មនុស្ស ប្រុស ស្រី ៨​នាក់​ត្រូវបាន​ឃាត់​ខ្លួន​ដោយសារ​ប្រព្រឹត្ត​ល្បែងស៊ីសង​

​ខេត្ត​កំពង់ធំ ៖ លោក​សាយ វាសនា ព្រះរាជអាជ្ញារង អយ្យការ​អម​សាលាដំបូង ខេត្ត​កំពង់ធំ បាន​ដឹកនាំ មន្ត្រី​កងរាជអាវុធហត្ថ ចំនួន ១២ នាក់ បង្ក្រាប​បន​ល្បែងស៊ីសង និង​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី ប្រាំ​បីនាក់ កាលពី​រសៀល​ថ្ងៃ​ទី ២៤ ខែមិថុនា ឆ្នាំ ២០២០​ស្ថិតនៅ ភូមិ​ថ្មសំលៀង ឃុំ​ក្រយៀ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។​

​លោក​សាយ​.​វាសនា ព្រះរាជអាជ្ញារង បានបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ បង្ក្រាប​បន​ល្បែងស៊ីសង ត្រូវបាន​បញ្ជា​ពី​លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​កំពង់ធំ ក្រោយពី​ទទួលបាន ការ​សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​សមត្ថកិច្ច បង្ក្រាប​បន​ល្បែងស៊ីសង នៅក្នុង មូលដ្ឋាន ដែល កំពុងតែ បង្វក់​ស្មារតី ឲ្យ​ស្ត្រី​មេផ្ទះ ក្លាយ ជា ស្ត្រី នៅក្នុង វង់ បន​ល្បែង ។

​សូមបញ្ជាក់​ថា សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្ត​កំពង់ធំ ដែល​ត្រូវបាន​ដឹកនាំ​បង្ក្រាប បន​ល្បែងស៊ីសង ដោយ​លោក​សាយ​.​វាសនា ព្រះរាជអាជ្ញារង និង​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី ចំនួន ៨ នាក់ ក្នុងនោះ​ប្រុស​១​នាក់​, បៀ​៣​ហ៊ូ​,​ក្រដាស​ឆ្នោត​ឡូតូ ១០​សន្លឹក​, ម៉ូតូ ៤​គ្រឿង សម្រាប់​វត្ថុ​តាង ត្រូវបាន​នាំយក​មក​រក្សាទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​កំពង់ធំ ចំណែក​មនុស្ស ត្រូវបាន​អបរំ​ណែនាំ ហើយ​ឲ្យទៅ​ផ្ទះ​វិញ​។

​មហាជន បាន​សំដែង​នូវ​ការ​សាទរ ចំពោះ​ការអនុវត្ត​ច្បាប់ របស់​ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បង្ក្រាប​នៅ​ល្បែងស៊ីសង គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន ក្នុង​ខេត្ត​កំពង់ធំ ដើម្បី​អនុវត្ត នូវ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច របស់​រាជរដ្ឋាភិបាល និង​ការពារ បទល្មើស​ចោរលួច​ចោរប្លន់ ដែល​កើតឡើង ពី​ល្បែងស៊ីសង​៕
​ដោយ ប៊ុន រដ្ឋា​