ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ផ្តល់​ថវិកា​ចូលរួម​បុណ្យសព​ជនរងគ្រោះ​ជាន់​មីន​នៅ​បន្ទាយមានជ័យ​

​បន្ទាយមានជ័យ ៖ បុរស​ចំណាស់​ដែល​រងគ្រោះ​ជាន់មីន​ដាច់​ជើង​ទាំងពីរ​បាន​ស្លាប់​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០២០ ក្រោយ​ពី​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​ខិតខំ​ជួយសង្គ្រោះ​។​

​តាម​សម្តី​ក្រុម​គ្រូពេទ្យ​បាន​និយាយថា ពួក​គាត់​ខិតខំ​ជួយ​អស់​លទ្ធភាព​ហើយ តែ​ដោយ​ស្ថានភាព​ជនរងគ្រោះ មាន​សភាព​ធ្ងន់ធ្ងរ​ពេក នឹង​បាត់បង់​អស់​ឈាម​ច្រើន​។​

​គួររំលឹកថា បុរស​ចំណាស់​ដែល​រងគ្រោះ​មានឈ្មោះ ញ៉ែម សឹម អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​។​គាត់​រងគ្រោះ​ជាន់​មីន​ប្រភេទ​កា​៥៨( K58)​ពេល​ដែល​ចូល​ព្រៃ​ដាក់​អន្ទាក់​សត្វ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣​ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​បង្គោល​ព្រំដែន​កម្ពុជា​-​ថៃ លេខ​៤៨ ស្ថិត​ភូមិ​ទំនប់​ដាច់​.​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ដ បន្ទាយមានជ័យ​។​ក្រោយ​រងគ្រោះ​ក្រុមគ្រួសារ​បាន​បញ្ជូន​ភ្លាមៗ​មកកាន់​មន្ទីរពេទ្យ​។​

​ជួប​ជាមួយ​អាជ្ញាធរ​ភូមិ​ជោគជ័យ​បាន​អោយ​អ្នកយក​ព័ត៌មាន​ដឹងថា គ្រួសារ​ជនរងគ្រោះ​មាន​ជីវភាព​ខ្វះខាត រស់​ពឹងផ្អែក​លើ​ការ​ដាក់​អន្ទាក់​សត្វ​ដើម្បី​ធ្វើ​ម្ហូប​និង​លក់​យក​លុយ​ខ្លះ​។​កន្លងមក​គាត់​តែង​ចេញ​ចូល​ព្រៃ​កើតហេតុ​ដើម្បី​ដាក់​អន្ទាក់ មិន​ដែល​មាន​បញ្ហា​នោះ​ទេ ។​អាជ្ញាធរ​ភូមិ​បញ្ជាក់បន្ថែម​ថា​ព្រៃ​កើត​ហេតុ​ជា​ព្រៃ​ដែល​ពោរពេញ​ទៅដោយ​គ្រាប់មីន​បន្សល់​ពី​សម័យ​សង្ក្រាម​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ការស្លាប់​របស់​ជនរងគ្រោះ លោក​វរសេនីយ៍ឯក មាស ប៊ុន​រុន មេបញ្ជាការរង នាយសេនាធិការ តំណាង​លោក​ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ បាន​នាំយក​ថវិកា​របស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងទ័ពជើងគោក​ចំនួន​៣​លាន​រៀល​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​និង​សម្រាល​ទុក្ខ​លំបាក​ជាមួយ​ក្រុម​គ្រួសារ​។​ក្នុងនោះ​ថវិកា​របស់​អង្គភាព​សឹក​រង​ក៏​បាន​ចូល​ក្នុង​ពិធីបុណ្យ​ចំនួន​២០​ម៉ឺន​ផងដែរ ៕