រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សា​ដែល​កំពុង​ដំណើរការ​សាងសង់ នៅតាម​បណ្តោយ​ដង​ស្ទឹងសែន ក្នុង​ខេត្ត​ព្រះវិហារ !

ដោយ​៖​ឡុង សំបូរ​
​ខេត្ត​ព្រះវិហារ ៖ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​ដឹកនាំ​គណៈប្រតិភូ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ជាន់ខ្ពស់​របស់​ក្រសួង ដោយ​មាន​ការចូលរួម​ពី អភិបាលរង​ខេត្ត​ព្រះវិហារ លោក ស៊ូ សិរី តំណាង​អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សា ដែល​បាន និង​កំពុង​ដំណើរការ​សាងសង់ ស្ថិតនៅតាម​បណ្តោយ​ស្ទឹងសែន ជាប់​ព្រំប្រទល់​ស្រុក​ពីរ គឺ​ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​២៤​មិថុនា​ឆ្នាំ​២០២០ ម្សិលមិញ​នេះ​។​

​អភិបាលរង​ខេត្ត​ព្រះវិហារ លោក ស៊ូ សិរី បាន​មានប្រសាសន៍​អោយដឹងថា គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សា បានចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ថ្ងៃទី​១ វិច្ឆិកា ឆ្នាំ​២០១៩ នោះមក ដែល​ស្ថាបនា​ឡើង​ដោយ​ក្រុមហ៊ុន ចំនួន​២ គឺ​ក្រុមហ៊ុន​The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ហើយ​រហូត​មកដល់ពេលនេះ​មាន​រយះពេល​ជិត​៨​ខែ​ហើយ​ដោយ​សម្រេច​ការងារ​សាងសង់​បាន​ប្រមាណ ៤១,៥​ភាគរយ នោះ​ហើយ​។ លោក ស៊ូ សិរី មានប្រសាសន៍​ទៀត​ថា ក្រុមហ៊ុន​ទាំង​ពីរ បាន​ខិតខំ​រួមគ្នា ស្ថាបនា​ទំនប់​អាងទឹក​រក្សា​នេះ ទៅតាម​គោលការណ៍ និង​លក្ខខ័ន្ត ដោយ​ត្រូវ​បន្ត​អនុវត្ត​គម្រោង​សាងសង់ ដូចជា សាងសង់​ទំនប់​បេតុង មាន​ប្រវែង ៥០ ម៉ែត្រ ទទឹង​ខ្នង​លើ​ទំហំ ៧ ម៉ែត្រ មាន​កម្ពស់​អតិបរិមា ២៤,៥ ម៉ែត្រ និង​សាងសង់​សំណង់​ទ្វារ​ទឹក​៣ កន្លែង ដោយ​ទ្វារ​ទឹក​នីមួយៗ​មាន​ទទឹង​ទំហំ ៤ ម៉ែត្រ និង​បណ្តោយ​ប្រវែង​៤ ម៉ែត្រ​,​សាងសង់​ទំនប់​ដី នៅ​ផ្នែក​ខាងឆ្វេង មាន​ប្រវែង ៩៩៨,៦ ម៉ែត្រ ទទឹង​ខ្នង​លើ​ទំហំ ៧ ម៉ែត្រ និង​មាន​កម្ពស់​អតិបរិមា ១១ ម៉ែត្រ​,​សាងសង់​ទំនប់​ដី នៅ​ផ្នែក​ខាងស្តាំ មាន​ប្រវែង ១​ពាន់ ៦៥៦,៤ ម៉ែត្រ ទទឹង​ខ្នង​លើ​ទំហំ ៧ ម៉ែត្រ មាន​កម្ពស់​អតិបរិមា ១១ ម៉ែត្រ​, សង់​ទំនប់​ដី​រង មាន​ប្រវែង​សំណង់​សរុប ៦៥៥ ម៉ែត្រ ទទឹង​ខ្នង​លើ​ទំហំ ៧ ម៉ែត្រ មាន​កម្ពស់​អតិបរិមា ៧ ម៉ែត្រ​,​សាងសង់​សំណង់​បង្ហៀរ មាន​ប្រវែង​សំណង់​សរុប ២៥១ ម៉ែត្រ ទទឹង​ខ្នង​លើ​ទំហំ ៧ ម៉ែត្រ មាន​កម្ពស់​អតិបរិមា ២៤,៥ ម៉ែត្រ និង​មាន​ទ្វារ​ទឹក​សរុប ២០ កន្លែង ដោយ​ទ្វារ​ទឹក​នីមួយៗ​មាន​ទំហំ​ទទឹង ១០ ម៉ែត្រ និង​បណ្តោយ​ប្រវែង ១៤,៥ ម៉ែត្រ​។​

​អភិបាលរង​ខេត្ត​ព្រះវិហារ លោក ស៊ូ សិរី បាន​ថ្លែង​បញ្ជាក់ថា ក្រោយ​បញ្ចប់​ការសាងសង់​រួច ទំនប់​អាងទឹក​រក្សា អាច​ស្តុក​ទឹក​បាន​ចំនួន​ប្រមាណ ២៥៦,៩ លាន​ម៉ែត្រគូប និង​អាច​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​សម្រាប់​បង្កើន​ផលិតផល​កសិកម្ម លើ​ផ្ទៃដី​ទំហំ​ប្រមាណ ១៤៣​ពាន់​៣២៣ ហិកតា សម្រាប់​នៅ​ក្នុង​រដូវវស្សា និង​ប្រមាណ ២២​ពាន់ ៨៧៨ ហិកតា សម្រាប់​នៅ​រដូវប្រាំង​ហើយ​ទំនប់​អាងទឹក​រក្សា​នេះ​ថ្វីបើ​មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត​ព្រះវិហារ ប៉ុន្តែ លទ្ធភាព នៃ​ការស្រោចស្រព​ភាគច្រើន គឺ​ស្ថិតនៅក្នុង​ខេត្ត​កំពង់ធំ ដែល​ជា​ខេត្ត​មាន​ព្រំប្រទល់ ជាប់​ខេត្តព្រះវិហារ​។ លោក ស៊ូ សិរី បាន​បញ្ជាក់ទៀតថា «​ទំនប់​អាងទឹក​រក្សា​» គឺជា​សំណង់​ដ៏​មាន​សារៈសំខាន់​មួយ ព្រោះ​ត្បិត អាង​ស្តុក​ទឹក​មួយ​នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការកាត់បន្ថយ​នូវ​គ្រោះទឹកជំនន់ និង​ការផ្គត់ផ្គង់​ទឹកស្អាត តាម​តំបន់​មួយចំនួន​នៅ​ផ្នែក​ខាងក្រោម ព្រមទាំង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ ។​

​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ការងារ​ដែល​សម្រេច​តាម​ផែនការ​គ្រោងទុក ក្រោម​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​រវាង​ក្រុម​ការងារ​អនុវត្ត​គម្រោង មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​។ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ ណែនាំ​បន្ថែម​លើ​ការងារ​ដែល​ត្រូវ​អនុវត្ត​បន្ត ដើម្បី​ធានា​គុណភាព​សំណង់​មាន​ភាពរឹងមាំ​យូរអង្វែង សម្រាប់​បម្រើ​ជា​ប្រយោជន៍​ដល់​ការងារ​បង្កបង្កើនផល និង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ ។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចាត់ទុក​គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សារ​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ខេត្ត​ព្រះវិហារ ដែល​កើតឡើង​ក្រោម​ការដឹកនាំ​ប្រកបដោយ គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ និង​បច្ចុប្បន្ន ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​ក្នុង​ភាពសុខដុមរមនា ក្រោម​ដំបូល នៃ​សុខសន្តិភាព​៕