​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បញ្ជូន​ជនសង្ស័យ​ដៃដល់​ម្នាក់ ដែល​បាន​ប្រើ​កាំបិតផ្គាក់​ផ្តាច់​ជីវិត​ជន​រងគ្រោះ នៅក្នុង​ជម្លោះ​មួយ​ក្នុង​វង់​ផឹកស៊ី ទៅ​តុលាការខេត្ត ដើម្បី​ផ្តន្ទាទោស​ជន​ដែល​ត្រូវ​ចោទ !

​ខេត្ត​ព្រះវិហារ​៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បញ្ជូន​ខ្លួន​ជនសង្ស័យ​ដៃដល់​ម្នាក់ ដែល​បាន​ប្រើ​កាំបិតផ្គាក់​កាប់​មក​លើ​ជនរងគ្រោះ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ ទៅ​តុលាការខេត្ត​នោះ​ហើយ នៅ​ថ្ងៃ​ទី​២៤​វិច្ឆិកា​ឆ្នាំ​២០២០​នេះ​។​

​ករណី​ឃាតកម្ម​នេះ បាន​កើតឡើង​នា​វេលា​ម៉ោង ១ និង​៣០​នាទី​រំលង​អាធ្រា​ត្រ ថ្ងៃទី​២៣​វិច្ឆិកា​ឆ្នាំ​២០២០ ត្រង់​ចំណុច​វាល​លោមនាង ស្ថិតក្នុង​ភូមិ​សែន​រុងរឿង​៤ ឃុំ​មរតក​តេជោ ស្រុក​ជាំ​ក្សាន្ត និង​ក្រោយ​ហេតុការណ៍​នោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ផងដែរ​។​

​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត លោក​វរសេនីយ៍ទោ ឱ សេង បាន​ប្រាប់ឲ្យដឹង​ថា នៅមុន​អំពើ​ឃាតកម្ម​ដែល​បាន​កើតឡើង​នេះ ជនសង្ស័យ​ដៃដល់ និង​ជនរងគ្រោះ រួមទាំង​អ្នក​ជិតខាង​ផ្សេងទៀត បាន​អង្គុយ​ផឹកស្រា​រួមគ្នា ហើយ​នៅក្នុង​ពេល​នោះ ពួកគេ​ម្នាក់ៗ ហាក់ដូចជា​ស្រវឹងស្រា​រៀងៗ​ខ្លួន ក៏​កើត​មាន​ទាស់សម្តី​គ្នា​យ៉ាង​តឹងតែង មួយ​លើក​ជា​ពីរ​លើក បន្ទាប់មក​ពួកគេ​ក៏​បាន​ទៅ​ជ្រៀក​ឈើ ពេលទៅដល់ ជនសង្ស័យ និង​ជនរងគ្រោះ បាន​បន្ត​ជជែក​គ្នា​ខ្លាំង​ឡើងៗ រហូត​ផ្ទុះ​អំពើហឹង្សា ជនដៃដល់​បាន​ស្ទុះ​ទៅ​ទាញ​យក​កាំបិតផ្គាក់ មក​កាំ​ជនរងគ្រោះ​ពីរ​កាំបិត​ចំក្បាល បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។ លោក​អធិការ​បាន​បន្តថា ក្រោយ​ហេតុការណ៍​នោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​ភ្លាមៗ​ផងដែរ បញ្ជូនមក​ធ្វើការ​សាកសួរ និង​បញ្ជូន​ប​បន្ត​មកកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​។​

​ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ លោក​វរៈសេនីយ៍ឯក សេង ផល្លី បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត នៅក្នុង​ពេល​នេះ ឈ្មោះ សារ៉ាត់ សារិន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ពយ​តាសេក ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។ លោក​បាន​បន្តថា ជន​បង្ក​បាន​ប្រើប្រាស់​កាំបិត​ផ្គាក់ កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ រ៉ា បឹប ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។ ជនរងគ្រោះ​បាន​រង​ការកាប់​ពី​ជនសង្ស័យ​ដៃដល់ ចំនួន ២​កាំបិត ១​កាំបិត​ត្រូវ​ចំ​លើគ​ល់ក និង​១​កាំបិទ​ទៀត កាប់​ត្រូវ​ចំ​គុម្ព​ត្រចៀកស្តាំ ក្នុងពេល​ដែល​ជនរងគ្រោះ កំពុង​ឈរ​អារឈើ​។ លោក​ថា ជនសង្ស័យ និង​ជនរងគ្រោះ មាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅក្នុង​មូលហេតុ​ខាងលើ​។ មូលហេតុ​ដែល​នាំឲ្យ​កើត​ឡើង នូវ​អំពើ​ឃាតកម្ម​នោះ គឺ​ផ្តើមចេញ​ពី​ការ​ទាស់​ពាក្យសម្តី​គ្នា ពេល​ស្រវឹងស្រា​ក្នុង​វង់​ផឹកស៊ី​។​

​លោក​វរសេនីយ៍ឯក សេង ផល្លី បានបញ្ជាក់​ថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​នៅពេលនោះ គឺ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត បាន​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក​ឧត្តមសេនីយ៍ទោ សួស​សុខ តា​រ៉ា ចុះ​ចាប់ខ្លួន​ជនបង្ក បញ្ជូន​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត ដើម្បី​ធ្វើ​ការសាកសួរ​។ លោក​បាន​បញ្ជាក់ទៀតថា នៅ​ចំពោះ​សមត្ថកិច្ច​ជំនាញ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​គេ​ពិតជា​បាន​កាប់​ទៅលើ​ជនរងគ្រោះ​យ៉ាង​ពិតប្រាកដ​មែន​។ នៅ​ថ្ងៃ​ទី​២៤​វិច្ឆិកា​ឆ្នាំ​២០២០​នេះ ជនសង្ស័យ​ដៃដល់ ត្រូវបាន​បញ្ចប់​ការសាកសួរ និង​ចងក្រង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​ព្រះវិហារ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕