
ជូនមិត្តភ័ក្តទៅផ្ទះវិញ ទាំងស្រវឹងស្រាខ្លាំង ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់រួមនិងមិត្តភ័ក្ត៤ទៅ៥នាក់ បានចេញពីផឹកស៊ីនៅក្រុងតាខ្មៅហើយឡើងមកចាក់អង្រែក្រោមវិញ ដោយសារតៃកុងស្រវឹងខ្លាំងពេកក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបើកគេច ធ្វើឲ្យកង់រថយន្តចំហៀងខាងឆ្វេងទាំងមុខនិងក្រោយបែកទាំង២ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោងវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមសម្ដីតៃកុងរថយន្តបង្កម៉ាក TriTon ពណ៌ខ្មៅ ពាក់ស្លាកលេខចង្កូតស្ដាំ PP-9889 បានប្រាប់អ្នកសារព័ត៌មានទាំងស្រវឹងថា មុនពេលកើតហេតុ រូបគាត់និងមិត្តភ័ក្ត៤-៥នាក់បានចេញពីផឹកស៊ីនៅក្រុងតាខ្មៅ ហើយរូបគាត់ក៏ជូនមិត្តភ័ក្តមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខណ:មិនទាន់ដល់គោលដៅផងក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តក៏បែកកង់មុខផងដែរ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីបង្កហេតុរួច តៃកុងរថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុប្រហែល៥០០ម៉ែត្រ ទាំងបែកកង់មុខ និងកង់ក្រោយ ធ្វើឲ្យផ្អើលដល់អ្នកដំណើររាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកឃាត់រថយន្តបង្កតែម្ដង ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ចំណែកតៃកុងរថយន្តបង្កសមត្ថកិច្ចមិនឃាត់ខ្លួនទេ ដោយសារតែមិនបង្កឲ្យមនុស្សរងរបួស ៕