ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជិត ៤០០​គ្រួសារ ទទួលបាន​អំណោយ​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​អភិបាលខេត្ត​ស្ទឹងត្រែង !

ខេត្ត​ស្ទឹងត្រែង​៖ កម្ពុជា ក្រៅ​ពី​ជួប​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ក៏​នៅ​ទទួលរង​គ្រោះធម្មជាតិ ដោយ​ទឹកជំនន់​ថែមទៀត​ផង នៅក្នុង​ដំណាក់កាល​នៃ​វិបត្តិ​នេះ រាជរដ្ឋាភិបាល​កម្ពុជា មាន​សម្តេច​តេជោ ជា​នាយករដ្ឋមន្ត្រី ត្រូវ​គេ​ឃើញ បាន​ប្រ​ញ៉ាប់​ចាត់វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ និង​ការ​ទប់ទល់​ជាមួយ​គ្រោះទឹកជំនន់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ក្រោយ​រដូវ​ទឹក​ស្រ​ក សម្តេច​តេជោ បាន​ផ្តល់​អំណោយ​ជា​បន្តបន្ទាប់ ជូន​ដល់​ប្រជាពលរដ្ឋ ស្ថិតនៅ​តាម​បណ្តា​ខេត្ត ដែល​ជួប​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ ដោយ​មិន​ដែល​គិតថា ពលរដ្ឋ​ទាំង​នោះ​បម្រើឲ្យ​និន្នាការ​នយោបាយ នៅក្នុង​បក្ស​ណា​ម​មួយ​នោះ​ឡើយ​។​

​អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿ​ន បាន​ដឹកនាំ​មន្ត្រីខេត្ត និង​ស្រុក​គ្រប់​លំដាប់ថ្នាក់ នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​បរិក្ខា​ប្រើប្រាស់ ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ សែន នាយករដ្ឋមន្ត្រី ទៅ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់ ៣៥៥​គ្រួសារ មកពី​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​កែស និង​ភូមិ​ដូង ស្ថិតក្នុង​ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ាត់ កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​ឆ្នាំ​២០២០​។​

​ប្រជាពលរដ្ឋ​ទាំង ៣៥៥​គ្រួសារ ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ ៣០​គីឡូក្រាម មី​១​កេស ទឹកត្រី​ម​១​យួរ ត្រីខកំប៉ុង​១​យួរ ទឹកបរិសុទ្ធ​១​កេស និង​មុង​ជ្រលក់​ថ្នាំ ១​ផងដែរ​។​

​អភិបាល​ខេត្តស្ទឹត្រែង លោក ម៉ុម សារឿ​ន បាន​សម្តែង​ការសោកស្តាយ ដែល​ប្រជាពលរដ្ឋ​ទាំងអស់ បាន​ជួប​គ្រោះទឹកជំនន់​នា​ពេលកន្លងមក ដែល​បាន​បង្ក​ការខូចខាត​ផលដំណាំ​យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ក្នុង​ជីវភាព​។ លោក​អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យខិត​ខំ​បង្កបង្កើន​ផល ដាំ​ដំណាំ​រួមផ្សំ និង​ការ​ចិញ្ចឹមសត្វ ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ បាន​ល្អប្រសើរ​ឡើងវិញ ។​

​គួរបញ្ជាក់​ថា ខេត្ត​ស្ទឹងត្រែង នៅក្នុង​ពេល​ជួប​គ្រោះទឹកជំនន់​កន្លងមក​នោះ បាន​ធ្វើឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ ៣២៧​ហិច​តា ខូចខាត ១៧១​ហិច​តា ប៉ះពាល់​ដំណាំ​រួមផ្សំ ៣០​ហិច​តា ខូចខាត ២២​ហិច​តា និង​ការរង​ផលប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ សាលារៀន និង​វត្ត​អា​រ៉ា​ម ជាច្រើន​កន្លែង ផងដែរ​។​

​ដោយឡែក នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ បាន​រង​ផលប៉ះពាល់​លើ ១៣​ភូមិ និង ៥​ឃុំ លិច​ផ្ទះ​ប្រជា ពលរដ្ឋ ៨៥១​ខ្នង ស្មើនឹង ៩២៣​គ្រួសារ ស្មើនឹង ៣​ពាន់ ៣៧៧​នាក់ ជម្លៀស​ប្រជាពលរដ្ឋ ទៅ​ទីទួល​សុវត្ថិភាព ៥៥​គ្រួសារ ស្មើនឹង ១៦៨​នាក់ ៕