​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ស្ទឹងត្រែង ចុះបង្ក្រាប និង​ដកហូត​បាន​ឈើ ជាង​១៤០​សន្លឹក ដែល​ឈ្មួញ​បាន​ដឹក​ជញ្ជូន​យក​មក​លាក់ទុក នៅ​ក្នុង​ស្រះ​ទឹក​មួយ ស្ថិតក្នុង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ជាប់​ព្រំដែន​ឡាវ !

​ដោយ​៖​ឡុង សំបូរ​
​ខេត្ត​ស្ទឹងត្រែង​៖ ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង លោក វង្ស សាវ៉ាត បាន​ដឹកនាំ​មន្ត្រី នៃ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត និង​មន្ត្រី​នៅក្នុង​មូលដ្ឋាន ចុះបង្ក្រាប និង​ដ​ហូត​ឈើ ប្រភេទ​លេខ​១ បាន​ប្រមាណ​ជាង ១៤០​សន្លឹក ដែល​ឈើ​ទាំងនោះ ត្រូវ​គេ​ដឹងថា ឈ្មួញ​បាន​ដឹកជញ្ជូន​យក​មក​លាក់ទុក នៅ​ក្នុង​ស្រះ​ទឹក​មួយ ហើយ​ឈ្មួញ​បាន​ត្រៀម​ដឹក​តាម​មធ្យោបាយ​រថយន្ត​គ្រប់​ប្រភេទ នាំយក​ទៅ​លក់​នៅ​ក្រៅ​រង្វង់​ដែនដី​ខេត្ត​ស្ទឹងត្រែង​។​

ប៉ុន្តែ ឈើ​ទាំង​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប កាលពី​ថ្ងៃ​ទី​២៤​មិថុនា​ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ដង​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ឬ​ទ្ធី​សែន​ជ័យ​២« ភូមិ​ឧបសម្ព័ន្ធ » ឃុំ​អូរ​ស្វាយ ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ ខេត្ត​ស្ទឹងត្រែង​។​

​មន្ត្រី​នៅ​ក្នុង​ការបង្ក្រាប​ឈើ​នោះ បាន​និយាយថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ឈើ​ល្មើសច្បាប់​នេះ បាន​ធ្វើឡើង​ក្រោម​កិច្ចសហការ រវាង​កម្លាំង​កងរាជអាវុធហត្ថ និង​មន្ត្រី​ព្រៃឈើ​ខេត្ត ដឹកនាំ​ការបង្ក្រាប ដោយ​ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត លោក វង្ស សាវ៉ាត​។ លោក​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច បាន​រឹង​អូស​ឈើ​លេខ​១ ប្រភេទ​ឈើ​ផ្ចឹក បាន​ចំនួន ១៤៤​សន្លឹក​ស្មើ​នឹង​៨,៨១៨​ម៉ែត្រគូប ឈើ​ទាំង​នេះ​គ្មាន​ច្បាស់​នោះទេ ដោយ​គេ​សង្ស័យថា ឈ្មួញ​បាន​ដឹកឈើ​ទាំង​នេះ ចេញពី​ស្រុក​សៀម​ប៉ាង យក​មក​លាក់ទុក​ក្នុង​ស្រះ​ទឹក​មួយ នៅក្នុង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដោយ​រង់ចាំ​ឧិ​កាសល្អ ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​បន្ត យកទៅលក់​នៅ​ក្រៅ​រង្វង់​ដែនដី​ខេត្ត​ស្ទឹងត្រែង​។ ក្រោយ​ការបង្ក្រាប និង​រឹបអូស​នោះមក ឈើ​ទាំង ១៤៤​សន្លឹក ត្រូវបាន​ដឹក​ជញ្ជូន​យក​មក​រក្សាទុក នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡ នៃ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង​។​

​ដោយឡែក នៅក្នុង​ខេត្ត​ព្រះវិហារ ឯនោះ​វិញ កម្លាំង​កងរាជអាវុធហត្ថ បាន​សហការ​ជាមួយ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត ចុះបង្ក្រាប និង​រឹបអូស​ឈើ នៅក្នុង​រោង​សិប្បកម្ម​គ្មាន​ច្បាប់​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​អូរ​ជុ​ញ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត​កាលពី​ថ្ងៃ​ទី​២៤​មិថុនា​ឆ្នាំ​២០២០​។ ការបង្ក្រាប​ឈើ​នេះ សមត្ថកិច្ច​មិន​បាន​ប្រាប់​ពី​ចំនួន​ឈើ​ជាក់លាក់ ដែល​ដកហូត​បាន​នោះ​ទេ ប៉ុន្តែ នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត លោក នួន សុខុម បាន​ប្រាប់​អោយដឹងថា ឈើ​ដែល​ដកហូត​បាន​នោះ មាន​ជាច្រើន​ប្រភេទ និង​ច្រើន​ម៉ែត្រគូប ដោយ​ពុំ​ទាន់​បាន​វាស់វែង ព្រមទាំង​ដកហូត​បាន​ម៉ាស៊ីន​កែច្នៃ​ឈើ ថែម​ទៀត ហើយ​ម្ចាស់​សិប្បកម្ម​នេះ ត្រូវ​គេ​ស្គាល់ ឈ្មោះ យាយ គម ។​

​នៅក្រោយ​ការបង្ក្រាប វត្ថុតាង​បទល្មើស ទាំង​ឈើ និង​ម៉ាស៊ីន​កែច្នៃ​ឈើ ត្រូវបាន​នាំយក​មក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ដើម្បី​កសាង​សំនុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕