ពិធី​ប្រគល់ និង​ទទួល​ម៉ាស៊ីន​វេច​ខ្ចប់ “​ម្រេច​កំពត​” និង​ការបញ្ជាទិញ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” ពី​ផលិតករ​លក្ខណៈ​គ្រួសារ​ខ្នាតតូច របស់​ស្ថានទូត​សាធារណរដ្ឋ​ឆែក និង​ក្រុមហ៊ុន EU land and Pepper

រសៀល​.​ថ្ងៃ​សុក្រ ១២​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ម៉ាស៊ីន​វេច​ខ្ចប់ “​ម្រេច​កំពត​” និង​ការបញ្ជាទិញ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” ពី​ផលិតករ​លក្ខណៈ​គ្រួសារ​ខ្នាតតូច របស់​ស្ថានទូត​សាធារណរដ្ឋ​ឆែក និង​ក្រុមហ៊ុន EU land and Pepper ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។​

​ពិធី​ប្រគល់​ទទួល​នេះ ធ្វើឡើង​នៅ​ស្នាក់ការ​សមាគម​លើកកម្ពស់​ម្រេច​កំពត ស្ថិតនៅ​ភូមិ​អង្គរជ័យ​ទី​១ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដោយ​មាន​សមាសភាព​ចូលរួម​ពី​៖ ភារធារី នៃ​ស្ថានទូត​ឆែក និង​ជា​អគ្គរដ្ឋទូត​ស្តីទី សាធារណរដ្ឋ​ឆែក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត គណៈ​អភិបាលស្រុក នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត តំណាង​ក្រុមហ៊ុន EU Land and Pepper និង​សមាជិកសមាគម​ម្រេច​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ ឯកឧត្តម អភិបាលខេត្ត មាន​ប្រសា​សន៌ថា ៖ កត្តា​ភូមិសាស្ត្រ​បាន​ផ្ដល់ឲ្យ​ខេត្ត​កំពត មាន​ផលិតផល​សក្តានុពល​ជាច្រើន រួមមាន ស្រូវ ធុរេ​ន ស្វាយ ចេកអំបូង​លឿង អំបិល ផ្កា​អំបិល ផលិតផល​សមុទ្រ​ស្រស់ និង​ស៊ីម៉ង់ត៍ ផលិតផល​ទាំងអស់​សុទ្ធតែ​ជា​មាន សក្តានុពល​សម្រាប់​ការនាំចេញ ដោយឡែក​ដំណាំ​ម្រេច មាន​សមាគម​ម្រេច​ដែល​មាន​សមាជិក​ចំនួន​៤៥០​គ្រួសារ និង​មាន​ផ្ទៃ​ដី​ដាំ​ដុះ​សរុប ២៩០​ហិច​តា គ្របដណ្ដប់​លើ​ស្រុក​៤ របស់​ខេត្ត​កំពត សព្វថ្ងៃនេះ មាន​ក្រុមហ៊ុន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ចំនួន​៣៨​ក្រុមហ៊ុន​កំពុង​ដំណើរការ​ទិញ​លក់​ម្រេច​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​ក្រៅ​ស្រុក ចំពោះ​ការប្រគល់ និង​ទទួល​ម៉ាស៊ីន​វេច​ខ្ចប់ “​ម្រេច​កំពត​” និង​ការបញ្ជាទិញ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” ពី​ផលិតករ​លក្ខណៈ​គ្រួសារ​ខ្នាតតូច របស់​ស្ថានទូត​សាធារណរដ្ឋ​ឆែក និង​ក្រុមហ៊ុន EU land and Pepper ពិតជា​បាន​លើកទឹកចិត្ត​ទៅ​កសិករ​ដាំ​ម្រេច​លក្ខណៈ​គ្រួសារ​ខ្នាត​តូច​របស់​សមាគម​ម្រេច​កំពត​។​

​ជាមួយ​នេះ​ផង​ដែរ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងអំណរគុណ​ចំពោះ ស្ថានទូត​សាធារណរដ្ឋ​ឆែក និង​ក្រុមហ៊ុន EU land and Pepper ដែលឧ​ប​ត្ត​ម្ភ​ម៉ាស៊ីន​វេច​ខ្ចប់ “​ម្រេច​កំពត​” និង​ការបញ្ជាទិញ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” ពី​ផលិតករ​លក្ខណៈ​គ្រួសារ​ខ្នាតតូច នូវ​ឆ្នាំ​ដំបូង​ចំនួន ១០​តោន និង​ឆ្នាំ​បន្ទាប់​ចំនួន ២០​តោន​។
​ទន្ទឹម​នោះ ឯកឧត្តម រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ដល់​ផលិត​ករ និង​ប្រតិបត្តិ​ករទាំង​អស់នៃ​សមាគម​ម្រេច​កំពត ត្រូវគោរព និង​ប្រតិបត្តិ​តាម​សៀវ​បន្ទុក​ម្រេច​កំពត​ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​លើកកម្ពស់​ការប្រកួតប្រជែង រក្សា​កេរ្តិ៍ឈ្មោះ និង​គុណភាព នៃ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” បង្កើន​ទំនុកចិត្ត​ចំពោះ​អតិថិជន ដោយ​សំដៅ​ដល់​ការបង្កើន​បញ្ជា​ទិញ និង​ទីផ្សារ​នៅ​នឹង​កន្លែង​សម្រាប់​លក់ដុំ និង​លក់រាយ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ម្រេច​កំពត ឲ្យក្លាយ​ជា​គោលដៅ​ទេសចរណ៌​៕