​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ចូលរួម​អភិរក្ស​ធនធានធម្មជាតិ ត្រូវ​បញ្ឈប់​ការកាប់​ឈើ និង​ការ​បរ​បាញ់សម្លាប់ ចាប់​សត្វ​ព្រៃ​យក​ទៅ​ធ្វើ​ជំនួញ ដោយ​ខុសច្បាប​ប់ត​ទៅទៀត !

​ខេត្ត​ព្រះវិហារ​៖ ប្រសាសន៍​អំពាវនាវ​របស់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ បាន​ថ្លែង ក្នុង​គ្រា​ដែល​លោក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ជួប​ពិភាក្សា​មួយ រវាង​ក្រសួង​បរិស្ថាន អាជ្ញាធរខេត្ត និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះវិហារ ដែល​មាន​ការអញ្ជើញ​ចូលរួម ពី​ប្រតិភូ​អមដំណើរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ឡុង សុវណ្ណ ,​អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ,​អាជ្ញាធរ​ស្រុក ,​មន្ទីរ អង្គភាព និង​កងកម្លាំង​ទាំង​៣ នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០២១​នេះ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ស្ថិតក្នុង​ភូមិ​អូ​ពោធិ៍ ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​ប្រធានបទ​ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​នាពេលនោះ គឺ​ផ្តោត​សំខាន់​លើ​ការ​កាន់កាប់​ដី​អាស្រ័យ​ផល របស់​ប្រជាពលរដ្ឋ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ «​ភ្នំ​ត្នោត ភ្នំ​ពក​» ស្ថិតក្នុង​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ,​ការអភិរក្ស​ធនធាន​ធម្មជាតិ ការទប់ស្កាត់​ការ​បរបាញ់​សត្វព្រៃ និង​ការ​ព្រៃឈើ​ធ្វើ​ជំនួញ​ជាដើម​។​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ មានប្រសាសន៍​ក្រើនរំលឹក ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​មូលដ្ឋាន ត្រូវ​បន្ត​រឹតបន្តឹង​លើ​ការការពារ អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ​ឲ្យបាន​ម៉ត់ច​ត់​បំផុត មិន​ត្រូវ​បណ្តែតបណ្តោយ​ឲ្យមាន​កា​រចូល​បំផ្លិចបំផ្លាញ​តទៅ​ទៀត​ឡើយ​។ ចំណែក ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះ​វិញ ក៏​ត្រូវ​បញ្ឈប់​ការបង្ក​ទំនាស់​លើ​រឿង​ដីធ្លី ការកាប់​រុករាន​ទន្ទ្រាន​ដី​រដ្ឋ​ជា​កម្មសិទ្ធិ ការ​បរ​បាញ់សម្លាប់ និង​ចាប់​សត្វព្រៃ​គ្រប់​ប្រភេទ និង​ការកាប់​ឈើ​យក​ទៅ​ធ្វើ​ជំនួញ ដោយ​ខុសច្បាប់ ហើយ​ត្រូវ​ចូលរួម​អភិរក្ស​ធនធាន​ព្រៃឈើ ឲ្យបាន​គង់វង្ស​។ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​បង្វែរ​មុខរបរ​ពី​ការកាប់​រាន​ដីព្រៃ ការកាប់​ឈើ និង​ការ​បរបាញ់​សត្វព្រៃ​យក​ទៅ​ធ្វើ​ជំនួញ​ដោយ​ខុសច្បាប់ មក​បង្កើត​មុខរបរ​ថ្មី លើ​ការ​ចិញ្ចឹមសត្វ​ជំនួស​វិញ ដើម្បី​ជួយ​បង្កើន​ជីវភាព​ឲ្យ​ធូរធា និង​រស់នៅ​ប្រកប​ដោយ​សុច្ចរិត​ភាព ហើយក៏​មិន​ប្រឈម​នឹង​ការដាក់ទោសទណ្ឌ​នោះដែរ​។ លោក​រដ្ឋមន្ត្រី បាន​ផ្តល់​ការណែនាំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ជ្រើសរើស​យក​សត្វ​មក​ចិញ្ចឹម​កាប់​យក​សាច់​លក់ ដូចជា សត្វ​គោ ក្របី ពិសេស សត្វ​ចៀម និង​សត្វ​ពពែ សត្វ​ជាច្រើន​ប្រភេទ​ទាំង​នេះ អាច​ចិញ្ចឹម​នៅក្នុង​ដែន​ព្រៃ​សហគមន៍​បាន​យ៉ាង​ងាយ ប៉ុន្តែ ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការថែទាំ តែ​វា​បាន​ផ្តល់​ផល​ចំណេញ​ច្រើន ចំពោះ​ចំណី​សត្វ និង​សត្វ​ដែល​ត្រូវ​ចិញ្ចឹម នឹង​ត្រូវបាន​ផ្ដល់ជូន ដោយ​មិន​គិត​ថវិកា​នោះឡើយ​។​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះ បើ​មាន​អាវុធ​កែច្នៃ​ទុក​សម្រាប់​បរ​បាញ់សម្លាប់​សត្វព្រៃ ហើយ​មាន​ការ​ភ្ញាក់រលឹក​យក​អាវុធ​នោះ មក​ប្រគល់ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​មន្ត្រី​ឧទ្យានុ​រ​ក្ស​ក្នុង​មូលដ្ឋាន អាវុធ​កែច្នៃ ១​ដើម លោក​រដ្ឋមន្ត្រី​នឹង​ផ្តល់ជូន​អង្ករ ១​បេ តែ​បើ​មនុស្ស​ដដែល​យក​អាវុធ​នោះ មក​ដូរ​យក​អង្ករ​នៅពេល​ក្រោយ​ទៀត បុគ្គល​នោះ​នឹង​ក្លាយជា​ជនមានទោស ព្រោះ​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។ ដូច្នេះ ដើម្បី​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​ឲ្យបាន​គង់វង្ស​ទាំងអស់គ្នា បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​បញ្ឈប់​ការកាប់​ឈើ និង​បរបាញ់​សម្លាប់​សត្វព្រៃ​តទៅទៀត​។

​លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បាន​សន្យាថា នឹង​ធ្វើ​ការដោះដូរ​ដី​សហគមន៍ ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្តែង ឲ្យ​ម​រស់នៅ​លើ​ដី​បម្រុង​ទុក​របស់​រដ្ឋ​វិញ ដែល​នៅ​ជិត​ដី​បម្រុង​ទុក​នោះ អាជ្ញាធរ​នឹង​មាន​រៀបចំ​ជា មន្ទីរពេទ្យ សាលារៀន និង​វត្ត​អារាម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ដោយ​ស្របច្បាប់​៕