​ខ្មាន់កាំភ្លើង​ជា​តៃកុង​រថយន្ត បាញ់​សំដៅ​មក​សមត្ថកិច្ច​៧​គ្រាប់​ត្រូវបាន​ចាប់ខ្លួន

កណ្តាល ៖ នៅ​ទីបំផុត​បុរស​ជា​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​បាញ់​នគរបាល​ប៉ុស្តិ៍​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ធ្វើការ​ឃាត់ខ្លួន ក្រោម​ការដឹកនាំ​និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល នៅ​យប់​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០២១​នេះ ក្រោយពី​ធ្វើ​ការឡោមព័ទ្ធ​។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​របស់​ស្នងការដ្ឋាន​គ​របាល​ខេត្ត​កណ្តាល​បានអោយដឹងថា​៖ មាន​ករណី​រថយន្ត​ដឹក​ទំនិញ​មួយគ្រឿង បាន​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាលឲ្យ​រង​ការខូច​ខាត​នៅ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ពេលនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​អ្នកបើករថយន្ត​មក​ដោះស្រាយ​គ្នា​។​តែ​ពេល​ដែល​កំពុង​សួរនាំ​នោះ ស្រាប់តែ​ជនល្មើស​បាន​រត់​ចូលទៅក្នុង​បន្ទប់​នគរបាល​ប៉ុស្តិ៍​ហើយ​ចាក់សោរ​។ រួច​ក៏​យក​កាំភ្លើង​ដែល​ទុក​នៅ​ក្នុង​បន្ទប់​នោះ បាញ់​ចេញមកក្រៅ​សំដៅ​មក​លើ​កងកម្លាំង​នគរបាល​ចំនួន​៧​គ្រាប់ ប៉ុន្តែ​សំណាងល្អ​មិន​មាន​នរណា​ម្នាក់​រងរ​បួស​នោះឡើយ​។​

​ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង លោក​ឧត្តមសេនីយ៌ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​អន្តរាគមន៍​នៅ​កន្លែង​នោះ និង​ធ្វើ​ការឡោមព័ទ្ធ​ដោយ​ប្រើ​យុទ្ធសាស្ត្រ​ផ្សេងៗ រហូត​ចាប់ខ្លួនបាន​ជនល្មើស​នៅ​វេលា​យប់​ម៉ោង​២២​និង​១០​នាទី​ថ្ងៃ​ដដែល​។​

​ជន​បង្ក​មាន​ឈ្មោះ ពៅ ហេង អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល មុខរបរ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ឲ្យ​ក្រុមហ៊ុន​។​

​តាម​ការ​សួរនាំ​និង​ធ្វើតេស្ត​ទឹកនោម​ឃើញ​ថា​ជន​នេះ​មាន​ការប្រើប្រាស់​គ្រឿងញៀន​។​

​ខ្មាន់កាំភ្លើង​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕