ជូន​ឯកឧត្តម​អភិបាលខេត្ត​។ ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​ក៏​បាន​ស្នើសុំ​ប្រសាសន៍​ណែនាំ ក៏​ដូចជា​កិច្ច​សហការ​ពី ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ដំណើរការ​បេសកកម្ម​របស់​គណៈ​ប្រតិភូ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្តម ជាវ តា​យ បាន​ជម្រាប​អំពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថានភាព​នយោបាយ​ក្នុង​ខេត្ត​ដែល​បាន​កើតមាន​កន្លង​មក និង​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជូន​គណៈប្រតិភូ​។ ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ និង​ឯកឧត្តម ឌី វិជ្ជា ដែល​បាន​ខិតខំ​លើ​ការងារ​បំពេញ​បេសកកម្ម​នេះ ដែល​ជា​ចលករ​មួយ​ជួយ​ជំរុញ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការងារ​កំណត់​មុខសញ្ញា​ឈានទៅ​បង្ក្រាប​បទល្មើស​ចំ​មុខសញ្ញា​។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ជូនពរ​ដល់​គណៈប្រតិភូ​ទាំងអស់ ឲ្យបំពេញ​បេសកកម្ម​នេះ ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕